Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតករ​និង​អតីត​នគរបាល​រាជធានី​ភ្នំពេញ រហស្សនាម យមរាជ អង្គរក្ស​លោក​ហេង ពៅ ឈឺ​ស្លាប់ ក្នុង​ពន្ធនាគារ​

​ភ្នំពេញ ៖ ទណ្ឌិត លោក ហង្ស វុទ្ធី ហៅ​ទិវា​១៦ ហៅ​យមរាជ អតីត​មន្ត្រីប៉ូលិស​ព្រហ្មទណ្ឌ នៃ​ស្នងការ​រាជធានី​ភ្នំពេញ ដែលជា​អង្គរក្ស​របស់​លោក ហេង ពៅ អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែលជា​ឃាតករ​បាញ់​សម្លាប់​មនុស្ស​មិន​ញញើត​ដៃ​នោះ បាន​ស្លាប់​ហើយ នៅ​ឯ​មន្ទីរពេទ្យ​រុស្សី កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី ថ្ងៃទី​១០ កញ្ញា ។​

​មាន​គណនី​ហ្វេ​ស​ប៊ុកមួយ មានឈ្មោះ​ថា HENG NICH ប្រើប្រាស់​ដោយ​ស្ត្រី​ឈ្មោះ សុខ សុភ័ណ្ឌ ដែល​អះអាង​ថា នាង​ខ្ញុំ​ឈ្មោះ សុន សុភ័ណ្ឌ ដែល​ត្រូវជា ប្អូន​របស់ ហង្ស វុទ្ធី និង ហង្ស វុត្ថា នៅពេលនេះ ហង្ស វុទ្ធី បាន​ទទួល​មរណភាព​នា​ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៨ វេលា​ម៉ោង ១០​និង​៣០ នាទី​ព្រឹក នៅ​មន្ទីរពេទ្យ​រុស្សី នាង​ខ្ញុំ​ត្រូវជា​ប្អូនសុំ​សម្តេច​តេ​ជា ហ៊ុន សែន មេត្តា​ជួយ​អន្តាគ​មន៍ ទៅ​តុលាការ សូម​ជួយ​ដោះ​លែង​បងប្រុស​ហង្ស វុត្ថា ដែល​នៅក្នុង​ពន្ធា​គារ ឲ្យ​គាត់​បាន​មក​ចូលរួម ពិធី​បុណ្យ​សព​បង ហង្ស វុទ្ធី មាន​តែ​សម្តេច​ទេ ដែល​អាច​ជួយ​ដល់​បងប្រុស​ហង្ស វុត្ថា​ឲ្យមាន​សេរី ដែល​ជាប់​ឃុំ​រយៈពេល​ដប់​បី​ឆ្នាំ​ហើយ សូម​ព្រះ​ប្រទាន​ពរ​សម្តេច​។​

​គួរបញ្ជាក់​ថា ទណ្ឌិត ហង្ស វុទ្ធី ធ្លាប់​បាន​ហែក​គុក រត់​ចេញ​ទៅ​លាក់ខ្លួន​ជាច្រើន​កន្លែង កាលពី​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០០៦ ហើយ​បាន​ចូលខ្លួន​មក​សារភាព​នៅ​ស្នាក់ការ​អង្គការក្រៅរដ្ឋាភិបាល​មួយ កាលពី​ថ្ងៃ​ទី​២០ មេសា ឆ្នាំ​២០១២ ។​

​លោក ហង្ស វុទ្ធី ត្រូវបាន​តុលាការ​កាត់ទោស និង​ផ្តន្ទាទោស​កំបាំងមុខ កាលពី​ឆ្នាំ​២០០៩ ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​១៥​ឆ្នាំ ក៏​ប៉ុន្តែ​លោក​បាន​ស្នើ​ឲ្យ​តុលាការ បើកសវនាការ​សារជាថ្មី បន្ទាប់ពី​គាត់​បាន​ចូល​សារភាព​។​

​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​សារ​ជា​ថ្មី​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​មាន​ទណ្ឌិត លោក ហង្ស វុទ្ធី ត្រូវបាន​លោក តុ​ប ឈុន​ហេង ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​តម្កល់​ទោស​ឱ្យ​ជាប់ ពន្ធនាគារ​១៥​ឆ្នាំ​ដដែល ពី​បទ​ប៉ុនប៉ង​ឃាតកម្ម​គិត​ទុកជាមុន​លើ​លោក​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​កាលពី​ឆ្នាំ​២០០៣ ។​

