Monday, July 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និន្នាការញុះញង់ធ្វើបដិវត្តពណ៌របស់ទណ្ឌិត សម រង្ស៊ី ក្នុងជម្លោះកម្ពុជា-ថៃ ត្រូវតែមានការប្រុងប្រយ័ត្ន 

ភ្នំពេញ ៖ ចាប់តាំងពីជម្លោះព្រំដែនរវាងកម្ពុជា និងថៃបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ មក រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយដោះស្រាយវិវាទដោយសន្តិវិធី និង ការពារនូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីយ៉ាងម៉ឺងម៉ាត់ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមឧទ្ទាមដែលមានទណ្ឌិត សម រង្ស៊ី នៅពីក្រោយ មិនត្រឹមតែមិនអើពើនឹងកិច្ចប្រឹងប្រែងការទូតប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបានឃុបឃិតគ្នាដោយជំហរជាមួយកម្លាំងខាងក្រៅ ញុះញង់ឱ្យមានបដិវត្តន៍ពណ៌ ដើម្បីទាញយកផលប្រយោជន៍ពីជម្លោះព្រំដែន។

តាមរយៈការពិភាក្សាគ្នាជុំវិញការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ឧក្រិដ្ឋកម្មអ៊ីនធើណេត) ពួកគេបង្វែរការចាប់អារម្មណ៍ពីជម្លោះកម្ពុជា-ថៃ ដើម្បីរិះគន់ភាពស្របច្បាប់ និងត្រឹមត្រូវ និងព្យាយាមញុះញង់ឱ្យមានគំនិតជាតិនិយមជ្រុល ក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលដែលកំពុងព្យាយាមយ៉ាងសកម្មក្នុងការការពារផលប្រយោជន៍របស់ប្រជាជនកម្ពុជា និងប្រទេសជាតិទាំងមូល។ សកម្មភាពទាំងនេះបង្កឱ្យមានការគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិសុខជាតិ និងស្ថិរភាពសង្គមរបស់កម្ពុជា ÷

១-ទង្វើប្រតិកម្ម និងមហិច្ឆតានយោបាយរបស់ទណ្ឌិត សម រង្ស៊ី : ការបង្ខូចកេរ្តិ៍ឈ្មោះថ្នាក់ដឹកនាំជាតិយ៉ាងអាក្រក់ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ទណ្ឌិត សមរង្ស៉ី បានធ្វើការអះអាងមិនពិតតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ ដោយបានលើកឡើងថា គំនិតផ្ទាល់ខ្លួនរបស់ សម្តេច ហ៊ុន សែន កើតឡើងមិនមែនមកពីស្នេហាជាតិទេ តែមកពីការភ័យខ្លាចដួលរលំនៃរបបដឹកនាំរបស់ខ្លួន។ លោកបានចោទប្រកាន់ថា សម្តេច ហ៊ុន សែន ប្រើប្រាស់ឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធើណេត ដើម្បីពឹងផ្អែកសេដ្ឋកិច្ចខុសច្បាប់ និងបានប្រឌិតដោយទុច្ចរិតនូវពាក្យភូតកុហកថា របបគណបក្សប្រជាជនពឹងផ្អែកលើបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន។

ការលើកឡើងបែបនេះ ត្រូវបានបង្កើតឡើងមិនត្រឹមតែដើម្បីបំភ្លៃការពិតប៉ុណ្ណោះទេ ប៉ុន្តែដើម្បីសាបព្រោះការមិនចុះសម្រុងក្នុងសង្គម បង្វែរការផ្តោតអារម្មណ៍សាធារណៈពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងការកែលម្អជីវភាពរស់នៅ ដែលជាស្នូលរបស់ខ្លួន ដែលនេះ គឺជាការឃុបឃិតលាក់កំបាំង ដើម្បីបង្កអស្ថិរភាពដល់របបបច្ចុប្បន្ន ជាការញុះញង់ឱ្យមានការបែកបាក់ឯកភាពជាតិខ្មែរ។

