ភ្នំពេញ ៖ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តាមរយៈបណ្តាញសង្គម នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា កងទ័ពកម្ពុជា បានគោរពបទឈប់បាញ់ ចាប់តាំងពីម៉ោង២៤:០០យប់មិញ រហូតមកដល់បច្ចុប្បន្ន ប្រកបដោយភាពអត់ធ្មត់ យើងច្រានចោលការលើកឡើងរបស់កងទ័ពជើងគោកថៃ និងបណ្តាព័ត៌មានរបស់ថៃ ដែលបានចោទកម្ពុជា រំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងបន្ថែមថា ដើម្បីបង្ហាញពីឆន្ទៈយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ថ្ងៃនេះថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា នឹងដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកពាក់ព័ន្ធ ដើម្បីទៅឃ្លាំមើលទាំងទីតាំង ទាំងសភាពការណ៍ជាក់ស្តែងលើបញ្ហាព្រំដែនកម្ពុជា-ថៃ។
ឯកឧត្តម ទៀ សីហា បានបន្តថា ព្រឹកមិញ ឯកឧត្តម ក៏បានទំនាក់ទំនង (តាមទូរស័ព្ទ) ជាមួយរដ្ឋមន្ត្រីការពារជាតិស្តីទីថៃ ពិភាក្សាគ្នាលើបញ្ហាមួយចំនួន ដែលបានកើតឡើង ក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់។ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ខាងមុននេះ ក្រសួងការពារជាតិកម្ពុជា នឹងធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ GBC ដែលមានការចូលរួមពីភាគីថៃ នៅរាជធានីភ្នំពេញ យោងតាមសេចក្តីថ្លែងការណ៍នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥៕រក្សាសិទ្ធដោយ៖សុទ្ធលី


