ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា យោធាថៃបានប្រើប្រាស់ អាវុធគ្រប់ប្រភេទ ដោយរាប់ទាំងគ្រប់ផ្លោងនិងការទំលាក់គ្រាប់ពីលើយន្តហោះ ប៉ះពាល់ដល់ប្រាសាទព្រះវិហារ ដែលរួមមាន ពយតាឌី កូបុរៈទី១ ទី២ ទី៣ ទី៥ ជណ្តើរខាងជើង និងតំបន់ក្បែរប្រាសាទព្រះវិហារ។ នេះជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរប្រឆាំងនឹងបេតិកភណ្ឌពិភពលោក និងជាការរំលោភបំពានលើច្បាប់អន្តរជាតិ។
នៅថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០២៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះអំពើឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធនៃព្រះរាជាណាចក្រថៃ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលបានធ្វើឱ្យប៉ះពាល់ និងបំផ្លិចបំផ្លាញទីតាំងជុំវិញ និងរចនាសម្ព័ន្ធផ្ទាល់របស់ប្រាសាទព្រះវិហារ បេតិកភណ្ឌ ពិភពលោក និងជាមរតកវប្បធម៌ប្រវត្តិសាស្ត្រដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ។
ការវាយប្រហារដោយមិនញញើត ជាមួយនឹងការប្រើប្រាស់ការបាញ់ផ្លោងកាំភ្លើងធំ និងការទម្លាក់គ្រាប់បែក ពីលើអាកាស គឺជាការបំពានយ៉ាងធ្ងន់ធ្ងរ និងមិនអាចទទួលយកបាន ជាពិសេសមិនគោរពទៅតាមអនុសញ្ញ អន្តរជាតិនានា ស្ដីពីការការពារបេតិកភណ្ឌវប្បធម៌ ជាអាទិ៍៖
- អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីកិច្ចការពារសម្បត្តិវប្បធម៌នៅក្នុងព្រឹត្តិការណ៍ នៃជម្លោះ ប្រដាប់អាវុធ
- ពិធីសារទីពីរ ឆ្នាំ១៩៩៩ នៃអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ពាក់ព័ន្ធនឹងការពង្រឹងកិច្ចការពារ និង គណនេយ្យភាពលើបេតិកភណ្ឌវប្បធម៌
- អនុសញ្ញាអង្គការយូណេស្កូ ឆ្នាំ១៩៧២ ស្ដីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោក។ ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអន្តរជាតិទាំងនេះ ប្រទេសថៃ មានកាតព្វកិច្ចគោរព ការពារ និងអភិរក្ស បេតិកភណ្ឌវប្បធម៌ ហើយត្រូវចៀសវាងការប្រើប្រាស់យោធា ការវាយប្រហារ ឬការបង្កគ្រោះថ្នាក់ដល់តម្លៃលេចធ្លោ ជាសកលរបស់បេតិកភណ្ឌ។ ការកំណត់គោលដៅវាយប្រហារដោយចេតនា ការបំផ្លិចបំផ្លាញសម្បត្តិវប្បធម៌ និង ការរំលោភលើច្បាប់អន្តរជាតិ គឺជាឧក្រិដ្ឋកម្មសង្គ្រាម។
សកម្មភាពឈ្លានពានរបស់ថៃ មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់រចនាសម្ព័ន្ធប្រាសាទដែលជាបេតិកភណ្ឌរួម របស់មនុស្សជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការមិនគោរពកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិពីសំណាក់ ប្រទេសថៃផងដែរ។
ការខូចខាតប្រាសាទព្រះវិហារ គឺជាសោកនាដកម្មផ្នែកវប្បធម៌ និងសីលធម៌ ដែលគំរាមកំហែងដល់ការ ខូចខាតទាំងបេតិកភណ្ឌពិភពលោក និងអត្តសញ្ញាណជាតិរបស់ប្រជាជនកម្ពុជា។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជា សូមថ្កោលទោសយ៉ាងម៉ឺងម៉ាត់ និងទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់ ចំពោះសកម្មភាពបាញ់ផ្លោងមកលើ តំបន់ប្រាសាទព្រះវិហារ និងតំបន់ការពារប្រាសាទនេះ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងធ្វើការវាយតម្លៃលម្អិត ចងក្រងឯកសារពាក់ព័ន្ធ រួមទាំងការខូចខាតនានា ស្របតាមនីតិវិធីអន្តរជាតិ ដើម្បីទាមទារយុត្តិធម៌ និងសំណងតាមផ្លូវច្បាប់អន្តរជាតិជាធរមាន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធ និងអង្គការអន្តរជាតិ ដើម្បីអនុវត្តវិធានការការពារទាំងអស់ដែលមានចែង នៅក្នុងពិធីសារទីពីរនៃអនុសញ្ញាទីក្រុងឡាអេ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តមិនងាករេក្នុងការការពារ និងអភិរក្ស បេតិកភណ្ឌវប្បធម៌ ទោះជាកំពុងស្ថិតក្នុងស្ថានភាពទទួលរងការឈ្លានពានប្រដាប់អាវុធពីប្រទេសជិតខាងក៏ដោយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី









