ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅថ្ងៃចន្ទនេះ បានមានប្រសាសន៍អបអរសាទរនូវលទ្ធផល នៃកិច្ចចរចាឈប់បាញ់ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ក្រោមកិច្ចសម្របសម្រួលពីម៉ាឡេស៊ី ប្រធានប្តូរវេនអាស៊ាន ដោយមានសហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងការចូលរួមពីតំណាងសាធារណរដ្ឋប្រជាមានិតចិន។ តាមរយៈលទ្ធផលខាងលើ យើងមានជំនឿជាក់យ៉ាងមុតមាំថា សន្តិភាពនឹងត្រលប់មកវិញនៅក្នុងតំបន់តាមព្រំដែន ប្រជាពលរដ្ឋនឹងឆាប់បានវិលត្រលប់ទៅកាន់ផ្ទះសម្បែង និងប្រកបរបររកទទួលទានតាមធម្មតាវិញបាន។
ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា “ខ្ញុំសូមសម្តែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា ដែលបានស្វះស្វែងរកដំណោះស្រាយចំពោះមុខបញ្ហានៅតាមបន្ទាត់ព្រំដែន។ ជាមួយគ្នានេះដែរ យើងខ្ញុំសូមឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធវីរយុទ្ធជនកម្ពុជាពលី និងបួងសួងដល់វិញ្ញាណក្ខ័ន្ធជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍ផ្ទុះអាវុធ ចាប់ពីថ្ងៃទី២៤ ខែកក្កដា មកនេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ជាពិសេស ស្មារតីមហាសាមគ្គីរបស់បងប្អូនជនរួមជាតិទូទាំងប្រទេស និងក្រៅប្រទេស ដែលបានគាំទ្រទាំងស្មារតី និងសម្ភារៈ បញ្ជូនទៅដល់បងៗកងកម្លាំងនៅជួរមុខ ព្រមទាំងជួយដល់ជនភៀសសឹកផងដែរ។
ទោះបី បទឈប់បាញ់ត្រូវបានកំណត់ចាប់ពី ម៉ោង ២៤:០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ យប់នេះក៏ដោយ ក៏យើងទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ ចៀសវាងការរៀបចំណាមួយក្នុងចេតនាបំផ្លិចបំផ្លាញសមិទ្ធផល នៃការចរចា និងការប្តេជ្ញាចិត្តជាអន្តរជាតិរបស់ភាគីទាំង២”៕ រក្សាសិទ្ធដោយ៖សុទ្ធលី






