ស្វាយជ្រំ÷ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសូ ស្រុកស្វាយជ្រំ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានក្មេងទំនើងចំំនួន ០២នាក់ មិនស្គាល់អត្តសញ្ញាណជិះម៉ូតូ ០១គ្រឿង ឌុបគ្នាមកដល់ចំណុចលើផ្លូវភ្លឺប្រឡាយស្ថិតនៅភូមិបឹងគ្រៀល ឃុំអង្គតាសូ ស្រុកស្វាយជ្រំ បានឈប់ម៉ូតូ ពេលនោះមាន ០១នាក់ បានដើរទៅកាច់បង្កោលថ្មសុវត្ថិភាព (បង្គោលសញ្ញាផ្លូវគ្រោះថ្នាក់) នៅលើភ្លឺប្រឡាយអោយបាក់រួចហើយជិះម៉ូតូគេចខ្លួនបាត់ និងបានបង្ហោះ វីដេអូ និងរូបភាព តាមបណ្តាញសង្គមហ្វេសប៊ុក និង Tiktok។
ក្រោយពីទទួលបានព័ត៌មានហើយ កម្លាំងជំនាញស្រុក ដឹកដោយលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសូ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រោលគោ ចុះធ្វើការស្រាវជ្រាវដល់កន្លែងកើតហេតុរហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានឃាត់ខ្លួនក្មេងទំនើងទាំង ០២នាក់ ប្រុស រួមមាន÷
១- ឈ្មោះ រ.វ.រ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្ស
២- ឈ្មោះ ស រ.គ.ព.ធ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្ស ទាំង ០២នាក់ មានទីលំនៅភូមិបន្លាស្អិត ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងទាំង០២នាក់ បានឆ្លើយសារភាពថា ខ្លួន និងបក្សពួក ពិតជាបានប្រព្រឹត្តសកម្មភាពដកបង្គោលនៅលើភ្លឺប្រឡាយ ខាងលើពិតប្រាកដមែន។
ដោយមានឯកភាព ពីលោក ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និង ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ និងត្រូវបានសាលាដំបូងខេត្ត ចេញដីកាឃុំខ្លួនក្នុងពន្ធនាគារខេត្តរួចហើយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី






