ភ្នំពេញ ៖ ជាថ្មីម្តងទៀត អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះបានធ្វើបច្ចុប្បន្នភាពនូវមុខទំនិញមានប្រភពដើមពីប្រទេសថៃ ដែលជាប់បម្រាមនាំចូលមកកម្ពុជាដល់បណ្តាអាជីវករ និងពាណិជ្ជករ ធុរជន និងសាធារណជន។ នេះបើយោងតាមលិខិតជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ ។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានកិត្តិយសសូមជម្រាបជូនអាជីវករ/ពាណិជ្ជករ ធុរជននិង សាធារណជនមេត្តាជ្រាបថា មុខទំនិញមានប្រភពដើមពីប្រទេសថៃ ដែលជាប់បម្រាមនាំចូលមកកម្ពុជាមានដូចខាងក្រោម៖
ក. បន្លែ និងផ្លែឈើ
ខ. ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ។ មុខទំនិញក្នុងចំណុច ខ នេះ មានដូចខាងក្រោម៖
១. ប្រេងសាំង (Gasoline)
២. ប្រេងម៉ាស៊ូត (Diesel)
៣. ឧស្ម័នរាវសម្រាប់ដុត (LPG និង LNG)
៤. ប្រេងខ្មៅ (Fuel oil) និង
៥. ប្រេងសាំងយន្តហោះ (Jet-A1)។
ដោយឡែក មុខទំនិញផ្សេងទៀត ក្រៅពីមុខទំនិញក្នុងចំណុច ក និង ខ ខាងលើ មិនមែនជាកម្មវត្ថុនៃការ ហាមឃាត់ការនាំចូលទេ។ អាជីវករ/ពាណិជ្ជករ នៅបន្តនាំចូលបានជាធម្មតាដោយបំពេញបែបបទ និងនីតិវិធីកំណត់ ដោយលិខិតបទដ្ឋានជាធរមាន។
ចំពោះតម្រាយផ្លូវ និងមធ្យោបាយដឹកជញ្ជូនទំនិញនាំចូលមកកម្ពុជា អាជីវករ/ពាណិជ្ជករអាចប្រើប្រាស់មធ្យោបាយ ដឹកជញ្ជូនផ្សេងៗ និងតាមមាត់ច្រកផ្លូវការនានា លើកលែងតែមាត់ច្រកព្រំដែនផ្លូវគោកកម្ពុជា-ថៃ ដែលត្រូវបានបិទជា ឯកតោភាគីដោយយោធាថៃ។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នឹងបន្តតាមដាន និងធ្វើបច្ចុប្បន្នភាពជូនអាជីវករ/ពាណិជ្ជករ ធុរជននិង សាធារណជនអំពីស្ថានការ និងការវិវត្តនានាពាក់ព័ន្ធនឹងវិធានការខាងលើនេះ។
អាស្រ័យហេតុនេះ សូម អាជីវករ/ពាណិជ្ជករ ធុរជន និងសាធារណជន មេត្តាជ្រាប និងចូលរួមអនុវត្តប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់៕រក្សាសិទ្ធដោយ៖សុទ្ធលី





