បន្ទាយមានជ័យ : នៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើប្រតិបត្តិការបង្រ្កាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមាត់អូរ ស្ថិតក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ចំនួន០១នាក់ ឈ្មោះ ចាង យូ លុន (JAGN YU LUN) ហៅ ហេមាន ភេទប្រុសអាយុ២៦ឆ្នាំ ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (កេតាមីន) ចំនួន០៩ថង់កិបទម្ងន់ ៤១៧,៤០ក្រាម, ទូរស័ព្ទ ចំនួន០១គ្រឿង, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០១គ្រឿង, ទូដែក ចំនួន០១, ប្រអប់ដែក ចំនួន០១, សៀវភៅលិខិតឆ្លងដែន ចំនួន០១ក្បាល, កាតការងារជនបរទេស ចំនួន០១សន្លឹក ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដេីម្បីចាត់កាត់តាមនីតិវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេទើបតែបានជួលបន្ទប់សម្រាប់ស្នាក់នៅកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។ ប៉ុន្តែតែនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ សមត្ថកិច្ចបានចុះបង្ក្រាបករណីបើកល្បែងឆបោកតាមប្រព័ន្ធអនឡាញខុសច្បាប់នៅចំណុចអគារដែលរូបគេបានស្នាក់នៅកន្លែងខ្លួនធ្វើការ ស្របពេលសមត្ថកិច្ចចុះត្រួតពិនិត្យឃើញទូដែករបស់ខ្លួននៅក្នុងបន្ទប់ហើយ ឆែករកឃើញមានគ្រឿងញៀនចំនួន០៩កញ្ចប់ ទើបឃាត់រូបខ្លួនតែម្ដង។
ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕រក្សាសិទ្ធដោយ៖សុទ្ធលី




