ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥
បានចេញសេចក្តីប្រកាសព័ត៌មាន កម្ពុជាថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការឈ្លានពានរបស់ថៃលើអធិបតេយ្យកម្ពុជា។
ឆ្លើយតបនឹងសំណើរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក កម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានធ្វើការ កោះប្រជុំចង្អៀតជាបន្ទាន់មួយ ដើម្បីពិភាក្សាអំពីជម្លោះព្រំដែនដ៏តានតឹងរវាងកម្ពុជា និងថៃ។ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងចិន្ត្រៃយ៍របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានចូលរួមធ្វើសេចក្ដីថ្លែងការណ៍នៅក្នុងកិច្ចប្រជុំនេះ ដោយបានទាញចំណាប់អារម្មណ៍របស់ក្រុមប្រឹក្សា
សន្តិសុខទៅលើការបើកប្រតិបត្តិការឈ្លានពានប្រដាប់អាវុធទ្រង់ទ្រាយធំរបស់ប្រទេសថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។
ឯកឧត្តមឯកអគ្គរាជទូតបានរាយការណ៍ជូនក្រុមប្រឹក្សាសន្តិសុខ អំពីការវាយប្រហាររបស់កងទ័ពថ ដែលមានការគិតទុកមុន ក្នុងចេតនាបង្កហេតុ មកលើតំបន់ព្រំដែនរបស់កម្ពុជា រួមមានប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ។ ឯកឧត្តមឯកអគ្គរាជទូត បានថ្កោល ទោសយ៉ាងខ្លាំងក្លាចំពោះការឈ្លានពាននេះ ដែលបានរំលោភបំពានយ៉ាងគឃ្លីនលើគោលការណ៍ជាមូល ដ្ឋានស្តីពីការមិនឈ្លានពានគ្នា និងការដោះស្រាយវិវាទដោយសន្តិវិធី ដូចមានចែងនៅក្នុងធម្មនុញ្ញអង្គការ សហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
ឯកឧត្តមឯកអគ្គរាជទូត បានបង្ហាញអំពីការរៀបចំ និងគិតទុកមុន នៃការវាយប្រហារពីសំណាក់ យោធាថមកលើទីតាំងជាច្រើនកន្លែងរបស់កម្ពុជា ដោយប្រើអាវុធធុនធ្ងន់ រួមមានយន្តហោះចម្បាំង F-16 រថក្រោះ និងគ្រាប់បែកចង្កោម។ ជាមួយគ្នានេះ ថៃក៏បានពង្រីកការត្រៀមបើកប្រតិបត្តិការយោធាដលខេត្ត ច័ន្ទបូរី និងខេត្តត្រាតផងដែរ ខណៈដែលភាគីកម្ពុជាពុំមានការចល័តទ័ពទៅតំបន់ជាប់ព្រំដែនខេត្តទាំងពីរ នេះសោះ។ ការឈ្លានពានទ្រង់ទ្រាយធំដោយយោធាថៃ
ជាការការពារខ្លួននោះ បានធ្វើឱ្យជនស៊ីវិលបាត់បង់ជីវិតចំនួន៨នាក់ រងរបួស ៥០នាក់ និង១០.៨៦៥ គ្រួសារត្រូវជម្លៀសចេញពីតំបន់គ្រោះថ្នាក់ ក្នុងខេត្តឧត្ដរមានជ័យ ព្រះវិហារ និងបន្ទាយមានជ័យ។ លើសពី នេះ ការវាយប្រហារដោយមិនរើសមុខរបស់ថៃមកលើកម្ពុជា បានបង្កនូវការខូចខាតយ៉ាងដំណំមកលើ ប្រាសាទព្រះវិហារ។ ការបំផ្លិចបំផ្លាញដោយចេតនាចំពោះតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូនីស្កូ នេះ គឺជាការរំលោភបំពានលើអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤។
ឯកឧត្តមឯកអគ្គរាជទូតបានស្នើសុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិធ្វើយ៉ាងណាឱ្យមាន
បទឈប់បាញ់មួយជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ដើម្បីបញ្ឈប់ការឈ្លានពានប្រដាប់អាវុធដោយគ្មាន ការបង្កហេតុជាមុនមកលើកម្ពុជា គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងប្រកបដោយសន្តិវិធីរបស់កម្ពុជា និងស្នើឱ្យ ប្រទេសថៃគោរពច្បាប់អន្តរជាតិ និងកាតព្វកិច្ចសន្ធិសញ្ញារបស់ខ្លួន។ ឯកឧត្តមឯកអគ្គរាជទូត ក៏បានស្នើឱ្យ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បញ្ជូនបេសកកម្មស្វែងយល់ការពិតនៅតំបន់ព្រំដែន ដែលរង ការឈ្លានពាន និងបញ្ជូនបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីធ្វើការវិនិច្ឆ័យ។
សមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះកំណើនភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃនាពេលថ្មីៗនេះ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជា ជនក្នុងតំបន់ និងបណ្ដាលឱ្យមានជនស៊ីវិលស្លាប់បាត់បង់ជីវិត។ សមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិបានអំពាវនាវឱ្យមានការអត់ធ្មត់ជាអតិបរមា និងឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងដោយ ឥតលក្ខខណ្ឌ សំដៅទប់ស្កាត់កំណើនអរិភាព ព្រមទាំងបង្កើតលំហសម្រាប់កិច្ចសន្ទនាដោយសន្តិវិធី និង ដំណោះស្រាយការទូត ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ និងក្នុងបំណងស្វែងរកដំណោះស្រាយចំពោះ
ជម្លោះនេះ។
ទន្ទឹមនឹងនេះ សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានលើកទឹកចិត្តភាគីទាំងពីរ ឱ្យប្រើប្រាស់បានពេញលេញនូវការសម្រុះសម្រួលដោយសន្តិវិធីរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ព្រមទាំងគាំទ្រតួនាទីរបស់អាស៊ាន។ សមាជិកក្រុមប្រឹក្សាសន្តិសុខមួយចំនួន ក៏បានកត់សម្គាល់ពីបំណង របស់កម្ពុជា ក្នុងការបញ្ជូនតំបន់ជម្លោះព្រំដែនចំនួនបួន គឺប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ តាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ សម្រាប់ធ្វើការវិនិច្ឆ័យ៕ រក្សាសិទ្ធដោយ៖សុទ្ធលី




