Tuesday, July 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជំរុញនិងលើកទឹកចិត្តឱ្យវិនិយោគិនចិន មកបណ្តាក់ទុនធ្វើប្រតិបត្តិការអាជីវកម្មឱ្យកាន់តែច្រើនឡើងបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុងវិស័យមានសក្តានុពលខ្ពស់

ភ្នំពេញ ៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុង “វេទិកាជំរុញផ្សព្វផ្សាយសួនឧស្សាហកម្មកម្ពុជា-ចិន” ដែលមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តម ចឹង យ័នតុង (Zheng Yuandong) អគ្គលេខាធិការរង នៃរដ្ឋាភិបាលប្រជាជន នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី លោកស្រី ចឹង លីង (Zheng Ling) អភិបាលរងទីក្រុងប៉ីហាយ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ គណៈប្រតិភូរដ្ឋាភិបាលតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី និងវិនិយោគិន-ធុរជនកម្ពុជានិងចិន ជាច្រើនរូប នារសៀលថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥។ នៅសណ្ឋាគារសុខាភ្នំពេញ។

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារចំពោះកិច្ច ដើម្បីសិក្សា និងជំរុញការសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន របស់ក្រសួងពាណិជ្ជកម្ម និងក្រុមការងាររបស់តំបន់ស្វ័យតជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានសហការរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះឡើង ដែលវេទិកានេះ ពិតជាមានសារៈសំខាន់ក្នុងការជំរុញពន្លឿនការសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន ទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅក្នុងសាធារណរដ្ឋប្រជាមានិតចិន ស្របតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការកសាងសួនឧស្សាហកម្មកម្ពុជា-ចិន ដែលត្រូវបានចុះហត្ថលេខាដោយក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីខែតុលា ឆ្នាំ២០២៣ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ក្រោមសក្ខីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន។

លោកជំទាវរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យក្រុមការងារចម្រុះសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន ជួបប្រជុំពិភាក្សាឱ្យបានទៀងទាត់ និងញឹកញាប់ដោយកំណត់ផែនការសកម្មភាពឱ្យបានជាក់លាក់ ដើម្បីអាចសម្រេចបានតាមផែនការដែលបានគ្រោងទុក និងរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មនានាឱ្យបានជាប្រចាំនិងញឹកញាប់ទាំងនៅកម្ពុជានិងនៅចិន ដើម្បីបង្កើនឱកាសក្នុងការចាប់ដៃគូធុរកិច្ច និងវិនិយោគ ព្រមទាំងជំរុញនិងលើកទឹកចិត្តឱ្យវិនិយោគិនចិន មកបណ្តាក់ទុនធ្វើប្រតិបត្តិការអាជីវកម្មឱ្យកាន់តែច្រើនឡើងបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុងវិស័យមានសក្តានុពលខ្ពស់ ដែលអាចថ្ពក់ទៅនឹងខ្សែច្រវាក់ផលិតកម្មនៅប្រទេសចិន ដូចជា កសិកម្មទំនើប ឧស្សាហកម្មកែច្នៃចំណីអាហារ វិស័យយានយន្ត អេឡិចត្រូនិក និងបច្ចេកវិទ្យាឌីជីថល ជាដើម សំដៅបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យវិស័យឯកជននៃប្រទេសទាំងពីរ ទាញយកប្រយោជន៍ឱ្យបានជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលប្រទេសទាំងពីរជាសមាជិក ជាពិសេសកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ដែលទើបបញ្ចប់ការចរចាតម្លើងកម្រិត និងគ្រោងចុះហត្ថលេខាក្នុងពេលឆាប់ៗខាងមុខនេះ និងជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែលគណៈកម្មការចម្រុះនៃប្រទេសទាំងពីរគ្រោងនឹងជួបប្រជុំលើកទី២ នៅដើមខែកញ្ញា ឆ្នាំ២០២៥ នេះ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវរដ្ឋមន្ត្រី ក៏បានអញ្ជើញផ្តល់កិត្តិយសចូលរួមធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាជីវកម្ម ចំនួន៩ រវាងក្រុមហ៊ុនកម្ពុជា និងចិន ក្នុងគោលបំណងជំរុញការវិនិយោគបន្ថែមលើវិស័យសំខាន់ៗ ដូចជា ថាមពលថ្មី វិស័យកាត់ដេរ ការកែច្នៃ និងជំរុញការនាំចេញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ក៏ដូចជាផ្សព្វផ្សាយនិងលើកកម្ពស់វិស័យទេសចរណ៍ និងវប្បធម៌រវាងប្រទេសទាំងពីរ ផងដែរ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×