ភ្នំពេញ ៖ នារសៀលថ្ងៃសុក្រ ៨រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងលោក Abid Gulzar នាយកប្រចាំតំបន់អាស៊ីនៃ គណៈកម្មាធិការបម្រើក្វេគ័រអាមេរិកកាំង(អង្គការ AFSC) បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការពង្រឹង និងលើកកម្ពស់ការដោះស្រាយវិវាទនៅមូលដ្ឋាន។
ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU)នេះ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានលើកទ្បើងអំពីវឌ្ឍនភាពការងារសំខាន់ៗ ដែល អ.ដ.ក. សម្រេចបាននាពេលកន្លងមក ក៏ដូចជាទិសដៅការងារទៅមុខរបស់ អ.ដ.ក.។ ឯកឧត្តម ក៏បានចាត់ទុកថា ការចុះអនុស្សរណៈនៃការយោគយល់គ្នា នាពេលនេះ គឺជាវឌ្ឍនភាពថ្មីមួយបន្ថែមទៀត ស្របតាមចក្ខុវិស័យរបស់ អ.ដ.ក. និងទិសដៅរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់យន្តការនៃការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការឱ្យកាន់តែងាយស្រួល កាន់តែសម្បូរបែប កាន់តែខិតជិតប្រជាពលរដ្ឋនៅមូលដ្ឋាន និងកាន់តែមានប្រសិទ្ធភាពក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នា(MOU)នេះ ផ្តោតសំខាន់លើការបង្កើតភាពជាដៃគូលើកិច្ចសហការពង្រឹងការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ អំពីអត្ថប្រយោជន៍នៃយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងគាំទ្រដល់កិច្ចដំណើរការរបស់ការិយាល័យតំណាង អ.ដ.ក. ប្រចាំខេត្ត ៤ នៅភូមិភាគឦសាន៕
រក្សាសិទ្ធដោយ៖សុទ្ធលី









