Tuesday, July 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជេីញចុះពិនិត្យការច្រូតស្រូវ និងជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនេីបដំណាំស្រូវបារាយណ៍តាំងគោក នៅខេត្តកំពង់ធំ

នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណេីរ បានអញ្ជេីញចុះពិនិត្យការច្រូតស្រូវ និងជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនេីបដំណាំស្រូវបារាយណ៍តាំងគោក នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។

បន្ទាប់ពីចុះពិនិត្យចប់សព្វគ្រប់ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសេីរនូវការខិតខំប្រឹងប្រែងរបស់សហគមន៍ និងបានផ្សារភ្ជាប់ជាមួយវិស័យឯកជនត្រៀមប្រមូលទិញស្រូវសែនក្រអូប០១ និងស្រង៉ែស្រាល ដែលមានតម្រូវការទីផ្សារ។ សហគមន៍ខាងលេីផ្ទាល់គ្រោងនឹងចាប់ផ្តេីមរដូវដាំដុះថ្មីលេីផ្ទៃដី ៥០០០ហិកតា មកពី ១៧៨គ្រួសារ ដែលបានចូលជាសមាជិកសហគមន៍ជាបន្តបន្ទាប់។

ជាមួយនឹងការគាំទ្រទុនផលិតកម្ម បច្ចេកទេស និងទីផ្សាររួចជាស្រេចតាមរយៈយន្តការសហគមន៍កសិកម្មទំនេីប ឯកឧត្តមរដ្ឋមន្រ្តី បានឱ្យសហគមន៍សហការជាមួយក្រសួងស្ថាប័ន ព្រមទាំងអាជ្ញាធរខេត្ត ពិនិត្យលទ្ធភាពស្នេីសុំគ្រប់គ្រងស្ថានីយបូមទឹករដ្ឋ សំដៅមានទឹកស្រោចស្រពគ្រប់គ្រាន់ កាត់បន្ថយថ្លៃដេីមផលិតកម្ម និងជំរុញឱ្យមានការសិក្សាលេីការថែទាំ និងជួលជុលឱ្យប្រេីប្រាស់បានយូរអង្វែង។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី លេីកទឹកចិត្តកសាងទំនុកចិត្តជាមួយគ្នាក្នុងសហគមន៍និងវិស័យឯកជន ស្មោះត្រង់ជាមួយគ្នា បន្តស្មារតីសាមគ្គីភាព តម្លាភាព និងតម្កល់ផលប្រយោជន៍រួមជាធំ ហេីយក្រសួងនៅតែបន្តគាំទ្រឱ្យធំធាត់ និងមាននិរន្តរភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×