ទីក្រុងហូជីមីញ ប្រទេសវៀតណាម៖ នារសៀលថ្ងៃអង្គារ ៥ រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពស. ២៥៦៩ ត្រូវនឹងថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា បានដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដើម្បីចូលរួមក្នុងសន្និសីទតភ្ជាប់រវាងធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ២០២៥។ សន្និតសីទនេះរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម និងសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា ព្រមទាំងមានការអញ្ជើញ ថ្នាក់ដឹកនាំជាន់ខ្ពស់ពីក្រសួងពាណិជ្ជកម្មកម្ពុជា និងធុរជនកម្ពុជា និងវៀតណាម សរុបជាង ២០០នាក់ ក្នុងគោលបំណង ពង្រឹងចំណងសេដ្ឋកិច្ច ជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ព្រមទាំងស្វែងរកទីផ្សារកាន់តែទូលំទូលាយសម្រាប់ ផលិតផលកម្ពុជា។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា បានថ្លែងពីទំនាក់ទំនង សេដ្ឋកិច្ច រវាង កម្ពុជា និង វៀតណាម ដោយ ប្រទេសទាំងពីរបានកំណត់គោលដៅប្រកបដោយមហិច្ឆតា និងជំរុញទឹកចិត្តក្នុងការឈានទៅសម្រេចបានពាណិជ្ជកម្មទ្វេភាគីសរុប ២០ ពាន់លានដុល្លារ នៅឆ្នាំខាងមុខ។ អ្នកឧកញ៉ាបន្តថា ” ក្រៅពីពាណិជ្ជកម្ម វៀតណាមគឺជាវិនិយោគិនដ៏ធំមួយ ក្នុងចំណោមវិនិយោគិនបរទេសចំនួនប្រាំ ផ្សេងទៀតនៅកម្ពុជា ដោយមានគម្រោងលើសពី២០០គម្រោង ដែលមានតម្លៃទឹកប្រាក់ជិត ៣ពាន់លានដុល្លារ ក្នុងវិស័យដូចជា កសិកម្ម ទូរគមនាគមន៍ ធនាគារ ហិរញ្ញវត្ថុ ការកែច្នៃម្ហូបអាហារ រ៉ែ អាកាសចរណ៍ និងទេសចរណ៍”។ អ្នកឧកញ៉ា គិត ម៉េង ក៏លើកទឹកចិត្តឱ្យក្រុមហ៊ុនវៀតណាមមកបណ្តាក់ទុនក្នុងប្រទេសកម្ពុជា និងផ្សារភ្ជាប់ទំនាក់ទំនងដ៏រឹងមាំ និងការផ្តួចផ្តើមអាជីវកម្មយ៉ាងពិតប្រាកដដែលកើតឡើងពីការពិភាក្សានៅក្នុងសន្និសីទនេះ។
ឧកញ៉ា ឡេង ឫទ្ធី ប្រធានសមាគមធុរកិច្ចវៀតណាម-កម្ពុជាបានថ្លែងសង្ឃឹមជឿជាក់ថា ដោយមានការយកចិត្តទុកដាក់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងក្រសួងពាណិជ្ជកម្មកម្ពុជា ដោយផ្ទាល់សហគ្រាសវៀតណាមនៅប្រទេសកម្ពុជា នឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា រួមចំណែកជាវិជ្ជមានដល់ ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៃប្រទេសទាំងពីរ ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេស វៀតណាម និងប្រទេសកម្ពុជា។ ប្រធានសមាគមធុរកិច្ចវៀតណាម-កម្ពុជាបានថ្លែងគោរពស្នើរដល់ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង បន្តភ្ជាប់ទំនាក់ទំនងឲ្យកាន់តែរឹងមាំថែមទៀត ដើម្បីឲ្យសហគ្រាសវៀតណាម មកបណ្តាក់ទុននៅប្រទេសកម្ពុជា ហើយសហគ្រាសកម្ពុជា អាចបណ្ដាក់ទុននៅប្រទេសវៀតណាម ដើម្បីទាញយកផលប្រយោជន៍ និងកេងចំណេញពីភាពខ្លាំងនៃប្រទេសទាំងពីរ ដើម្បីអភិវឌ្ឍន៍គ្នាទៅវិញទៅមក។
សូមជម្រាបថា ទំហំពាណិជ្ជកម្មទ្វេភាគី នៃប្រទេសកម្ពុជា និងវៀតណាម បានបន្តកើនឡើងឥតឈប់ឈរក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលនៅក្នុងឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងទាំងពីរ បានកើនឡើងគួរឱ្យកត់សម្គាល់ ដោយមានទំហំទឹកប្រាក់ច្រើនជាង ១០ ប៊ីលានដុល្លារ កើនឡើង ៥៣.៣៤% បើធៀបទៅនឹងឆ្នាំមុន ហើយគោលដៅសម្រាប់ប៉ុន្មានឆ្នាំខាងមុខទៀត ទំហំពាណិជ្ជកម្មរវាង ប្រទេសទាំងពីររំពឹងថានឹងឈានទៅដល់២០ប៊ីលានដុល្លារ៕ រក្សាសិទ្ធដោយ : សុទ្ធលី










