Monday, July 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកវរសេនីយ៍ទោ ជឿន សារួន អធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដែលប្រជាពលរដ្ឋជាច្រើននាក់ បានធ្វើការតវ៉ា ពាក់ព័ន្ធបញ្ហាទិញដីឡូត៍ បានរត់គេចខ្លួនបាត់ ហើយស្នងការកំពុងសុំគោលការណ៍អនុវត្តទណ្ឌកម្មវិន័យក្រោមរូបភាពបណ្តេញចេញពីក្របខ័ណ្ឌ

ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ខែកក្កដានេះ បានឲ្យដឹងថា កាលពីពេលថ្មីៗនេះតាមបណ្តាញព័ត៌មានសង្គមបានផ្សព្វផ្សាយថាមានបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ បានធ្វើការតវ៉ា ពាក់ព័ន្ធបញ្ហាទិញដីឡូត៍ពីលោក ជឿន សារួនអធិការរងនគរបាលខណ្ឌព្រែកព្នៅ ស្ថិតនៅភូមិថ្មីជង្រុក ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ក្រោយបង់លុយរួចហើយ និងកំពុងបង់លុយបន្តតែមិនទទួលបានដី ហើយនឹងប្លង់ដែលអធិការរងខណ្ឌព្រែកព្នៅ បានរត់គេចខ្លួនទៅក្រៅប្រទេសបាត់ហើយ។

ចំពោះករណី លោកវរសេនីយ៍ទោ ជឿន សារួន អធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ អត្តលេខ៨៣៨១២ គឺស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៥ បានស្នើសុំគោលការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្តទណ្ឌកម្មវិន័យក្រោមរូបភាពបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិពាក់ព័ន្ធនឹងមន្រ្តីរូបនេះបានល្មើសវិន័យកងកម្លាំងនគរបាលជាតិអវត្តមានបាត់មុខគ្មានមូលហេតុដោយមិនបានមកបំពេញភារកិច្ចនៅអង្គភាពជាច្រើនថ្ងៃ មកហើយ មិនទទួលខុសត្រវចំពោះតួនាទីភារកិច្ចជានគរបាលជាតិ។ដូចនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រជុំក្រុមប្រឹក្សាវិន័យហើយបានសម្រេចសុំគោលការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ។
សូមបញ្ជាក់ថា៖ករណីអធិការរងខណ្ឌព្រែកព្នៅ លោកវរសេនីយ៍ទោ ជឿន សារួន ដែលបានធ្វើសកម្មភាពបង្កបញ្ហាពាក់ព័ន្ធនិងរឿងរ៉ាវដីធ្លីជាមួយប្រជាពលរដ្ឋ ជារឿងបុគ្គល មិនជាប់ពាក់ព័ន្ធជាមួយនិងអង្គភាពនោះឡើយ។

សូមរំលឹកថា នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ មានបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ បានធ្វើការតវ៉ា ក្រោយទិញដីឡូត៍ពីលោក ជឿន សារុន អធិការរងនគរបាលខណ្ឌព្រែកព្នៅ ស្ថិតនៅភូមិថ្មីជង្រុក ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ក្រោយបង់លុយរួចហើយ និងកំពុងបង់ តែមិនទទួលបានដី ហើយនឹងប្លង់។

តាមទទួលព័ត៌មាន, ម្ចាស់ដីឡូត៍ ដែលជាអធិការរងខណ្ឌព្រែកព្នៅ បានរត់គេចខ្លួនទៅក្រៅប្រទេសបាត់ហើយ។

ពលរដ្ឋរងគ្រោះខ្លះនៅខេត្តព្រៃវែង ជាកម្មការិនីកាត់ដេរ ដោយសន្សំលុយមិនហ៊ានចាយ ដើម្បីមកបង់រំលោះ, ខ្លះនៅខេត្តកណ្តាល ដោយយកលុយដែលកូនជូន មកបង់រំលោះ និងខ្លះជាកម្មករសំណង់ បានសន្សំលុយមកបង់តែចុងក្រោយអស់រលីង។ មួយឡូត៍តម្លៃ 3800ដុល្លារ។

ប្រជាពលរដ្ឋ បានស្នើសូមអំពាវនាវឲ្យអាជ្ញាធរនៅតាមមូលដ្ឋាន ត្រូវពិនិត្យមើលឲ្យបានខ្លាំង និងច្បាស់លាស់សម្រាប់គម្រោងពុះលក់ដីឡូត៍ ដើម្បីចូលរួមទប់ស្កាត់ការចាញ់បោក និងប៉ះពាល់ជីវភាពរបស់ពលរដ្ឋ ហើយបងប្អូនយើងត្រូវមានការប្រយ័ត្នខ្ពស់ពេលសម្រេចចិត្តបង់រំលោះដីឡូត៍ទាំងនោះ បារម្ភចុងក្រោយបានតែក្រដាសកិច្ចសន្យា តែមិនបានដី និងប្លង់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×