Monday, July 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ចេញសេចក្តីថ្លែងការណ៍ ស្តីពីចំណាត់ការសំណុំរឿងហិង្សារវាងកម្មករជនជាតិខ្មែរ និងមេការសំណង់ជនជាតិចិន

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានចេញសេចក្តីថ្លែងការណ៍ ស្តីពីចំណាត់ការសំណុំរឿងហិង្សារវាងកម្មករជនជាតិខ្មែរ និងមេការសំណង់ជនជាតិចិន ស្ថិតនៅការដ្ឋានសំណង់ក្នុងភូមិជាំម្លូរ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

នៅក្នុងសេចក្តីថ្លែងការណ៍ មានខ្លឹមសារយ៉ាងដូច្នេះថា: អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ មានសារព័ត៌មានមួយចំនួនបានលើកឡើង និងធ្វើអត្ថាធិប្បាយដោយសម្ភាសន៍ ជាមួយកម្មករជនជាតិខ្មែរ និងគ្រួសារ នៅលើបណ្តាញសង្គម អំពីករណីហិង្សារវាងកម្មករជនជាតិខ្មែរ និងមេការសំណង់ ជនជាតិចិន ដែលប្រព្រឹត្តនៅការដ្ឋានសំណង់ស្ថិតក្នុងភូមិជាំម្លូរ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងសេចក្តីថ្លែងការណ៍ បញ្ជាក់ថា ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ សូមបញ្ជាក់ជូនថា៖ នៅរសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានទទួលចាត់ការសំណុំរឿង ខាងលើពីអធិការដ្ឋាន នគរបាលស្រុកត្បូងឃ្មុំ ដោយមានអង្គហេតុថា៖ មេការសំណង់ជនជាតិចិនបានប្តឹងកម្មករជនជាតិខ្មែរ ដែលបានប្រើហិង្សា វាយចំច្រមុះរបស់មេការជនជាតិចិន ប៉ុន្តែកម្មករជនជាតិខ្មែរបដិសេធថាមិនបានវាយនោះទេ គ្រាន់តែគ្រវាសដៃធ្វើឱ្យ ប្រឡាក់ប្រេងម៉ាស៊ីននៅលើចុងច្រមុះរបស់មេការជនជាតិចិនប៉ុណ្ណោះ។

ក្នុងសេចក្តីថ្លែងការណ៍ បន្តថា ចំពោះករណីខាងលើនេះ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បានព្យាយាមសម្របសម្រួល ប៉ុន្តែមិន ទទួលបានលទ្ធផលនោះទេ ហើយក៏បានបញ្ជូនសំណុំរឿងមកអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំតាមនីតិវិធី។ បន្ទាប់ពី ទទួលបានសំណុំរឿងភ្លាម តំណាងអយ្យការបានធ្វើការសាកសួរ និងផ្ទៀងផ្ទាត់ចម្លើយរបស់ភាគីទាំងពីរ ព្រមទាំងពិនិត្យ ភស្តុតាងនានាក្នុងសំណុំរឿង ជាពិសេសការសន្និដ្ឋានរបស់គ្រូពេទ្យ ហើយក៏បានសម្រេចអនុញ្ញាតឱ្យកម្មករជនជាតិខ្មែរ នោះត្រឡប់ទៅលំនៅឋានវិញភ្លាម។

ក្នុងសេចក្តីថ្លែងការណ៍នេះ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ សូមគូសបញ្ជាក់ជូនដែរថា រាល់ចំណាត់ការទាំងអស់ របស់តំណាងអយ្យការ ធ្វើឡើងបន្ទាប់ពីបានផ្ទៀងផ្ទាត់ចម្លើយរបស់ភាគីនីមួយៗ ចម្លើយសាក្សី និងពិនិត្យភស្តុតាង នានា ដោយមិនផ្អែកតែម្យ៉ាងលើការលើកឡើង ឬបកស្រាយរបស់ភាគីណាមួយតែម្ខាងនោះទេ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×