ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាជាមួយ លោក Yin Guohai អគ្គនាយករង នៃនាយកដ្ឋានស៊ើបអង្កេតព្រហ្មទណ្ឌ របស់ក្រសួងសន្តិសុខសាធារណៈចិន នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានថ្លែងឱ្យដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាល បានដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយគិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចរាជធានី-ខេត្ត បានចាត់វិធានការបង្រ្កាបតាមគោលដៅចំនួន ៥២ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២ ៧៦៧នាក់ មានជនជាតិចិនចំនួន ៨៤៣នាក់ ក្នុងនោះសមត្ថកិច្ចបានចាត់វិធានការបញ្ជូនមុខសញ្ញាសង្ស័យចំនួន ១១នាក់ ទៅតុលាការដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។
លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានស្វាគមន៍កិច្ចសហប្រតិបត្តិការ ការបណ្តុះបណ្តាញជំនាញ និងជំនួយបច្ចេកទេសពីប្រទេសពាក់ព័ន្ធ ដើម្បីពង្រឹងប្រសិទ្ធភាព និងបង្កើនជោគជ័យនៃប្រតិបត្តិការបង្ក្រាប និងបោសសម្អាតរបស់រាជរដ្ឋាភិបាល, លោកសន្តិបណ្ឌិតក៏បានអរគុណភាគីចិនចំពោះកិច្ចសហការកន្លងមក។ ពេលនេះទៀតសោត ភាគីទាំងពីរបានពិភាក្សាលើបទពិសោធន៍ ក្នុងកិច្ចសហប្រតិបត្តិការកន្លងមក ព្រមទាំងឯកភាពបន្តជំរុញកិច្ចសហការបន្ថែម ក្នុងការចែករំលែកព័ត៌មាន ស្រាវជ្រាវ និងស៊ើបអង្កេត ដើម្បីឈានទៅដល់ការបង្ក្រាបទីតាំង និងចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងបន្តនីតិវិធីច្បាប់។
លោក Yin Guohai បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងលទ្ធផលជាផ្លែផ្កាគួរឲ្យកត់សម្គាល់ នៃយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាពេលថ្មីៗនេះ។ ជាមួយគ្នានេះ ភាគីចិន រីករាយបន្តចាប់ដៃ គាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាប និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN














