ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី ១ នៃកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងថ្នាក់ដឹកនាំជាច្រើនទៀត អញ្ជើញចូលរួមព្រឹត្តិការណ៍ចលនាមហាជនលើកទឹកចិត្តកងទ័ព និងគាំទ្ររាជរដ្ឋាភិបាល ផ្សារភ្ជាប់ជាមួយការប្រកួតបាលទាត់មិត្តភាព ដើម្បីកៀរគរមូលនិធិគាំទ្រវីរកងទ័ពជួរមុខ លើកទឹកចិត្តកងទ័ព និងគាំទ្រចំណាត់ការរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។
ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ថ្ងៃនេះបងប្អូនជនរួមជាតិយ៉ាងច្រើនកុះករ មានវត្តមានដើម្បីបង្ហាញក្តីស្រលាញ់ ការជឿជាក់ និងការគាំទរយ៉ាងពេញទំហឹងដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខ។ បងប្អូនអញ្ជើញមកពីគ្រប់ទិសទី មានចាស់ ក្មេង ស្រីប្រុស រំលេចទៅដោយអាវ «មោទនភាពជាតិខ្មែរ» និងទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានប្រែក្លាយទីលានពហុកីឡដ្ឋានជាតិអូឡាំពិកទៅជាពណ៌ខៀវ ក្រហមឆ្អិនឆ្អៅ។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា “
ខ្ញុំពិតជាមានមោទនភាពដែលបានកើតជាកូនខ្មែរ ដែលបានឃើញពីសាមគ្គីភាព សំលេង ឆន្ទៈ និងទឹកចិត្តរបស់កូនខ្មែរ។ ខ្ញុំសូមថ្លែងអំណរគុណដល់របស់បងប្អូនទាំងអស់គ្នាដែលបានមកជួបជុំគ្នានៅទីនេះ ពេលនេះ។ យើងបានបង្ហាញសំលេងដ៏ខ្លាំងក្លា និងឮកងរំពង ដែលសរបញ្ជាក់ឱ្យឃើញថា កូនខ្មែរគ្រប់រូបនឹងមិននៅស្ងៀមនោះទេ!
ដរាបណា នៅតែមានការប៉ុនប៉ងឈ្លានពាន និងគម្រាមកំហែង មកលើសុខសន្តិភាពដែលកម្ពុជាកំពុងមាន ខឿនការពារជាតិប្រជាជនត្រូវតែបន្ដរាបណាការគម្រាមកំហែងនោះមិនទាន់រលាយសាបសូន្យ”។
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្ដី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានកោតសរសើរ និងថ្លែងអំណរគុណដល់កងទ័ពជួរមុខដែរលះបង់អស់កម្លាំងកាយចិត្តប្ដេជ្ញាការពារឱ្យខានតែបាននូវបូរណភាពដែនដី និងអធិបតេយ្យជាតិកម្ពុជា។ ក្នុងឱកាសនេះដែរ ឯកឧត្តមក៏បង្ហាញនូវក្ដីរំភើបដែលបានឃើញប្រជាជាតិកម្ពុជាសាមគ្គីរួបរួមគ្នាជាធ្លុងមួយដោយមិនព្រងើយកន្ដើយជាមួយការគំរាមកំហែងណាមួយឡើយ។ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា “ ការជួបជុំនៅថ្ងៃនេះ និងសម្លេងគាំទ្រក្នុងព្រឹត្តិការណ៍ដើររួមគ្នា Solidarity March កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ បានបង្ហាញនូវស្មារតីគាំទ្រយ៉ាងពេញទំហំពីខឿនការពារជាតិប្រជាជនទៅកាន់កងទ័ពដែលកំពុងឈរជើងនៅតាមបណ្ដោយព្រំដែនការពារបូរណភាពដែនដី និងអធិបតេយ្យភាពនៃកម្ពុជា។ ខឿនការពារជាតិប្រជាជននេះនឹងនៅតែបន្ដ ដរាបណាការគំរាមកំហែងនៅតែមាន។”
យើងខ្ញុំមានជំនឿទុកចិត្ត និងសូមគាំទ្រលើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើការគ្រប់គ្រងស្ថានការណ៍ជាមួយភាគីថៃ ទាំងលើការដ្ឋានការទូត ការដ្ឋានច្បាប់ និងការដ្ឋានយោធាក្នុងការការពារទឹកដីខ្មែរ។ ជាមួយគ្នានេះដែរ ក្នុងនាមប្រជាពលរដ្ឋខ្មែរ យើងសូមថ្លែងអំណរគុណ និងកោតសរសើរដល់ទឹកចិត្តមុះមុតកា្លហាន លះបង់ការពារបូរណភាពទឹកដី ដាច់ខាតមិនឱ្យខ្មាំងសត្រូវឈ្លានពានវានដោយងាយនោះទេ៕ រក្សាសិទ្ធដោយ៖សុទ្ធលី











































