ភ្នំពេញ ៖ ធម្មតាទេកាលករណី ICJ ព្រះវិហារក៏ថៃផ្ដាច់ទូតដែរ , ឥឡូវនេះ ICJ តាមាន់តូច តាមាន់ធំ តាក្របី មុំបី ថៃផ្ដាច់ទូតទៀតដើម្បីត្រៀមទទួលយកភាពអាម៉ាស់ !
សំណេររបស់ឯកឧត្តម គួច វេងស្រ៊ុន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី នៅលើបណ្តាញសង្គមនាថ្ងៃពុធនេះថា ជារឿងថោកទាបមួយទៀត ដែលប្រទេសមួយប្រកាសដេញទូតជាតិមួយយ៉ាងទន់ហន់ គ្មានច្បាប់ទម្លាប់ និងបានបង្ហាញច្បាស់ពីចរិតព្រៃបំផុត។
សំណេរឯកឧត្តមឯកអគ្គរាជទូតកម្ពុជានៅថៃ បានសរសេរមុននឹងវិលមកកម្ពុជាវិញ “សំណេរឯកឧត្តម ឯកអគ្គរាជទូតកម្ពុជា មុនចាកចេញពីសៀម៖ បន្ទាប់ពីខ្ញុំចេញទៅហើយ សង្ឃឹមថាលោក និងបក្សពួករបស់លោកនៅតែអាចឈរជើងបាន។ គ្រប់គ្រងដោយប្រើអារម្មណ៍បែបនេះ មិនដឹងថាស៊ូបានប៉ុន្មានទឹកទេ។”
រដ្ឋាភិបាលថៃ នៅថ្ងៃពុធនេះបានសម្រេចចិត្តទម្លាក់កម្រិតទំនាក់ទំនងការទូតជាមួយកម្ពុជា ដោយបានកោះហៅឯកអគ្គរាជទូតរបស់ខ្លួនត្រឡប់ពីកម្ពុជាទៅប្រទេសថៃវិញ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Nation នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។
ចំណាត់ការនេះ ធ្វើឡើងក្រោយទាហានថៃថ្មីម្នាក់ទៀត បានដើរជាន់មីន ក្នុងពេលល្បាតនៅតំបន់ព្រំដែនកម្ពុជា ដោយបង្កឱ្យដាច់ជើងខាងស្តាំ។ ទាហានផ្សេងទៀត បានរងរបួសផងដែរ។
កាលពីម្សិលម្ងៃថៃកោះហៅតំណាងទូត 47 មករៀបរាប់ករណីទាហ៊ានជាន់មីន . …មានតំណាងតែ 17 ប៉ុណ្ណោះបានមកចូលរួមនិងគ្មានបានលទ្ធផលអ្វីទាំងអស់..ថៃអាម៉ាស់ក្រៃលែង …ថ្ងៃនេះក្រពុលមុខផ្ដាច់ទូត ..,)
នៅថ្ងៃទី២៣ ខែកក្កដានេះ លោក Boonsin Padklang មេបញ្ជាការយោធភូមិភាគទី២ បានអះអាងថា ទាហានចំនួន ៥នាក់បានរងរបួស ដោយម្នាក់ក្នុងចំណោមនោះ រងរបួសធ្ងន់ត្រង់ជើងស្តាំ បន្ទាប់ពីបានជាន់មីនតំបន់ច្រកព្រំដែនអានម៉ា (ច្រកអានសេះ) ខេត្តឧបុនរាជធានី ខណៈកំពុងល្បាត។
លោកក៏បានប្រកាសដែរថា យោធភូមិភាគទី២ បានបង្កើនវិធានការឆ្លើយតបមកភាគីកម្ពុជា ដោយបានបញ្ជាឱ្យបិទច្រកព្រំដែនចំនួន ៤ រួមមាន៖ ច្រកអានម៉ា(ច្រកអានសេះ), ច្រកសង៉ាំ(ជាំ), ច្រកចុងចោម(អូស្មាច់), និងច្រកសាយតាគូ(ជប់គគីរ)។ បន្ថែមពីនេះ យោធាថៃក៏ប្រកាសថានឹងបិទប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ចាប់ពីថ្ងៃទី ២៤ ខែកក្កដា ខាងមុខនេះផងដែរ។
សូមបញ្ជាក់ថា ហេតុការណ៍រងគ្រោះដោយសារមីនរបស់ទាហានថៃ បានកើតឡើងម្ដងរួចមកហើយ កាលពីថ្ងៃទី១៦ ខែកក្កដា ដែលថៃបានចោទថា ជាមីនទើបតែដាក់ថ្មីពីសំណាក់កម្ពុជា។ ជុំវិញការចោទប្រកាន់នេះ ក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា រួមមាន ក្រសួងការពារជាតិកម្ពុជា និងក្រសួងការបរទេសកម្ពុជា បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះ ដោយគូសបញ្ជាក់ថា ឧប្បត្តិហេតុនេះ កើតឡើងខណៈដែលទាហានថៃបានល្មើសការឯកភាព ក្នុង MOU ឆ្នាំ២០០០ ដោយដើរល្បាតខុសពីតម្រាយផ្លូវចាស់របស់ខ្លួន និងបង្កើតតម្រាយផ្លូវថ្មីទៅក្នុងតំបន់ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជា។ ហេតុការណ៍នេះបានកើតឡើង បើទោះបីកម្ពុជាតែងតែបានដាស់តឿនឱ្យភាគីថៃអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវការឯកភាពគ្នាលើតម្រាយផ្លូវសម្រាប់ការដើរល្បាត ដោយសារតែតំបន់ទាំងនេះនៅមានគ្រាប់មីនមិនទាន់ផ្ទុះជាច្រើន ដែលសូម្បីតែប្រជាពលរដ្ឋកម្ពុជាក៏ត្រូវបានរងគ្រោះដែរក្ដី។
តាមក្រសួងការពារជាតិកម្ពុជា, ឧប្បត្តិហេតុទាហានថៃជាន់មីននេះ ក៏បានចោទជាសំណួរផងដែរ ថាតើថ្នាក់ដឹកនាំយោធាថៃ មានចេតនាអ្វីឱ្យពិតប្រាកដ ដែលសុខចិត្តបញ្ជូនទាហានរបស់ខ្លួនឱ្យដើរល្បាតខុសតម្រាយផ្លូវ បើទោះបីជាដឹងមុនហើយថា ពួកគេអាចប្រឈមនឹងគ្រោះថ្នាក់ដោយសារមីនដែលជាសំណល់ពីសង្គ្រាម ហើយដែលកម្ពុជាតែងតែបានដាស់តឿនជារឿយៗ ឬមួយនេះជាការប៉ុនប៉ងដើម្បីបង្កឱ្យមានភាពតានតឹង ដែលអាចរុញច្រានស្ថានការណ៍ឱ្យប្រឈមមុខដាក់គ្នា។
កន្លងទៅ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក៏ធ្លាប់បានបញ្ជាក់ដែរថា ការបិទជាឯកតោភាគី នូវតំបន់មុំបី, ប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ពីភាគីថៃ នឹងគឺជាការឆ្លងបន្ទាត់ក្រហម ខណៈតំបន់ទាំងនោះ គឺជាតំបន់ដែលមិនទាន់កំណត់អធិបតេយ្យភាពដាច់ស្រេចនៅឡើយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី










