ភ្នំពេញ៖ លោក នួន ផារ័ត្ន បានលើកឡើងថា ប្រទេសកម្ពុជាមានបញ្ហាប្រឈមមួយចំនួនដូចជា គ្រឿងញៀន ជាដើម។ បញ្ហាគ្រឿងញៀនវាបានធ្វើឲ្យស្រទាប់យុវជនមួយចំនួនបានលង់ខ្លួនជាអ្នកសេពគ្រឿងញៀន ដែលជាបញ្ហាប្រឈមមួយដែលសង្គមជាតិរបស់យើងត្រូវតែដោះស្រាយជាបន្ទាន់។
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងពិធីបើកសម្ពោធដាក់អោយប្រើប្រាស់អគារមណ្ឌលសុខភាពឱកាសខ្ញុំ ស្ថិតនៅមជ្ឈមណ្ឌលឱកាសខ្ញុំ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ លោកបានថ្លែងថា អ្នកញៀនគ្រឿងញៀន ប្រៀបបាននឹងច្រែះស៊ីដែកបាតកប៉ាល់ទឹកអញ្ចឹងដែរ បើយើងមិនមានវិធានការទេ ច្រែះនោះនឹងស៊ីដែកបាតកប៉ាលបណ្តាលឲ្យលិចលង់កប៉ាល់មិនខានឡើយ។អ្នកញៀនគ្រឿងញៀនក៏មិនខុសពីបញ្ហានេះដែរ បើយើងមិនរួមគ្នាដោះស្រាយទេ សង្គមយើង នឹងមានបញ្ងាប្រឈមហើយ មិនអាចអភិវឌ្ឍប្រទេសអោយរីកចម្រើនបានទេ ។ លោកបន្តថា បងប្អូនរងគ្រោះដោយសេពគ្រឿងញៀន គឺសុទ្ធតែជាអ្នកមានឱកាស ដើម្បីអភិវឌ្ឍន៍ខ្លួនឯង សង្គមគ្រួសារនិងសង្គមជាតិ សំខាន់លើការតាំងចិត្តរបស់ខ្លួនឯង ។
លោកថា នៅប្រទេសដែលមានការអភិវឌ្ឍនៅលោកខាងលិច អ្នកញៀនគ្រឿងញៀន មួយចំនួនបានប្រែក្លាយខ្លួនទៅជាមនុស្សដែលល្បីល្បាញ និងមានប្រយោជន៍នៅក្នុងសង្គម ដូច្នេះ សូមអោយបងប្អូន ដែលញៀនគ្រឿងញៀន ទាំងអស់ប្រឹងប្រែង ដើម្បីបន្សាបគ្រឿងញៀនឲ្យបាន ដើម្បីបានទៅធ្វើការងារបម្រើផលប្រយោជន៍ឲ្យសង្គមជាតិ។
លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទារាជធានីភ្នំពេញ និងជាប្រធានមជ្ឈមណ្ឌលឳកាសខ្ញុំ បានមានប្រសាសន៍ថា គិតមកដល់ត្រឹមថ្ងៃទី១០ ខែកញ្ញានេះ មានយុវជនបានប្រើប្រាស់គ្រឿងញៀន កំពុងធ្វើការបន្សាបនៅក្នុងមណ្ឌលសុខភាពឳកាសខ្ញុំមានចំនួន១៩៦៣នាក់ ក្នុងនោះមានស្រីចំនួន១៣៣នាក់។ កន្លងមក បានព្យាបាលបន្សាបដល់អ្នកញៀនគ្រឿងញៀនចំនួន៥៨៦៥នាក់ ក្នុងនោះមានស្រីចំនួន៣៦២នាក់ ដោយឲ្យពួកគាត់បានវិលត្រឡប់ទៅផ្ទះវិញ ជាមួយនិងសុខភាពល្អប្រសើរ ហើយបច្ចុប្បន្ននេះនៅក្នុងមជ្ឈមណ្ឌលឱកាសខ្ញុំ មានអ្នកញៀនគ្រឿងញៀនកំពុងបន្សាបចំនួន១៩៦៣នាក់ ស្រី១៣៣នាក់។
លោកស្រីបន្តថា ដោយការយកចិត្តទុកដាក់ គិតគូរខ្ពស់ ដល់បងប្អូនដែលកំពុងរងគ្រោះ ដោយការប្រើប្រាស់គ្រឿងញៀន និងដោយពិនិត្យឃើញថា មណ្ឌលសុខភាព ជាតម្រូវការចាំបាច់ ដែលអាចធានាដល់ការព្យាបាល ប្រកបដោយគុណភាពខ្ពស់ ដល់ជនរងគ្រោះ ដែលកំពុងទទួលសេវាព្យាបាល និងស្ដារនីតិសម្បទានៅក្នុងមជ្ឈមណ្ឌលឱកាសខ្ញុំ រដ្ឋបាលរាជធានីភ្នំពេញ បានផ្ដល់ការសាងសង់អគារមណ្ឌលសុខភាពឱកាសខ្ញុំ ៕ ដោយ ៖ បញ្ញាស័ក្តិ