Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆមាសទី១ ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ច បង្ក្រាបគ្រឿងញៀនជាង៥ពាន់ករណី ឃាត់ខ្លួនមនុស្សជាង១ម៉ឺននាក់ និងគ្រឿងញៀនសរុបជិត២តោន

ភ្នំពេញ ៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥នេះ កងកម្លាំងអនុវត្តច្បាប់បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន ៥,១៨២/៥,២២០ករណី ឃាត់ខ្លួន១៣,៤៥២/១២,៩៦៥នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទទម្ងន់ប្រមាណ ១,៨៩០.៨៣គីឡូក្រាម សារធាតុគីមី ១៩,១២៩.៣៥គីឡូក្រាម រួមនឹងមធ្យោបាយ សម្ភារៈ វត្ថុតាងមួយចំនួនទៀត។

យោងតាមរបាយការណ៍ដែលបង្ហាញក្នុងកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១០ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ដែលដឹកនាំដោយលោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានយុទ្ធនាការ បានឲ្យដឹងថា ក្នុងចំណោមលទ្ធផលដែលបានបង្ក្រាបនោះរួមមាន៖

  • ករណីជួញដូរ ដឹកជញ្ជូន រក្សាទុក ៣,០៨៦ករណី ឃាត់ខ្លួន ៦,០៧៩នាក់
  • ករណីកែច្នៃផលិត ៨ករណី ឃាត់ខ្លួន៣១នាក់
  • ករណីដាំដុះដំណាំកញ្ញា ៧ករណី ឃាត់ខ្លួន៨នាក់
  • ចាត់ចែងសម្រួលឲ្យប្រើប្រាស់៩ករណី ឃាត់ខ្លួន៣២នាក់
  • បើកបរក្រោមឥទ្ធិពលគ្រឿងញៀន១៦ករណី ឃាត់ខ្លួន២៦នាក់
  • ករណីប្រើប្រាស់២,០៥៦ករណី ឃាត់ខ្លួន៧,២៧៦នាក់ ដោយបានកសាងសំណុំរឿងបញ្ជូន ទៅតុលាការចំនួន៦០១នាក់ បញ្ជូនទៅមណ្ឌលព្យាបាល និងស្តារនីតិសម្បទាចំនួន៦,០៨៤នាក់ និងធ្វើកិច្ច សន្យាប្រគល់ជូនអាណាព្យាបាលយកទៅបន្សាបព្យាបាលនៅតាមសហគមន៍ចំនួន ៥៩១នាក់។

ដោយឡែកអនុវត្តដីកា ឃាត់ខ្លួនបានចំនួន៣៣៦នាក់/៤០៧ដីកា។ ចំពោះករណីធំៗ ដែលមានបណ្តាញខ្សែរយៈចាត់តាំងចំនួន៧៤ករណី ត្រូវបានបង្ក្រាបចាប់មេខ្លោងចំនួន១១នាក់ ខ្សែរយៈបណ្តាញចំនួន២១៩នាក់ ចាប់យកសារធាតុញៀនសរុបប្រមាណ ១,៨២៨គីឡូក្រាម និងសារធាតុគីមីផ្សំសរុបប្រមាណ១៨,៦១០គីឡូក្រាម៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×