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ក្រុមឧទ្ទាមដឹកនាំដោយ សម រង្ស៊ី គ្រោងធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅប្រទេសកូរ៉េខាងត្បូង ដោយចាត់ទុកគោលនយោបាយគ្រប់គ្រងសញ្ជាតិស្របច្បាប់ថា ជាអំពើប្រល័យពូជសាសន៍, ទង្វើបែបនេះ បានរំលោភរដ្ឋធម្មនុញ្ញកម្ពុជា ដោយប៉ុនប៉ងធ្វើឱ្យមានភាពតានតឹងជាតិសាសន៍កាន់តែធ្ងន់ធ្ងរ និងញុះញង់ឱ្យមានអំពើហិង្សា ដែលជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ឯកភាពជាតិ និងស្ថិរភាពសង្គម។ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ទណ្ឌិត សម រង្ស៊ី បានយោងរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ ដោយបានលាតត្រដាងពីការងារខាងក្នុងនៃក្រុមឆបោកតាមអ៊ីនធើណេតនៅកម្ពុជា និងចោទប្រកាន់គ្រួសារ ហ៊ុន សែន ថាជាខែលការពារពួកគេ។ ទណ្ឌិត សម រង្ស៊ី បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យគាំទ្រការប្រឆាំងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែននៅកម្ពុជា។ គោលបំណងពិត គឺបង្កើតជាសេណារ៉ីអូ សម្រាប់កម្លាំងខាងក្រៅចូលមកជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជំរុញភាពតានតឹងរវាង កម្ពុជា និងថៃ, កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ទណ្ឌិត សម រង្ស៊ី បានផ្ញើលិខិតបើកចំហមួយទៅកាន់ប្រជាជនថៃ ដោយដាស់តឿនពួកគេកុំឱ្យរើសអើង ឬធ្វើបាបប្រជាជនកម្ពុជា ដែលធ្វើការនៅប្រទេសថៃ។ លោកបានគូសបញ្ជាក់ថា បុគ្គលទាំងនេះ មិនមែនជាអ្នកគាំទ្រសម្តេច ហ៊ុន សែនទេ ប៉ុន្តែជាជនរងគ្រោះនៃរបបផ្តាច់ការដឹកនាំដោយត្រកូល ហ៊ុន។ ទង្វើនេះធ្វើឱ្យមានភាពតានតឹងរវាងប្រជាជាតិទាំងពីរកាន់តែខ្លាំងឡើង និងជាការបរិហារបង្កាច់កេរ្ដិ៍ថ្នាក់ដឹកនាំស្របច្បាប់របស់កម្ពុជាដែលប្រសូតចេញពីការបោះឆ្នោត។

២-ចេតនាទុច្ចរិតធ្វើបដិវត្តពណ៌ :
សកម្មភាពរបស់ទណ្ឌិត សម រង្ស៊ី គឺជាផ្នែកមួយនៃផែនការបដិវត្តន៍ពណ៌ដ៏ទូលំទូលាយ ដែលគាំទ្រដោយកម្លាំងខាងក្រៅ គោលបំណងចម្បង គឺប្រែក្លាយជម្លោះកម្ពុជា-ថៃ ទៅជាការវាយប្រហារលើភាពស្របច្បាប់នៃរបបកម្ពុជាបច្ចុប្បន្ន ដោយប្រើឥទ្ធិពលនៃការចោទប្រកាន់រាជរដ្ឋាភិបាល ដូចជា អំពើពុករលួយ ក្ដោបអំណាចសម្រាប់គ្រួសារហ៊ុន ដោយមានគោលដៅចុងក្រោយ គឺផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ និងឆក់យកផលប្រយោជន៍នយោបាយសម្រាប់ក្រុមខ្លួន។

៣-ការតាមដាននិន្នាការនៃបដិវត្តពណ៌ ដើម្បីការពារសន្តិសុខជាតិ : ដោយមើលឃើញពីចេតនាទុច្ចរិតរបស់កម្លាំងបរទេសដែលប្រើប្រាស់លើជម្លោះកម្ពុជា-ថ្ងៃ ដើម្បីញុះញង់ឱ្យមានការធ្វើបដិវត្តន៍ពណ៌នោះ រាជរដ្ឋាភិបាលកម្ពុជាត្រូវតែរក្សាការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាពដើម្បីទប់ស្កាត់ការជ្រៀតចូល និងការរំខានពីតួអង្គខាងក្រៅ ឬក្រុមជ្រុលនិយមខាងក្រៅប្រទេស ដូចជា ÷

ទីមួយ : ត្រូវបង្កើនទំនុកចិត្តលើអភិបាលកិច្ចរបស់ខ្លួន និងបង្កើនភាពស្របច្បាប់តាមរយៈសកម្មភាពជាក់ស្តែងដែលទទួលបានការគាំទ្រពីសាធារណជន។
ទីពីរ : ត្រូវពង្រឹងការប្រាស្រ័យទាក់ទងជាមួយនឹងសាធារណជន ដើម្បីលាតត្រដាងពីចេតនាពិតរបស់តួអង្គខាងក្រៅ និងជៀសវាងឧបាយកល។

ជាចុងក្រោយ ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែស៊ីជម្រៅ ដើម្បីប្រយុទ្ធប្រឆាំងនឹងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ដែលជាកត្តាចាំបាច់សម្រាប់រក្សាស្ថិរភាព និងសន្តិសុខជាតិ និងក្នុងតំបន់។
សរុបមក ការបំផ្លាញរបស់ក្រុមប្រឆាំង និងសកម្មភាពជ្រៀតជ្រែកពីកម្លាំងខាងក្រៅ ត្រូវតែតាមដានយ៉ាងយកចិត្តទុកដាក់ ដើម្បីការពារសន្តិសុខជាតិ និងផ្តល់ភាពសុខសាន្តដល់ប្រជាជនកម្ពុជា ដើម្បីរក្សានូវសន្តិភាពឆ្ពោះទៅការភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព៕ រក្សាសិទ្ធដោយ៖CEN

×