Friday, July 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ បន្តខិតខំពន្លឿនការដោះស្រាយគ្រប់ករណីជាបន្តបន្ទាប់ ពិសេសមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

ភ្នំពេញ ៖ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ខែកក្កដានេះ បានថ្លែងថា ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិអំពីលទ្ធផលរបស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុកខ្ញុំ និងទំព័រហ្វេសប៊ុករបស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ក្នុងឆមាសទី១ ដើមឆ្នាំ២០២៥ នេះ។

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា​ ក្នុងឆមាសទី១ ដើមឆ្នាំ២០២៥ នេះ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុកខ្ញុំ និងទំព័រហ្វេសប៊ុករបស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ចំនួន ២០២គណនី។
ក្នុងចំណោមសំណើ និងសុំណូមពរទាំងនោះ ក្រុមការងារបានទទួលការដោះស្រាយ និងបានឆ្លើយតបទៅម្ចាស់គណនី ចំនួន ៩៥គណនី និង ៧០គណនីទៀត កំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ រួមនឹងការលើកជាគំនិតយោបល់របស់ប្រជាពលរដ្ឋ ដើម្បីជ្រាប ចំនួន ១៨ ផ្សេងទៀត។
ជាមួយគ្នានេះ ក៏មានសំណូមពរ សំណួរ និងបញ្ហាខ្លះទៀត ត្រូវបានរកឃើញថាខុសពីសមត្ថកិច្ចក្រសួងមហាផ្ទៃ និងបានជូនយោបល់បង្វែរទៅស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ។

ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម អភិសន្តិបណ្ឌិត សូមកោតសរសើរមន្ត្រីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលបានខិតខំដោះស្រាយបញ្ហា សំណូមពរ និងសំណួរនានារបស់ប្រជាពលរដ្ឋ តាមកាតព្វកិច្ចរបស់ខ្លួន ដែលជាអ្នកបម្រើប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការ បក្ខពួក និងផលប្រយោជន៍។ល។
វឌ្ឍនភាពការងារនេះ អាចសម្រេចបាន ដោយសារកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុកខ្ញុំ និងទំព័រហ្វេសប៊ុករបស់សម្តេចក្រឡាហោម ស ខេង។

ប៉ុន្តែទន្ទឹមនឹងលទ្ធផលដែលបានដោះស្រាយខាងលើ យើងក៏សង្កេតឃើញថា នៅមានមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋមួយចំនួន មិនទាន់បានដោះស្រាយ ឬក៏ពន្យារការដោះស្រាយបញ្ហាយូរពេក ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ក្នុងន័យនេះ ខ្ញុំសុំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃទាំងអស់ បន្តខិតខំពន្លឿនការដោះស្រាយគ្រប់ករណីជាបន្តបន្ទាប់ ពិសេសមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដែលនៅសេសសល់ មិនត្រូវពន្យារពេលដោះស្រាយយូរពេក និងត្រូវប្រាកដថា ដំណោះស្រាយនោះមានភាពគ្រប់ជ្រុងជ្រោយ ចំបញ្ហា និងចប់ចុងចប់ដើម ដោយមិនគ្រាន់តែធ្វើជាលិខិតស្នាមបញ្ជាតាមបែបបទរដ្ឋបាល។

ឯកឧត្តម ក៏សូមថ្លែងអំណរគុណបងប្អូនជនរួមជាតិ ដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់ទំព័រហ្វេសប៊ុកខ្ញុំ និងទំព័រហ្វេសប៊ុករបស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដើម្បីយើងរួមគ្នាដោះស្រាយបញ្ហានានាក្រៅប្រព័ន្ធតុលាការ ដែលជាផ្នែកដ៏សំខាន់ជួយសម្រួលជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើង៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×