ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើសន្និសីទសារព័ត៌មាន « បច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា » នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ៖ ថៃបានប្រកាសសង្គ្រាមជាមួយកម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ក្រោយការប្រកាសនេះ, នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ដដែល ថៃបានលួចរាយលួសបន្លានៅប្រាសាទតាមាន់ធំ និងព្រឹកឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ថៃបានបើកការវាយប្រហារលើកងទ័ពកម្ពុជា។ ទោះជាយ៉ាងនេះក្ដី ក៏កងទ័ពកម្ពុជានៅតែឈរជើងយ៉ាងរឹងមាំជាដដែលនៅក្នុងការពារបូរណភាពទឹកដីរបស់ខ្លួន។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ជាថ្មីថា បន្ទាប់ពីមានការបាញ់ប្រហារមកលើទាហានកម្ពុជាមកនោះ កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាគ្មានជម្រើសអ្វីក្រៅពីប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់ទាហានថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជានោះឡើយ។
លោកជំទាវ ម៉ាលី សុជាតា បានថ្លែងថា ៖ មកទល់នឹងពេលនេះ កងទ័ពកម្ពុជាកាន់កាប់ប្រាសាទតាក្របី ១០០ ភាគរយ, កាន់កាប់តំបន់មុំបីដោយជោគជ័យ និងរក្សាកាន់កាប់នៅតំបន់ប្រាសាទតាមាន់ធំជាដដែល ដោយមិនមានការដកថយសូម្បីមួយជំហាននោះឡើយ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ថៃបានបើកការវាយប្រហារមុនគេលើតំបន់ប្រាសាទតាមាន់ធំ និងចំនួន៧កន្លែងទៀតនៅតាមបណ្តោយព្រំដែនខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ហើយការបាញ់ប្រហារនោះមិនត្រឹមតែលើកងទ័ពកម្ពុជានោះទេ គឺថែមទាំងបានបាញ់មកលើជនស៊ីវិលកម្ពុជាផងដែរ។
កជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីថា បន្ទាប់ពីមានការបាញ់ប្រហារមកលើទាហានកម្ពុជាមកនោះ កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាគ្មានជម្រើសអ្វីក្រៅពីប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់ទាហានថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជានោះឡើយ។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បញ្ជាក់ថា ការបើកការវាយប្រហារដែលថៃចាប់ផ្តើមមុននាថ្ងៃទី២៤ ខែកក្កដានេះ មាន៨ទីតាំង គឺ៖ ១)ប្រាសាទតាមាន់ធំ, ២)ប្រាសាទតាក្របី, ៣)តំបន់ភ្នំទ្រព្យ, ៤)វាលឥន្ទ្រី, ៥)តាថាវ, ៦)ភ្នំខ្មោច, ៧)អានសេះ-អូរផ្កាស្នេហ៍,៨)តំបន់មុំ៣។
លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ៖ សារព័ត៌មានថៃ រហ័ស លឿន តែមិនប្រាកដថា ការពិតនោះទេ ហេតុនេះយើងត្រូវស្វែងរកការពិតបន្ថែម។ ចំពោះកម្ពុជា គឺនៅតែរក្សាគោល ជំហរការពារបូរណភាពទឹកដីរបស់ខ្លួនជាដដែល និងផ្ដោតតែទៅលើគោលដៅយោធាប៉ុណ្ណោះ។
ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងថា ថៃបានទម្លាក់កម្រិតការទូតរវាងប្រទេសទាំងពីរកម្ពុជាថៃ ការទម្លាក់កម្រិតការទូតនេះមិនបានអនុវត្តតាមសន្ធិសញ្ញាការទូតអន្តរជាតិហើយពុំបានជូនព័ត៌មានតាមការកំណត់ទូតមកក្រសួងការបរទេសកម្ពុជាមិនមានមូលដ្ឋានច្បាស់លាស់តាមគោលការណ៍អន្តរជាតិតាមអង្គហេតុអង្គច្បាប់។
ឯកឧត្តមជុំ សុន្ទរី បានបញ្ជាក់យ៉ាងដូច្នេះថា «ព្រឹកមិញនេះ ក្រសួងការបរទេស បានចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោស ការវាយប្រហារដោយយោធា ដែលជាការរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាអំពើមួយដែលវារំលោភបំពានលើច្បាប់អន្តរជាតិ ដែលបានកំណត់នៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ជាមានកំណត់នៅក្នុងធម្មនុញ្ញអាស៊ាន ដែលប្រទេសទាំងពីរជាសមាជិក»។
ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើង នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់។
ភ្លាមៗ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសចំពោះការឈ្លានពានរបស់ថៃ ដោយកម្ពុជាចាត់ទុកថា ទង្វើឈ្លានពាននេះ គឺជាការរំលោភបំពានយ៉ាងគឃ្លីន និងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ចាប់តាំងពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ បានបើកការវាយប្រហារដោយគ្មានមូលហេតុ គិតទុកជាមុន និងដោយចេតនាមកលើទីតាំងឈរជើងរបស់កម្ពុជានៅតាមតំបន់ព្រំដែន រួមទាំង ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងមុំបីក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ទង្វើឈ្លានពាននេះ គឺជាការរំលោភបំពានយ៉ាងគឃ្លីន និងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ រួមទាំងគោលការណ៍ជាមូលដ្ឋានដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិនិងធម្មនុញ្ញអាស៊ាន ដែលហាមឃាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដី និងឯករាជ្យភាពនយោបាយរបស់រដ្ឋណាមួយ។
រាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះទង្វើគ្មានការគិតគូរ និងអរិភាពនេះរបស់ប្រទេសថៃ។ ការឈ្លានពានខាងយោធាដោយ គ្មានមូលហេតុបែបនេះមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់សន្តិភាព និងស្ថិរភាពនៅតាមព្រំដែនរួមរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការមិនយកចិត្តទុកដាក់ចំពោះបទដ្ឋានក្នុងតំបន់ និងកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិផងដែរ។
កម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់ រាល់អរិភាពជាបន្ទាន់ ដកកម្លាំងទៅខាងព្រំដែនរបស់ខ្លួន និងចៀសវាងសកម្មភាពញុះញង់ ដែលអាចធ្វើឲ្យស្ថានការណ៍កាន់តែតានតឹង។
បើតាមក្រសួងការបរទេស កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេចំពោះសន្តិភាព ការសន្ទនា និងការដោះស្រាយជម្លោះដោយសន្តិវិធី។ យ៉ាងណាក៏ដោយ កម្ពុជាក៏រក្សាសិទ្ធិស្វ័យការពារជាមូលដ្ឋានរបស់ខ្លួន ដែលត្រូវបានទទួលស្គាល់ក្នុងមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយនឹងចាត់រាល់វិធានការចាំបាច់ដើម្បីការពារអធិបតេយ្យ បូរណភាពទឹកដី និងសុវត្ថិភាពរបស់ប្រជាជនខ្លួន៕រក្សាសិទ្ធដោយ៖សុទ្ធលី


















