Saturday, July 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេចក្ដីថ្លែងការណ៍ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ថ្កោលទោសអំពើឈ្លានពានរបស់ យោធាថៃ មកលើដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដែងការថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះទង្វើ ឈ្លានពានដោយចេតនា និងខុសច្បាប់ ដែលបង្កឡើងដោយកងកម្លាំងប្រដាប់អាវុធនៃព្រះរាជាណា ចក្រថៃ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ ទង្វើប្រកបដោយអរិភាព ដែលបានកើតឡើងនៅជិត ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី តំបន់មុំបី និងតំបន់ផ្សេងទៀតដែលស្ថិតនៅ ក្នុងព្រំដែនកម្ពុជាដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ គឺជាការរំលោភបំពានដោយផ្ទាល់លើ អធិបតេយ្យរបស់កម្ពុជា និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការ សហប្រជាជាតិផងដែរ។

ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការប្រកាសដូចតទៅ៖
១. ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានប្រដាប់ដោយអាវុធរបស់កងកម្លាំង យោធាថៃ ដែលបណ្តាលឱ្យមានការប្រយុទ្ធគ្នានិងបង្កផលប៉ះពាល់ទៅដល់សន្តិភាព និងស្ថិរភាពនៅ
តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ ទង្វើនេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យរបស់កម្ពុជា គំរាមកំហែងដល់សន្តិភាពក្នុងតំបន់ និងរំលោភលើមាត្រា ២(៤) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលហាមឃាត់ការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីនៃរដ្ឋណាមួយ។
២. គូសបញ្ជាក់សាជាថ្មីពីសិទ្ធិការពារខ្លួនរបស់កម្ពុជា ស្របតាមមាត្រា ៥១ នៃធម្មនុញ្ញ អង្គការសហប្រជាជាតិ។ កងយោធពលខេមរភូមិន្ទធ្វើសកម្មភាពប្រកបដោយវិជ្ជាជីវៈ និងអត់ធ្មត់បំផុត នៅក្នុងការអនុវត្តសិទ្ធិនេះ សំដៅការពារទឹកដីដ៏ពិសិដ្ឋ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

៣. សូមធ្វើការអះអាងថា តំបន់ជុំវិញប្រាសាទមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំមី គឺស្ថិតនៅក្នុងទឹកដីកម្ពុជា ដូចដែលមានគូសបញ្ជាក់នៅក្នុងសន្ធិសញ្ញា ផែនទីដែល ទទួលស្គាល់ជាអន្តរជាតិ និងការកំណត់តាមផ្លូវច្បាប់អន្តរជាតិពាក់ព័ន្ធ។ វត្តមានយោធាកម្ពុជានៅក្នុង តំបន់ទាំងអស់នេះ គឺស្របតាមច្បាប់ និងស្ថិតក្នុងសិទ្ធិអធិបតេយ្យពេញលេញរបស់កម្ពុជា។

៤. ក្នុងកាលៈទេសៈដ៏សំខាន់នេះ សូមប្រកាសជាឱឡារិកគាំទ្រយ៉ាងពេញទំហឹងចំពោះ ភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយចក្ខុវិស័យរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ស្ថាបនិក សន្តិភាពរបស់មាតុភូមិកម្ពុជា និងភាពជាអ្នកដឹកនាំប្រកបដោយភាពស្វាហាប់និងម៉ឺងម៉ាត់របស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅចំពោះមុខអំពើឈ្លានពានដ៏គឃ្លីននេះ។ អនុសាសន៍ ដឹកនាំរបស់ សម្តេច ទាំងទ្វេ ពិតជាមានភាពចាំបាច់បំផុតនិងមិនអាចខ្វះបាន នៅក្នុងបុព្វហេតុការ ការពារអធិបតេយ្យជាតិ ថែរក្សាសន្តិភាព ព្រមទាំងការពារជំហរដ៏ត្រឹមត្រូវរបស់កម្ពុជានៅក្នុងសហគមន៍ អន្តរជាតិ។
៥. សូមសម្តែងនូវការគោរពនិងគាំទ្រយ៉ាងពេញទំហឹងចំពោះភាពអង់អាចក្លាហាន និង បទវិន័យរបស់កងយោធពលខេមរភូមិន្ទ
ដែលបានបំពេញកាតព្វកិច្ចស្របតាមច្បាប់រដ្ឋធម្មនុញ្ញប្រកបដោយភាពមោះមុតនិងកិត្តិយសបំផុត នៅចំពោះមុខការឈ្លានពានពីបរទេស។
៦. អំពាវនាវដល់សហគមន៍អន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិ អាស៊ាន និងប្រទេស ដែលស្រលាញ់សន្តិភាព សូមចាត់វិធានការជាបន្ទាន់និងដាច់ខាត ដើម្បីឆ្លើយតបទៅនឹងការរំលោភ បំពានដ៏ធ្ងន់ធ្ងរនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×