ខេត្តមណ្ឌលគីរី ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ នឹងទទួលបានការផ្គត់ផ្គង់ថាមពលអគ្គិសនីគ្រប់គ្រាន់បរិបូណ៌ តាមរយ:ខ្សែបញ្ជូនបណ្តាញកម្លាំង ២៣០គីឡូវ៉ុល , នេះបើតាមការជូនដំណឹងរបស់អគ្គិសនីកម្ពុជា ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា បណ្តាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ចាប់ពីអនុស្ថានីយអគ្គិសនីឦសាន ខេត្តមណ្ឌលគីរី ឆ្លងកាត់ខេត្តក្រចេះ មកកាន់អនុស្ថានីយអគ្គិសនីត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានសាងសង់រួចរាល់ជាស្ថាពរហើយ។
ទាក់ទិននឹងសំណួរសួរថា តើខេត្តខាងលើនេះ អាចប្រើប្រាស់ថាមអគ្គិសនីគ្រប់គ្រាន់បាននៅពេលណាទៅ ? ក្នុងសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា បង្ហាញថា ចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ អគ្គិសនីកម្ពុជា នឹងធ្វើការបញ្ជូនចរន្តអគ្គិសនីឆ្លងកាត់តាមខ្សែបណ្តាញបញ្ជូន ២៣០គីឡូវ៉ុលនេះ ទៅផ្គត់ផ្គង់អគ្គិសនីជូនប្រជាពលរដ្ឋដែលរស់នៅតាមខេត្តមណ្ឌលគីរី ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ដូច្នេះមិនឲឱ្យពលរដ្ឋរង់ចាំយូរថ្ងៃនោះទេ។
ជាមួយគ្នានេះផងដែរ ដើម្បីការពារកុំឱ្យមានគ្រោះថ្នាក់ជាយថាហេតុ ដែលកើតឡើងដោយសារការបញ្ជូនចរន្តអគ្គិសនី តាមបណ្តាញតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុលខាងលើ អគ្គិសនីកម្ពុជាសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមគន្លង ខ្សែបណ្តាញបញ្ជូន ក្នុងទឹកដីនៃខេត្តមណ្ឌលគីរី ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ហាមឡើងបង្គោល ដើម្បីជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN













