Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សភាពាណិជ្ជកម្មកម្ពុជាដឹកនាំគណៈប្រតិភូធុរកិច្ចទៅកាន់ប្រទេសវៀតណាម ដើម្បីជំរុញពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគី

រាជធានីភ្នំពេញ ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា នឹងដឹកនាំគណៈប្រតិភូធុរកិច្ចជាន់ខ្ពស់ទៅកាន់ទីក្រុងហូជីមិញ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៥។ ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងចំណងសេដ្ឋកិច្ច ជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ព្រមទាំងស្វែងរកទីផ្សារកាន់តែទូលំទូលាយសម្រាប់ផលិតផលកម្ពុជា។

កម្មវិធីនៃដំណើរទស្សនកិច្ចនេះ បង្កលក្ខណៈឲ្យគណៈប្រតិភូទទួលបាននូវកាលានុវត្តភាព និងការផ្សាភ្ជាប់ទំនាក់ទំនងជាអតិបរមា។ ក្នុងនោះ ព្រឹត្តិការណ៍ដ៏សំខាន់មួយ គឺ សន្និសីទបណ្តាញធុរកិច្ចវៀតណាម-កម្ពុជា ដែលរំពឹងថានឹងមានការចូលរួមពីធុរជន និងវិនិយោគិនយ៉ាងច្រើនពីប្រទេសទាំងពីរ។ សន្និសីទនេះនឹងដើរតួនាទីជាវេទិកាដ៏សំខាន់សម្រាប់ការចូលរួមដោយផ្ទាល់ សម្រួលដល់ការពិភាក្សារកដៃគូសក្តានុពល ការបណ្តាក់ទុនរួមគ្នា និងកាលានុវត្តភាពទីផ្សារតាមវិស័យនានា។

ក្នុងឱកាសនៃសន្និសីទនេះ ក៏មានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងសភា ពាណិជ្ជកម្មកម្ពុជា និងសមាគមធុរកិច្ចវៀតណាម-កម្ពុជា ផងដែរ។ អនុស្សរណៈនៃការយោគយល់គ្នានេះមានគោល បំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរជាផ្លូវការ ដែលរួមចំណែកដល់ការលើកកម្ពស់ កិច្ចសម្រួលពាណិជ្ជ កម្ម និងវិនិយោគទ្វេភាគី។ ទន្ទឹមនឹងនេះ ក៏មានការរៀបចំផ្គូផ្គងធុរកិច្ចផងដែរ ដែលផ្ដល់ឱកាសពិសេសដល់គណៈប្រតិភូ កម្ពុជាដើម្បីភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនវៀតណាមទៅតាមវិស័យរៀងៗខ្លួន។ គណៈប្រតិភូក៏នឹងធ្វើទស្សនកិច្ចនៅ តាមក្រុមហ៊ុនវៀតណាមផងដែរ ដើម្បីស្វែងយល់ដោយផ្ទាល់អំពីប្រតិបត្តិការ បច្ចេកវិទ្យា និងវិស័យសក្តានុពលសម្រាប់ កិច្ចសហប្រតិបត្តិការរួម។

សភាពាណិជ្ជកម្មកម្ពុជាប្តេជ្ញាគាំទ្រសហគ្រាសកម្ពុជាក្នុងការធ្វើដំណើរទៅកាន់ទីផ្សារអន្តរជាតិ។បេសកកម្មធុរកិច្ចនេះ រំពឹងថានឹងជួយបើកច្រកថ្មីសម្រាប់អ្នកនាំចេញ និងវិនិយោគិនកម្ពុជា ដែលរួមចំណែកដល់ពិពិធកម្ម និង កំណើនសេដ្ឋកិច្ចជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×