សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថាកម្ពុជាមានមោទនភាពដែលជាសមាជិកអាស៊ានដំបូងគេបង្អស់ និងជាប្រទេសទីពីរនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលបានបញ្ចប់ការវាយតម្លៃដ៏ទូលំទូលាយស្តីពីឱកាសសម្រាប់ស្ត្រីក្នុងប្រតិបត្តិការរក្សាសន្តិភាព (MOWIP) ក្នុងឆ្នាំ២០២៣ ដែលផ្តល់មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការកែទម្រង់គោលនយោបាយ និងកែទម្រង់ស្ថាប័ន។
សម្តេចប្រធានរដ្ឋសភាបានមានប្រសាសន៍ដូច្នេះ នៅក្នុងបទអន្តរាគមន៍ក្នុងកិច្ចប្រជុំកំពូលលើកទី១៥ នៃប្រធានសភាស្ត្រី (15SWSP)ក្រោមមូលបទ«ការដឹកនាំដើម្បីសន្តិភាពរួម និងមានចីរភាព » នៅទីក្រុង ហ្សឺណែវ ប្រទេសស្វីសនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលមានគណៈប្រតិភូប្រធានសភាជាស្រ្តីមកពី៣០ប្រទេស ចូលរួម។
នៅក្នុងបទអត្តរាគមន៍ប្រកបដោយខ្លឹមសារនោះ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថាឆន្ទៈរបស់កម្ពុជា គឺដើម្បីផ្តល់សិទ្ធអំណាចដល់ស្ត្រីក្នុងប្រតិបត្តិការរក្សាសន្តិភាព គឺដើម្បីធានាបាននូវនិរន្តភាពយូរអង្វែង។ បច្ចុប្បន្ន ស្ត្រីកម្ពុជាបម្រើការងារយ៉ាងល្អប្រសើរក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិ ដែលជាវិភាគទានរបស់ស្រ្តីកម្ពុជាឆ្លុះបញ្ចាំងពីបេះដូងនៃកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាពនិងការស្រឡាញ់សន្តិភាពរបស់កម្ពុជា។
ចាប់តាំងពីឆ្នាំ២០០៦ មក កម្ពុជាបានបញ្ជូនកងរក្សាសន្តិភាពជិត ១ម៉ឺននាក់ ដែលក្នុងនោះមានស្ត្រីចំនួន ៩០០ នាក់។ យើងមានគោលដៅបង្កើនការចូលរួមរបស់ ស្រ្តីនៅក្នុងការរក្សាសន្តិភាពឱ្យបានយ៉ាងតិច ២០%។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា យើងក៏បានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់របៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ នៅកម្រិតតំបន់ និងអន្តរតំបន់ផងដែរ។ ក្នុងឆ្នាំ២០២១ ក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រធានកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP) កម្ពុជាបានរៀបចំវេទិកាអាស៊ី-អឺរ៉ុបលើកទីមួយ ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ ដែលនេះបានបង្ហាញយ៉ាងច្បាស់ពីឆន្ទៈក្នុងអនុវត្តឱ្យបានពេញលេញនូវសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ UNSCR 1325 និងសេចក្តីសម្រេចចិត្តពាក់ព័ន្អដ៏ទៃផ្សេងៗទៀត។
ជាមួយគ្នានេះ ក្នុងអំឡុងពេល កម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាក៏បានជំរុញរបៀបវារៈ ស្រ្តី សន្តិភាព និងសន្តិសុខ (WPS) ។ សម្តេចរដ្ឋសភាធិបតី គូសបញ្ជាក់ថាការជំរុញរបៀបវារៈ ស្រ្តី សន្តិភាព និងសន្តិសុខ (WPS) របស់កម្ពុជា តាមរយៈ៖
- ផែនការសកម្មភាពថ្នាក់តំបន់អាស៊ានស្តីពីស្រ្តី សន្តិភាព និង សន្តិសុខ
- ឯកសារទស្សនាទានស្តីពីកងរក្សាសន្តិភាពស្ត្រីនៅតំបន់អាស៊ាន និង
- សេចក្តីសម្រេចចិត្តស្តីពីការលើកកម្ពស់តួនាទីសមាជិកសភាស្ត្រីក្នុង WPS ដែលត្រូវបានអនុម័តនៅក្នុងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣។
“កម្ពុជាក៏កំពុងដឹកនាំក្រុមការងារផ្តល់ប្រឹក្សាយោបល់របស់អាស៊ានលើរបៀបវារៈស្រ្តី សន្តិភាព និងសន្តិសុខ។ ឆ្ពោះទៅមុខ យើងត្រូវពង្រឹងក្របខ័ណ្ឌច្បាប់ លើកកម្ពស់ភាពជាដៃគូ កសាងសមត្ថភាពដឹកនាំ និងលើកកម្ពស់ការផ្លាស់ប្តូរចំណេះដឹងដើម្បីផ្តល់ភាពអង់អាចដល់ស្រ្តីក្នុងដំណើរការសន្តិភាព។”នេះបើតាមការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា នៅក្នុងកិច្ចប្រជុំកំពូលលើកទី១៥ នៃប្រធានសភាស្ត្រី។
ទោះយ៉ាងណាជាមួយការលើកឡើងប្រកបដោយក្តីមោទនភាពបែបនេះ សម្តេចប្រធានរដ្ឋសភា ក៏មានអារម្មណ៍ក្តុកក្តួលជាខ្លំាងរហូតស្រក់ទឹកភ្នែកអាណិតពលរដ្ឋខ្លួនដែលបានរងគ្រោះពីការវាយប្រហារនៅក្នុងការឈ្លានពានរបស់ថៃ។ “ស្រ្តី និងកុមារ គឺជាជនដែលត្រូវទទួលរងផលប៉ះពាល់ខ្លាំងជាងគេបង្អស់ពីការឈ្លានពាននេះ។ “នេះជាការគូសបញ្ជាក់របស់សម្តេចរដ្ឋសភាធិបតី។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា កម្ពុជាសូមអំពាវនាវឱ្យយោធាថៃបញ្ឈប់ការរំលោភឈ្លានពានមកលើកម្ពុជា ដែលនេះជាការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយបានរំលោភទៅលើអធិបតេយ្យភាព និងបូរណភាពទឹកដី នៃរដ្ឋធិបតេយ្យមួយ។ក្នុងទង្វើឈ្លានពាននេះ យោធាថៃបានប្រើប្រាស់គ្រាប់បែកចង្កោម អាវុធគីមី យន្តហោះចម្បាំងដ៏មានអំណាច F-16 ដ្រូន និងគ្រឿងសព្វាវុធធន់ធ្ងន់ជាច្រើន ដែលបានសម្លាប់ប្រជាជនស្លូតត្រង់ និងធ្វើឱ្យពលរដ្ឋកម្ពុជារាប់សែននាក់ត្រូវបាត់បង់ទីជម្រក និងជីវភាពរស់នៅប្រចាំថ្ងៃ ហើយមន្ទីរពេទ្យ សាលារៀន ទឹក ភ្លើង ទទួលរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី


















