Tuesday, July 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្នាក់ដឹកនាំខេត្តកំពង់ចាមនាំគ្នាបួងសួងវត្តភ្នំហាន់ជ័យកន្លែងបារមីពូកែនិងសូមឱ្យសង្គ្រាមកម្ពុជា-ថៃឆាប់រលត់ទៅវិញ

ខេត្តកំពង់ចាម: វត្តភ្នំហាន់ជ័យស្ថិតនៅប្របតាមដងទន្លេមេគង្គក្នុងឃុំហាន់ជ័យស្រុកកំពង់សៀម នៅលើទីទួលធំទូលាយជាមួយនោះមានសាលាឆាន់ព្រះវិហារព្រមទាំងសមិទ្ធផលផ្សេងទៀត។ទីនេះតែងតែមានភ្ញៀវជាតិនិងអន្តរជាតិធ្វើដំណើរមកលេងជារៀងរាល់ថ្ងៃ អ្នកខ្លះបានបួងសួងប្រាថ្នាសុំអ្វីមួយតែងតែបានដូចបំណង ហើយថែមទាំងមានបារមីស័កសិទ្ធិពូកែ ដោយថ្នាក់ដឹកនាំខេត្តបាននាំគ្នាអុជធូបបួងសួងឱ្យសង្គ្រាមកម្ពុជា-ថៃកើតឡើងឆាប់ចប់ទីបំផុត សម្ដេចបវរអធិបតីហ៊ុនម៉ាណែតនិងនាយករដ្ឋមន្ត្រីស្ដីទីថៃបានឯកភាពលើបទឈប់បាញ់ដោយឥតលក្ខខណ្ឌចាប់ពីម៉ោង១២យប់កណ្ដាលអាធ្រាត្រថ្ងៃនេះក្រោមការសម្របសម្រួលពីមហាអំណាចលើពិភពលោក។

លោកតាអាចារ្យព្រោន សេង អាយុ៧៤ ឆ្នាំនៅវត្តហាន់ជ័យ មានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី២៨កក្កដា ឆ្នាំ២០២៥ ថា: រូបគាត់បានមកធ្វើជាអាចារ្យវត្តនៅទីនេះតាំងពីមុនមកដល់សព្វថ្ងៃបានរយៈពេល១៥ឆ្នាំហើយ ជារឿយៗតែងតែឃើញពុទ្ធបរិស័ទជិតឆ្ងាយដែលមានជំនឿលើព្រះពុទ្ធសាសនាធ្វើដំណើរមកអុជធូបបួងសួងសុំសេចក្តីសុខក្នុងក្រុមគ្រួសារ
និងខ្លះទៀតដែលរៀបការយូរឆ្នាំហើយមិនមានកូនលុះពេលមកបួងសួងនៅទីអារាមនេះ ក្រោយមកក៏មានកូនដូចបំណងប្រាថ្នា ហើយអ្នកខ្លះទៀតត្រូវបានព្រះចៅអធិការជួយប្រោសព្រំធ្វើឲ្យជីវភាពបានធូរស្រាលនិងមិនភ្លេចគុណព្រមទាំងបរិច្ចាគបច្ច័យសម្រាប់សាងសង់សមិទ្ធផលក្នុងទីអារាមនេះ។

លោកតាអាចារ្យរូបនេះបានបន្តឲ្យដឹងទៀតថា រាល់ថ្ងៃទីអារាមមួយនេះត្រូវបានគ្រប់គ្រងដោយព្រះមេគណខេត្តព្រះគ្រូ
ប៊ត តាំងឆេង និងជាព្រះចៅអធិការវត្តភ្នំហាន់ជ័យ ដោយសារព្រះអង្គបួសរៀនព្រះធម៌ច្រើនវស្សា គឺមានប្រជាពលរដ្ឋក្នុងនោះខ្លះជាអាជីវករលក់ដូរ បានមកឱ្យចៅអធិការវត្តជួយធ្វើខ្សែគាតថាសម្រាប់យកទៅរកស៊ី ដោយទទួលបានពរជ័យអ្នកនោះបានរកចេះតែចំណេញនិងចម្រុងចម្រើនក្នុងក្រុមគ្រួសារ។រហូតដល់មានសទ្ធាជ្រះថ្លាជួយកសាងសមិទ្ធផលក្នុងបរិវេណវត្តភ្នំហាន់ជ័យដូចជាសាលាឆាន់ ព្រះវិហារ កុដិសម្រាប់ព្រះសង្ឃគង់រៀនព្រះធម៌។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៨កក្កដា ឯកឧត្តមខ្លូត
ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តព្រមទាំងមន្ត្រីរាជការជាច្រើនរូបបានយកទៀនវស្សាមកប្រគេនព្រះចៅអធិការវត្ត ព្រមទាំងបានអុជធូបបួងសួងដល់ទេវតា ឲ្យតាមជួយថែរក្សាដល់កងកម្លាំងវីរៈយុទ្ធជនដែលកំពុងតែជាប់ដៃប្រយុទ្ធនៅព្រំដែនកម្ពុជា-ថៃ ឱ្យទទួលបានជោគជ័យនិងឈ្នះលើមារសត្រូវទៀតផង។

លោកតាអាចារ្យព្រោន សេង បញ្ជាក់ថា
ក្នុងរដូវបុណ្យភ្ជុំខាងមុខព្រះចៅអធិការវត្តតែងតែជួលក្រុមតន្ត្រីមកដាក់នៅបរិវេណវត្តឱ្យបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីរាំកំសាន្តសប្បាយលេងហើយឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក៏ដូច្នោះដែរ។ មានពេលខ្លះជួលតារាកំប្លែងមកសម្ដែងដើម្បីឲ្យប្រជាពលរដ្ឋមើលនិងរាំកម្សាន្តលេងក្នុងទិដ្ឋភាពមនុស្សច្រើនកុះករ។

លោកសឹង ភារម្យ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបានឲ្យដឹងនារសៀលថ្ងៃទី២៨កក្កដាថា នៅលើបរិវេណវត្តភ្នំហាន់ជ័យគឺមានប្រសាទគុកខាងត្បូងសង់អំពីឥដ្ឋក្នុងសម័យចេនឡាសតវត្សទី៧ ដោយឆ្លងកាត់ពីសម័យមួយទៅសម័យមួយ។ពិសេសពេលដែលឆ្លងកាត់ភ្លើងសង្គ្រាមធ្វើឲ្យតួប្រាសាទផ្នែកខាងក្រោមត្រូវបានបាក់បែកហើយមកដល់សព្វថ្ងៃនេះត្រូវបានក្រុមបច្ចេកទេសរបស់ក្រសួងវប្បធម៌ ធ្វើការជួសជុលស្អាតឡើងវិញ។ហើយតំបន់នេះក៏ជាកន្លែងទេសចរណ៍មួយសំខាន់ទាក់ទាញមនុស្សមកលេងច្រើនក្នុងរដូវបុណ្យទាន ហើយរាល់ថ្ងៃមានកម្លាំងនគរបាលទេសចរណ៍យាមជាប្រចាំទៀតផង៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×