Monday, July 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បទឈប់បាញ់រវាងកម្ពុជា និងថៃ យល់ព្រមដោយគ្មានលក្ខខណ្ឌក្នុងរយៈពេល២៤ម៉ោង នៅកណ្តាលអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥

ម៉ាឡេស៊ី៖ បទឈប់បាញ់រវាងកម្ពុជា និងថៃ យល់ព្រមដោយគ្មានលក្ខខណ្ឌក្នុងរយៈពេល២៤ នៅកណ្តាលអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះបើយោងតាមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ថ្លែងមុននេះបន្តិច។កិច្ចព្រមព្រៀងដែលជួយសង្គ្រោះជីវិតមនុស្ស មិនឱ្យបន្តស្លាប់ដោយសារតែការប្រយុទ្ធគ្នា និងមិនបន្តបន្សល់ទុកស្ត្រីមេម៉ាយ កូនកំព្រា ក៏ដូចជាជនភៀសសឹករាប់សែននាក់ សម្រាប់ប្រទេសកម្ពុជានិងថៃ។

សន្និសីទសារព័ត៌មានស្តីពីលទ្ធផល កិច្ចប្រជុំពិសេសនៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន ដើម្បីសម្រេចឲ្យមានបទឈប់បាញ់គ្នាជាបន្ទាន់រវាង កម្ពុជា-ថៃ ថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “កិច្ចប្រជុំថ្ងៃនេះ គឺជាកិច្ចប្រជុំដ៏ល្អ ហើយយើងទទួលបានលទ្ធផលល្អណាស់”។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីឯកឧត្ដម អាន់វ៉ា អ៊ីប្រាហ៊ីម ប្រធានអាស៊ានប្ដូរវេន៖ ក្នុងកិច្ចប្រជុំពិសេសនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការសម្របសម្រួលពីអាម៉េរិក និងចិននៅថ្ងៃនេះ ភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពលើ ៣ ចំណុចសំខាន់ៗក្នុងនោះទី១ ភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពលើការឈប់បាញ់ដោយគ្មានលក្ខខណ្ឌ ចាប់ពីម៉ោង ១២ នៃយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះតទៅ, ទី២.ភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពឱ្យបណ្ដាមេទ័ពនៅតាមបណ្ដាភូមិភាគដែលកំពុងមានជម្លោះតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរជួបពិភាក្សាគ្នានៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ស្អែកនេះ, ទី៣.ភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពឱ្យមានកិច្ចប្រជុំ JBC ដើម្បីបន្តដោះស្រាយបញ្ហាព្រំដែននៃប្រទេសទាំងពីរ ដែលគ្រោងរៀបចំធ្វើនៅដើមខែសីហា ខែក្រោយនេះ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី សង្ឃឹមថាទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងថៃ នឹងវិលទៅរកភាពប្រក្រតីវិញ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីសម្រេចឱ្យមានបទឈប់បាញ់គ្នាបន្ទាន់ ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជានិងថៃ បានឯកភាពគ្នាតាមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×