Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម កើត រិទ្ធ បូកសរុបលទ្ធផលរយៈពេល ៦ខែ ឆ្នាំ២០២៥ នៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ

ភ្នំពេញ ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលរយៈពេល ៦ខែ ឆ្នាំ២០២៥ នៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅទីស្តីការក្រសួងយុត្តិធម៌ រសៀលថ្ងៃអង្គារ ៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ មានការចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌, ឯកឧត្ដមតំណាងតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល, ឯកឧត្ដមប្រធានសាលាឧទ្ធរណ៍ និងឯកឧត្ដមអគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់ទាំង ៤ ព្រមទាំងឯកឧត្ដមប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ផងដែរ។

ជាកិច្ចចាប់ផ្ដើម, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជូនអង្គប្រជុំថា ផ្អែកតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងវិធានការគន្លឹះទី ៥ ដែលជារបៀបវារៈផ្ទាល់ខ្លួនរបស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី, ក្រសួងយុត្តិធម៌ បានប្រកាសដាក់ឱ្យអនុវត្តយុទ្ធនាការទាំង ២ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ កន្លងទៅ រួមមាន៖ (១)-យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និង (២)-យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ សំដៅពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍របស់លេខាធិការដ្ឋាននៃគណៈបញ្ជាការដឹកនាំយុទ្ធនាការ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ ចំពោះលទ្ធផលល្អប្រសើរនៃការអនុវត្តយុទ្ធនាការទាំង ២។ បន្ថែមពីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្រ្តីរាជការរបស់ក្រសួងយុត្តិធម៌ ជាពិសេស ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ ជាចៅក្រម ជាព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី អាជ្ញាសាលា និងមន្រ្តីរដ្ឋបាលតុលាការទាំងអស់នៅតាមសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមអនុវត្តយុទ្ធនាការទាំង ២ ប្រកបដោយស្មារតីម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ ដែលធ្វើឱ្យយុទ្ធនាការទាំង ២ អាចសម្រេចបាននូវលទ្ធផលល្អប្រសើរនាពេលនេះ។

ឆ្លៀតក្នុងឱកាសនេះ, ដើម្បីឱ្យយុទ្ធនាការទាំង ២ នេះបន្តទទួលបាននូវលទ្ធផលល្អប្រសើរ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការណែនាំ និងផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនដល់គណៈកម្មការ, ក្រុមការងារដែលមានការពាក់ព័ន្ធ ព្រមទាំងសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីទាំងអស់ ដូចខាងក្រោម៖
(១)-យន្តការចំណុះគណៈបញ្ជាការដឹកនាំយុទ្ធនាការទាំងអស់ ត្រូវបន្តអនុវត្តការងារក្នុងចង្វាក់ឱ្យបានកាន់តែស្វាហាប់បន្ថែមទៀត សំដៅពង្រឹង និងលើកកម្ពស់គុណភាពនៃយុត្តិធម៌ និងប្រសិទ្ធភាពនៃសេវាយុត្តិធម៌ ជាពិសេស ការពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកកាន់វិស័យយុត្តិធម៌។

(២)-យន្តការចំណុះគណៈបញ្ជាការដឹកនាំយុទ្ធនាការទាំងអស់ ត្រូវពង្រឹងការត្រួតពិនិត្យ និងតាមដានចំពោះករណីដែលបានចាត់ការរួច ដើម្បីធានាបាននូវប្រសិទ្ធភាពការងាររបស់ខ្លួន។

(៣)-សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី ត្រូវយកចិត្តទុកដាក់ពិនិត្យចាត់ការសំណុំរឿងឱ្យបានត្រឹមត្រូវ ដោយត្រូវមានសំអាងហេតុ និងសំអាងច្បាប់ច្បាស់លាស់ ។

(៤)-សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី ត្រូវបន្តធ្វើការសម្រុះសម្រួលផ្សះផ្សាចំពោះរឿងក្តីណាដែលអាចធ្វើការសម្រុះសម្រួលផ្សះផ្សាបាន។

(៥)-សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី ត្រូវបន្តយកចិត្តទុកដាក់លើសំណុំរឿងអាទិភាពទាំង ៤ រួមមាន សំណុំរឿងអត្រានុកូលដ្ឋាន, សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍, សំណុំរឿងគ្រឿងញៀន និងសំណុំរឿងពាក់ព័ន្ធនឹងក្មេងទំនើង ដោយអនុវត្តឱ្យបានម៉ឺងម៉ាត់ ស្របតាមអភិក្រមដែលបានដាក់ចេញនាពេលកន្លងមក។

(៦)-សាលាដំបូង និងអង្គការអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ទាំងអស់ត្រូវសហការឱ្យបានពេញលេញជាមួយរដ្ឋបាលរាជធានី-ខេត្តទាំងអស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ ដោយត្រូវអនុវត្តការងាររបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×