Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យខេត្តកោះកុង ៖ មិនទាន់មានការបង្រ្កាបទីតាំងល្បែងអនឡាញនៅឡើយទេ មានតែករណីស្រាវជ្រាវឃាតកម្ម

កោះកុងៈ រសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ លោក ឈិត រតនៈ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យខេត្តកោះកុង ចេញបកស្រាយបំភ្លឺថា អាជ្ញាធរសមត្ថកិច្ចរបស់ខេត្ត ពុំទាន់មានការចុះបង្រ្កាបទីតាំងល្បែងអនឡាញណាមួយឡើយនៅទឹកដីខេត្តភាគនិរតីមួយនេះ។ នេះបើតាមការចេញផ្សាយព័ត៌មានរបស់មន្ទីរព័ត៌មានខេត្តកោះកុង។

ឆ្លើយតបនឹងការបង្ហោះហ្វេសប៊ុក និងបណ្តាញសារព័ត៌មានអនឡាញមួយចំនួន លោក ឈិត រតនៈ អ្នកនាំពាក្យខេត្តកោះកុង បង្ហាញច្បាស់ៗថា គិតមកទល់ម៉ោងនេះ ខេត្តមិនទាន់មានចំណាត់ការចុះប្រតិបត្តិការបង្រ្កាបទីតាំងល្បែងអនឡាញណាមួយនោះទេ ពោលគឺមានការតែចុះពិនិត្យស្រាវជ្រាវ ករណីឃាតកម្មប៉ុណ្ណោះ។ដូច្នេះលោកសុំឱ្យសាធារណជនជឿជាក់លើព័ត៌មានណាដែលជាការពិតប្រាកដ និងជាផលប្រយោជន៍សង្គម។

ចំពោះមានអ្នកលេងបណ្តាញសង្គមបង្ហោះ និងសារព័ត៌មានអនឡាញមួយចំនួនបានចុះផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ថា «នាយឧត្តមសេនីយ៍ ស ថេត បញ្ជាឱ្យស្នងការខេត្តកោះកុង ស្រាវជ្រាវជាបន្ទាន់ ក្រោយបង្រ្កាបទីតាំងអនឡាញ ហើយបាត់ទូរស័ព្ទ និងកុំព្យូទ័រដែលជាវត្ថុតាងជាង៣០គ្រឿង។ បើមិនដូច្នេះទេ នឹងបញ្ចូនក្រុមជំនាញពីថ្នាក់ជាតិទៅស្រាវជ្រាវ»។

ទាក់ទិនបញ្ហានេះត្រូវបានលោក ឈិត រតនៈ អះអាងថា មិនមានជាការបង្រ្កាបល្បែងអនឡាញនោះទេ ពោលគឺគ្រាន់តែជាប្រតិបត្តិការស្រាវជ្រាវករណីសង្ស័យឃាតកម្មលើមនុស្សប៉ុណ្ណោះ តបទៅនឹងបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ ស្របពេលមានកម្លាំងជំនាញមកពីរាជធានីភ្នំពេញ និងកម្លាំងនគរបាលខេត្តចុះមកសហការអនុវត្តរួមគ្នាផ្ទាល់។

សម្រាប់លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង អះអាងដែរថា លោកបានទទួលបទញ្ជាពីថ្នាក់ដឹកនាំចុះត្រួតពិនិត្យ និងស្រាវជ្រាវករណីឃាតកម្ម នៅចំណុចអគាសាងសង់ថ្មី ស្ថិតនៅភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ កាលពីម៉ោង១និង៣០នាទី កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅនេះ។

បើតាមលោកស្នងការខេត្ត ធាតុពិតជាក់ស្តែង គឺរកមិនឃើញមានករណីឃាតកម្មអ្វីទេ។ ដូច្នេះមិនមែនជាការបង្រ្កាបទីតាំងអនឡាញដូចការបង្ហោះរបស់អ្នកលេងបណ្តាញសង្គម និងសារព័ត៌មានចំនួនទៀតឡើយ។

ដោយឡែកការបាត់ទូរស័ព្ទ និងកុំព្យូទ័រ លោក គង់ មនោ ស្នងការនគរបាលខេត្ត លោកក៏កំពុងស្រាវជ្រាវសួរនាំពីសមត្ថកិច្ចក្រោមឱវាទរបស់លោកដែលចុះប្រតិបត្តិការរួមគ្នាផ្ទាល់ជាមួយកម្លាំងជំនាញមកពីរាជធានីភ្នំពេញ។ ទោះយ៉ាងណាកម្លាំងជំនាញចម្រុះខេត្តរបស់លោកមិនជាប់ពាក់ព័ន្ធការបាត់សម្ភារៈប្រើប្រាស់ទាំងនោះទេ និងកំពុងស្រាវជ្រាវសាកសួរទៅកាន់កម្លាំងដែលមកពីរាជធានីភ្នំពេញ ហើយរកឃើញជាបណ្តើរៗប្រគល់ជូនម្ចាស់សម្ភារៈទាំងនោះដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×