ខេត្តព្រះសីហនុ៖ ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ -ក្រុមគ្រូពេទ្យ និងអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅក្នុង មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ឬហៅពេទ្យចំការចេក បានថ្លែងអំណរគុណចំពោះ ទឹកចិត្តសប្បុរសធម៌ របស់ លោកឧកញ៉ា ទៀ វិចិត្រ និងក្រុមគ្រួសារ ព្រមទាំង លោកស្រី សែម សុភី និងក្រុមគ្រួសារ ក៏ដូចជាសប្បុរសជនច្រើនទៀត ដែលបានបន្តជួយផ្តល់ជាសម្ភារៈផ្សេងៗ រួមមានគ្រែចល័តសម្រាប់អ្នកជំងឺ និងថវិកាជាដើម មកដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់តាមតម្រូវការជាបន្តបន្ទាប់មកនេះ។
លោកវេជ្ជបណ្ឌិត សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានឲ្យដឹងថា សប្បុរសជនខាងលើតែងបានបន្តជួយសម្ភារៈមកកាន់មន្ទីរពេទ្យបង្អែកខេត្ត ជាបន្តបន្ទាប់មកនេះ ដោយកាលពីថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០១៨នេះមានជួយឧបត្ថម្ភ៖ គ្រែចល័តសម្រាប់អ្នកជម្ងឺសម្រាកព្យាបាលចំនួន ៧៨គ្រែ និងពូក កម្រាលពូកចំនួន ៧៨សម្រាប់ ព្រមទាំងដងព្យួរសេរ៉ូមចំនួន៨០ដើម មកកាន់មន្ទីរពេទ្យបង្អែកនេះ។
លោកវេជ្ជបណ្ឌិត សេង ណុង បន្តថា សប្បុរសជនដែលផ្តល់ជំនួយគ្រែចល័តសម្រាប់អ្នកជំងឺខាងលើនេះរួមមាន៖ លោកឧកញ៉ា ទៀ វិចិត្រ បានឧបត្ថម្ភគ្រែពេទ្យចល័តនេះចំនួន៥០គ្រែ ស្មើទឹកប្រាក់៥០០០ដុល្លារដ្ឋអាមេរិក។សប្បុរសជនបន្ទាប់មកទៀតគឺ លោកស្រី សែម សុភី បានឧបត្ថម្ភគ្រែចំនួន ៧គ្រែ និងដងសេរ៉ូមចំនួន៦៨ដើម សរុបថវិកាជាង ២០០០ដុល្លារសហរដ្ឋអាមេរិក ព្រមទាំងសប្បុរសជនមួយចំនួនទៀត ដែលសប្បុរសជនខ្លះបានជួយឧបត្ថម្ភគ្រែមួយ ឬពីរ ហើយសប្បុរសជនខ្លះទៀតបានជួយឧបត្ថម្ភជាដងសេរ៉ូមជាដើម ទៅតាមលទ្ធភាព និងសទ្ធាជ្រះថ្លារៀងៗខ្លួន..។
លោកវេជ្ជបណ្ឌិត សេង ណុង ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា សម្ភារៈគ្រែពេទ្យចល័តនេះ មានសារៈសំខាន់ណាស់សម្រាប់អ្នកជម្ងឺ ដែលមកសម្រាកនៅខាងក្រៅបន្ទប់ពេទ្យ នៅពេលមន្ទីរទេទ្យនេះ មានអ្នកជម្ងឺច្រើនមកសម្រាកពេញអស់ក្នុងបន្ទប់ពេទ្យនីមួយៗ។
នាឱកាសនោះដែរ លោកស្រី សែម សុភី មានប្រសាសន៍ថា ក្នុងនាមតំណាងសប្បុរសជន លោកស្រីរីករាយបន្តជួយឧបត្ថម្ភជាសម្ភារៈ និងថវិកាជាដើម មកកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនេះ ទៅតាមលទ្ធភាពជាក់ស្តែង ក្នុងន័យមនុស្សធម៌ បន្ទាប់ពីបានទទួលដំណឹងថា ខាងមន្ទីរពេទ្យមានអ្នកជម្ងឺច្រើនរហូតដល់ពេលខ្លះខ្វះគ្រែ ដើម្បីសម្រាកព្យាបាលជំងឺ។
ព្រមជាមួយគ្នានេះ លោកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ តាមរយៈមន្ទីរពេទ្យបង្អែកខេត្ត ក៏បានជូនជាលិខិតថ្លែងអំណរគុណ ដល់សប្បុរសជន ដើម្បី ជាការលើកទឹកចិត្តដល់ការផ្តល់ជំនួយឧបត្ថម្ភខាងលើនេះផងដែរ៕ ដោយ៖ ដែន សីមា