​ទណ្ឌិត ហង្ស វុទ្ធី ហៅ យមរាជ មាន​ពិរុទ្ធ​នៅ​ក្នុង​រឿងក្ដី​ឃាតកម្ម​ជាច្រើន​ករណី​។ ឈ្មោះ​យមរាជ​ដែល​ជា​ឧក្រិដ្ឋជន​ម្នាក់​គួរឱ្យខ្លាច​បំផុត និង​ជា​សេនា​ដៃស្តាំ​របស់​ហេង ពៅ ដែល​បាន​ហែក​គុក​ព្រៃ​ស​រត់​តាំងពី​ឆ្នាំ​២០០៦ កន្លងមក ពេល​នេះ​ថ្ងៃ​អ​វ​សាន្ត​បាន​មកដល់​ដោយ​ខ្លួនឯង​តែ​ម្តង បាន​ចូលខ្លួន​មក​សុំ​សារភាព​នៅ​ស្នាក់ការ​អង្គការក្រៅរដ្ឋាភិបាល​មួយ​ឈ្មោះ​លីកាដូ កាលពី​រសៀល​ថ្ងៃ​ទី​២០ មេសា ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ក្រោយ​រត់គេចខ្លួន​បាត់​ជា​ច្រើន​ឆ្នាំ​។​

​ឈ្មោះ​ហង្ស វុទ្ធី ហៅ​យមរាជ ដៃស្តាំ​របស់​អ្នកទោស​ជាង​មួយ​ជីវិត​ឈ្មោះ ហេង ពៅ ជា​ឧក្រិដ្ឋជន​ដែល​ធ្វើឱ្យ​មនុស្ស​គ្រប់​មជ្ឈដ្ឋាន​ភ័យខ្លាច​ណាស់ ព្រោះ​ជា​ជនដៃដល់​ខាង​បាញ់​សម្លាប់​មនុស្ស​ក្រោម​បញ្ជា ហេង ពៅ ។​

​នៅ​ទីស្នាក់ការ​អង្គការ​លីកាដូ ឈ្មោះ​ហង្ស វុទ្ធី ហៅ​យមរាជ ជា​ឧក្រិដ្ឋជន ដែល​មាន​ដីកា​ស្វែងរក​ចាប់ខ្លួន ស្រាប់តែ​ពេល​នេះ​ចូល​មក​សារភាព​បាន​និយាយថា នៅ​យប់​ថ្ងៃទី​៦ វិច្ឆិកា ២០០៦ ខ្លួន​បាន​រត់ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស ទៅសំងំ​លាក់ខ្លួន​នៅតាម​បណ្តា​ខេត្ត​នានា ដូចជា​ខេត្ត​កំពត និង​នៅ​ប៉ោយប៉ែ​ត​អស់​រយៈ​ជាង​៧​ឆ្នាំ កន្លងមក​ដោយ​ប្រកប​មុខរបរ​ជា​កម្មក​រ​ទូក​នេសាទ​នៅ​សមុទ្រ​ក្រុងព្រះសីហនុ រយៈពេល​៥​ឆ្នាំ ។ បន្ទាប់មក​ទៅ​ធ្វើ​កម្មករ​អូស​រទេះនៅ​ប៉ោយប៉ែត​បាន​១​ឆ្នាំ ហើយ​ចុងក្រោយ​ទៅសំងំ​ធ្វើ​កម្មករ​ចម្ការ​នៅ​ព្រំដែន​ថៃ​ជិត​១​ឆ្នាំ​ទៀត ។ ឈ្មោះ​យមរាជ បាន​និយាយថា ការ​រត់​គេចខ្លួន​មួយ​រយៈ​កន្លងមក ខ្លួន​រស់ក្នុង​ជីវភាព​លំបាកលំបិន​តា​ម​ជនបទ​ស្រុក​ស្រែចម្ការ ។​

​ទាក់ទិន​នឹង​ការ​ចូលខ្លួន​មក​សារភាព ឈ្មោះ​យមរាជ អតីត​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ក្រោម​បញ្ជា​ផ្ទាល់​ពី ហេង ពៅ​បាន​និយាយថា ខ្លួន​មាន​ទោស​ស្រាប់ ទោះជារ​ត់​ទៅ​ដល់​ទី​ណា​ក៏​មិន​រួច​ខ្លួន​ដែរ ដូច្នេះ​ខ្លួន​បាន​ទំនាក់ទំនង​មក​ម្តាយ​ឱ្យ​រក​មេធាវី ដើម្បី​ជួយ​ការពារ​ផ្លូវច្បាប់​ដល់​ខ្លួន ហើយ​ត្រូវបាន​ម្តាយ​ពឹងពាក់​មេធាវី លោក​កៅ សុ​ផា ជួយ​ការពារ​ផ្លូវច្បាប់ ដើម្បី​ឱ្យ​ខ្លួន​បាន​ចូល​សារភាព និង​ទទួល​ទោស​ជាថ្មី​ម្តងទៀត បន្ទាប់​ពី​លួច​រត់ចេញ​ពី​ពន្ធនាគារ​អស់​រយៈពេល​ជាង​៧​ឆ្នាំ កន្លងមក ។​

​យោង​តាម​ការ​ពឹងពាក់​អំពី​នីតិវិធី​ច្បាប់​លោក មេធាវី កៅ សុ​ផា បាន​នាំ​ខ្លួន​ឈ្មោះ យ​ម រាជ មក​កាន់​ស្នាក់ការ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ ដើម្បី​​ជួយ​ការពារ​សិទ្ធិ​កុំឱ្យ​មាន​ការធ្វើ​អំពើ​ទារុណ កម្ម​។ នៅ​ស្នាក់ការ​អង្គការ​លីកាដូ មន្ត្រី​អង្គការ​បាន​និយាយថា ខាង​អង្គការ​គ្រាន់តែ​ទទួល​ឱ្យ​គាត់​ស្នាក់នៅ បណ្តោះអាសន្ន​មួយ​រយៈ​ខ្លី ដើម្បី​ផ្តល់​អាហារ​ជូន​គាត់​ហូបចុក ព្រោះ​គាត់​មាន​សភាព​ស្គមស្គាំង​ខ្លាំង និង​ហេវ​ហត់ ។ អង្គុយ​នៅ​អង្គការ​លីកាដូរ​មិនទាន់​បាន​ប៉ុន្មាន​ផង​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២០ មេសា ឈ្មោះ ហង្ស វុទ្ធី ហៅ​យមរាជ ត្រូវបាន​នគរបាល​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក ម៉ក់ ជី​តូ ប្រធាន​នាយកដ្ឋាន​នគរបាល​យុត្តិធម៌​បាន​សហការ​ជាមួយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ​លោក មាស ច័ន្ទ​ពិសិដ្ឋ បាន​យក​ដីកាចាប់ខ្លួន​ឈ្មោះ ហង្ស វុទ្ធី ហៅ​យម រាជ ទៅ​បង្ហាញ​មន្ត្រី​អង្គការ​លីកាដូ និង​លោក​មេធាវី កៅ សុ​ផា ដើម្បី​នាំ​ខ្លួន​ឈ្មោះ យមរាជ ទៅកាន់​នគរបាល​ក្រសួងមហាផ្ទៃ ធ្វើ​ការសួរនាំ​ឡើងវិញ និង​ដើម្បី​ត្រៀម​លក្ខណៈ​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​បន្ត​តាម​នីតិវិធី​ច្បាប់ ។​

​តាម​ប្រភព​ព័ត៌មាន​ដែល​ទាក់ទិន​នឹង​ការ​រត់​គេចខ្លួន​ពី​ពន្ធនាគារ​ព្រៃ​ស ឈ្មោះ​យមរាជ បាន​និយាយថា ខ្លួន​មិន​មែន​ជា​មេខ្លោង​កាត់​ចម្រឹង​គុក​ព្រៃ​ស រត់​ចេញ​ឡើយ គឺ​ឈ្មោះ វែង ឈ្មោះ សឹង ឈ្មោះ ចាម ឈ្មោះ យួន ជា​មេខ្លោង នៃ​គម្រោង​អារ​ចម្រឹង​ដែក​រត់គេចខ្លួន​ពី​គុក ។ ឈ្មោះ យមរាជ និយាយទៀតថា នៅ​យប់​នោះ​បើ​ខ្លួន​មិន​រត់​តាម​ពួក​អា​វែង​ទេ គឺ​ពួក​នោះ​គំរាម​អារ​ក​សម្លាប់​ក្នុង​គុក ដូច្នេះ​ត្រូវ​បង្ខំចិត្ត​រត់​តាម​គេ​ទៅ​ឈ្មោះ​យមរាជ​បាន​និយាយប្រាប់​កោះសន្តិភាព​ទៀតថា សកម្មភាព​ដែល​លួច​រត់ចេញ​ពី​គុក​នោះ​ក៏​វា​គ្រោះថ្នាក់​ដែរ តែ​ត្រូវ​តែ​រត់​ប្រសើរ​ជាង​ជាប់គុក ។

​ឧក្រិដ្ឋជន​យមរាជ​បាន​និយាយទៀតថា សកម្មភាព​ក្នុង​ពេល​ឡើង​អារ​ចំរឹង​ដែក​រត់ចេញ​ពី​គុក​គឺ​ឈ្មោះ​វែង ជា​អ្នក​អារ ឯ​បក្ខពួក​ផ្សេងៗ​ទៀត​ឡើង​ជិះ​តៗ​គ្នា​ទៅលើ​ចំ​រ៉ឹង​ដែក​បង្អួច​គុក ក៏​យក​ខ្សែ​ចង​ភ្ជាប់​ចំរឹង​ដែក​អារ​ឱ្យ​ធំ​ល្មម​ក្បាលមនុស្ស​ចេញរួច ក៏​ឡើង​តាម​ខ្សែ​លោត​ចុះ​ជា​បន្តបន្ទាប់​គ្នា​សរុប​ជាង​១០​នាក់ រត់ចេញ​ពី​គុក​យក​ប្រាស​អាយុ​រៀងៗ​ខ្លួន ។ យមរាជ​បាន​និយាយថា ឧបករណ៍​សម្រាប់​អារ​ចំរឹង​បង្អួច​គុក​នេះ​ខ្លួន​ពុំ​ដឹងថា ក្រុម​អា​វែង​យក​ចូល​តាម​មធ្យោបាយ​ណា​ឡើយ ។​

​ឈ្មោះ​យមរាជ​រៀបរាប់​ទៀត​ថា នៅពេលដែល​ខ្លួន​រត់​ចេញ​មក​ដល់​ក្រៅ​គុក មាន​រថយន្ត​មួយ​គ្រឿង​ហៅ​គាត់​ថា អា​យមរាជ​ឱ្យ​ជិះ​ជា មួយ ។ ប៉ុន្តែ​ពេលនោះ​ខ្លួន​អត់​ទៅ​តាម​អ្នក​ហៅ​ទេ គឺ​រត់​តាម​មធ្យោបាយ​ថ្មើរជើង​តម្រង់​ទៅ​ផ្លូវ​ជាតិ​លេខ​២ ឆ្ពោះទៅ​ខេត្ត​កំពត សម្ងំ​រស់នៅ​ខេត្ត​កំពត​ធ្វើ​កម្មករ​ទូក​នេសាទ​នៅ​តែ​លើ​សមុទ្រ​អស់​ប្រហែល​ជិត​៦​ឆ្នាំ​ក៏​បន្តដំណើរ​ទៅ​រស់នៅ​ធ្វើក​ម្មករ​អូស​រទេះ​នៅ​ជាយ​ដែន​ប៉ោយ​ប៉ែត និង​ទៅ​រកស៊ី​ដាំ​ដំណាំ​រហូតមកដល់​បច្ចុប្បន្ន ។ ដោយ​ជួប​ការលំបាក​ពេក​ក៏​សម្រេចចិត្ត​ចូលខ្លួន​មក​សារភាព​តែម្តង ព្រោះ​បើ​សម្ងំ​គេចខ្លួន​នៅតែ​មិន​រួច​ដដែល ។​

​គួរកត់សម្គាល់​ថា ហង្ស វុទ្ធី ហៅ​យមរាជ​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​កំបាំង​មុខ មាន​ច្រើន​រឿង​ពាក់ព័ន្ធ​ជាមួយ​ហេង ពៅ ក្នុង​បទ​ល្មើស មនុស្សឃាត​គិតទុក​ជាមុន ។ ប៉ុន្តែ​សាលក្រម​ទាំងអស់​នោះ​ខាង​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ ទទួលបាន​តែ​៣​ករណី​ទេ​គឺ​៖

ទី​១-​ផ្តន្ទាទោស​ដាក់​ពន្ធនាគា​រ​រយៈពេល​១៦​ឆ្នាំ ករណី​ធ្វើ​មនុស្សឃាត​គិតទុក​ជាមុន លើ​លោក​គឹម ដារ៉ាវុធ ប្រធាន​សាខា​អគ្គិសនី​ចាក់អង្រែ​ក្រោម ។​

ទី​២-​ផ្តន្ទាទោស​ឈ្មោះ​ហង្ស វុទ្ធី ហៅ​យមរាជ​ដាក់ពន្ធនាគារ​រយៈពេល​១៨​ឆ្នាំ ករណី​ធ្វើ​មនុស្សឃាត​លើ​លោក​សុខ សេដ្ឋា​មុន្នី ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

ទី​៣-​ផ្តន្ទាទោស​ដាក់​ពន្ធនាគា​រ​រយៈពេល​១៥​ឆ្នាំ ករណី​ប៉ុនប៉ង​ធ្វើ​មនុស្សឃាត​លើ​រូប​លោក​នាយ​ឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។​

​ទោះជា​យ៉ាងណា ហង្ស វុទ្ធី ហៅ​យមរាជ ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ច្រើន​ករណី​ទៀត និង​មាន​ទោស​ប្រហាក់ប្រហែល​ឧក្រិដ្ឋជន​ហេង ពៅ ដែល​ជា​អតីត​មេ​របស់​ខ្លួន​ដែរ​៕ ​ដោយ ​៖ ​កូឡាប

×