កែប៖ នាព្រឹកថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដោយមានការចូលរួមពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការពិសេស, ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ថ្នាក់ដឹកនាំក្រសួងធនធានទឹកនិងឧតុនិយម, តំណាងក្រុមការងារពិសេសសម្តេចធិបតីនាយករដ្ឋមន្ត្រី, ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពត និងខេត្តកែប ព្រមទាំងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ បានអញ្ជើញចុះផ្ទៀងផ្ទាត់ និងបញ្ចប់ការបោះបង្គោលព្រំដីនិយាមកា សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ។
សម្រាប់បេសកកម្មនាព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូអមដំណើរ បានអញ្ជើញទៅកាន់ទីតាំងដើម្បីចុះផ្ទៀងផ្ទាត់និយាមកា និងធ្វើការបោះបង្គោលព្រំដីបញ្ចប់ជាស្ថាពរ សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ ដែលស្ថិតក្នុងភូមិសាស្រ្តឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ចំពោះការអនុវត្តការងារចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយគម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានសម្រេចរួចរាល់ទាំងស្រុងត្រឹមថ្ងៃនេះ ដោយបានអនុវត្តក្នុងខេត្តកណ្តាល តាកែវ ខេត្តកំពត និងខេត្តកែប ជាភូមិសាស្រ្តបញ្ចប់ចុងក្រោយគេ។ បង្គោលព្រំដីដែលបានបោះរួចសរុបទាំងអស់មានចំនួន ១ ៩២០ បង្គោល។
បន្ទាប់ពីប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត បច្ចុប្បន្ននេះ គម្រោងត្រូវបានអនុវត្តតាមផែនការសកម្មភាពជាដំណាក់កាលបន្តបន្ទាប់ ស្របទៅតាមផែនការដែលបានគ្រោងទុក។ ចំពោះការចល័តគ្រឿងចក្រចូល ដើម្បីចាប់ផ្ដើមសាងសង់ជាផ្លូវការ គ្រោងនឹងអនុវត្តក្នុងរដូវទឹកស្រក អំឡុងចុងឆ្នាំ២០២៥នេះ បន្ទាប់ពីក្រុមការងារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ចប់ការដោះស្រាយផលប៉ះពាល់ និងទូទាត់សំណងរួចរាល់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំរាយព្រែកជីកនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី











