ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានណែនាំឱ្យឯកឧត្ដមស្នងការរាជធានីភ្នំពេញ រៀបចំផែនការបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យបានម៉ឹងម៉ាត់បំផុត និងបានណែនាំឱ្យអភិបាលខណ្ឌទាំង១៤ ចុះសង្កេត ហើយបង្ក្រាបឱ្យទទួលបានជោគជ័យទៅតាមបទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
ការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីបានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំដកស្រង់បទពិសោធន៍ នៃការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅរាជធានីភ្នំពេញជាបទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដូច្នេះមន្ត្រីនិងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវអនុវត្តឱ្យបានម៉ឹងម៉ាត់បំផុតដើម្បីឱ្យការងារនេះទទួលបានជោគជ័យ បើទោះបីយើងអនុវត្តបានល្អប្រសើរមួយកម្រិតហើយក្តី។
ឯកឧត្តម ឃួង ស្រេង បានបន្តថា ការងារនេះជាការងារ ដែលដាច់ខាតត្រូវរួមគ្នាធ្វើ ដូចពាក្យមួយគេនិយាយថា កង្កែបក៏ប្រឹង ពស់ក៏ប្រឹង យើងត្រូវប្រឹងប្រែងទាំងអស់គ្នា សង្កេតឃើញកន្លែងណាសង្ស័យ ត្រូវបង្ក្រាបកន្លែងណុង ពិសេសគឺយកភស្តុតាងឱ្យបាន។ ក្នុងនាមអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ខ្លួនយើងស្អាតស្អំ គឺមិនទាន់គ្រប់គ្រាន់ទេ លុះត្រាតែយើងបង្ក្រាបលុបបំបាត់ឱ្យអស់ពីក្នុងមូលដ្ឋានរបស់ខ្លួនទើបគ្រប់គ្រាន់។
សូមពិនិត្យទីតាំងស្នាក់នៅរួមរបស់ជនបរទេសឱ្យបានម៉ត់ចត់និងម៉ឹងម៉ាត់ បើពួកគាត់ស្របច្បាប់ សុំកុំរំខានពួកគាត់ សូមធ្វើអ្វី ដោយភាពត្រឹមត្រូវ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីក្នុងកិច្ចប្រជុំនោះក៏បានណែនាំឱ្យឯកឧត្ដមស្នងការរាជធានីភ្នំពេញ រៀបចំផែនការបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យបានម៉ឹងម៉ាត់បំផុត និងបានណែនាំឱ្យអភិបាលខណ្ឌទាំង១៤លើកយកពីបញ្ហាប្រឈមនានា ដើម្បីរួមគ្នាដោះស្រាយ សំខាន់ឱ្យការងារ បង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នេះទទួលបានជោគជ័យទៅតាមបទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។អភិបាលខណ្ឌទាំង១៤ ត្រូវដាក់ផែនការឱ្យបានច្បាស់លាស់ដល់មេភូមិ ចៅសង្កាត់ តាមដានទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នេះ។ការងារនេះនៅតែបន្តធ្វើដោយភាពម៉ឹងម៉ាត់និងគ្មានទីបញ្ចប់ រហូត ONLINE SCAMSអស់ពីរាជធានីភ្នំពេញ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងផងដែរថា៖ ចាប់ពីថ្ងៃទី០២កក្កដា២០២៥រហូតមកដល់ថ្ងៃទី១៩កក្កដាឆ្នាំ២០២៥នេះ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) បានចំនួន១៦ទីតាំងនិងឃាត់មនុស្សបាន៧៣៤នាក់ចាប់ពីថ្ងៃទី០៣ ខែកក្កដា ដល់ថ្ងៃទី២១ ខែកក្កដាក្នុងចំនួននេះមានជនសង្ស័យមួយចំនួនត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។
ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានបញ្ជាក់ផងដែរថា ក្នុងចំនួនទីតាំងដែលបង្ក្រាបបាននេះមានចំនួន២ទីតាំងដែលយើងបង្ក្រាបចំគោលដៅនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នេះតែម្តង ដោយយើងដកហូតបានវត្ដុតាងមួយចំនួនធំ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

















