Wednesday, July 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ចេញសេចក្តីថ្លងការណ៍ស្ដីពីបទឈប់បាញ់ និងសន្តិភាពរវាងកម្ពុជា និងថៃ

ភ្នំពេញ ៖ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥បានចេញសេចក្តីថ្លងការណ៍ស្វាគមន៍យ៉ាងស្មោះអស់ពីចិត្តចំពោះបទឈប់បាញ់ភ្លាមៗ និងឥត លក្ខខណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលបានធ្វើឡើងនៅទីក្រុង Putrajaya ប្រទេស ម៉ាឡេស៊ី នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំពិសេសដែលដឹកនាំដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ក្នុងនាមជាប្រធានអាស៊ាន។ ការចូលជាធរមាននៃបទឈប់បាញ់នៅពាក់កណ្តាលអាធ្រាត្រ គឺជាចំណុច របត់មួយក្នុងឯកភាព និងមជ្ឈភាពរបស់អាស៊ាន ដោយឈរលើមូលដ្ឋាននៃសន្តិភាពតាមរយៈកិច្ចសន្ទនា ការទូត ច្បាប់អន្តរជាតិ និងយុត្តិធម៌។

យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការដឹកនាំរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីស្តីទីថៃ ឯកឧត្តម Phumtham Wechayachai សម្រាប់សុច្ឆន្ទៈដ៏ស្មោះស្ម័គ្រ និងការខិតខំប្រឹងប្រែងឆ្ពោះទៅរកសន្តិភាព។ យើងក៏សូមថ្លែងអំណរគុណចំពោះលោក ប្រធានាធិបតី Donald Trump និងការចូលរួមរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងការសម្របសម្រួល និងតាមដាន កិច្ចពិភាក្សាសន្តិភាព។ យើងសូមថ្លែងអំណរគុណចំពោះមេដឹកនាំពិភពលោក រួមទាំងពីប្រទេសជប៉ុន និងចក្រភព អង់គ្លេស សម្រាប់ការគាំទ្រចំពោះបទឈប់បាញ់នេះ ជាការពិតណាស់ ព្រឹត្តិការណ៍ដ៏សំខាន់នេះឆ្លុះបញ្ចាំងពីការ ប្តេជ្ញាចិត្តក្នុងតំបន់និងអន្តរជាតិដ៏រឹងមាំ និងស្មោះត្រង់ក្នុងការស្ដារសន្តិភាព ស្ថិរភាព និងកិច្ចសន្ទនានៅក្នុងតំបន់ ព្រំដែនកម្ពុជា-ថៃ។

យើងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារជនរងគ្រោះជាជនស៊ីវិល និងទាហានទាំងសងខាង ចំពោះការបាត់បង់បងប្អូនជនរួមជាតិក្នុងជម្លោះដ៏អកុសល និងមិនចាំបាច់ ហើយគួរតែចៀសវាងបាននេះ។ យើងសូម បួងសួងឱ្យជនដែលរងរបួសទាំងអស់ឱ្យឆាប់ជាសះស្បើយ និងឆាប់បានវិលត្រឡប់ទៅបំពេញការងាររៀងៗខ្លួនវិញ។ ចំពោះជនភៀសសឹកដែលផ្លាស់ទីលំនៅ យើងសូមអំពាវនាវឱ្យមានការឆ្លើយតបផ្នែកមនុស្សធម៌ឱ្យបានគ្រប់ជ្រុងជ្រោយ និងប្រកបដោយទំនួលខុសត្រូវពីរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល រួមទាំងអង្គការសហប្រជាជាតិ អាស៊ាន ភាគី ពាក់ព័ន្ធក្នុងតំបន់ និងអង្គការមនុស្សធម៌ផ្សេងទៀត ដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់ រួមទាំងអាហារ ទីជម្រក និងតម្រូវការជាមូលដ្ឋាននៅក្នុងតំបន់ជម្លោះ។

ខណៈដែលយើងធ្វើការថ្កោលទោសចំពោះទង្វើនៃការឈ្លានពានរបស់ថៃ និងការបំពាននូវច្បាប់អន្តរជាតិ សន្ធិសញ្ញា និងអនុសញ្ញាដែលមានស្រាប់ផ្សេងទៀត ដូចជាការប្រើប្រាស់គ្រាប់បែកចង្កោម និងសង្គ្រាមចម្រុះ (Hybrid Warfare) យើងក៏សូមកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ក្នុងការប្តេជ្ញាចិត្ត ចំពោះសន្តិភាព។ យើងជំរុញឱ្យភាគីទាំងពីរអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងដោះស្រាយជម្លោះដោយ សន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដែលមានធម្មនុញ្ញអង្គការសហប្រជាជាតិជាស្នូល។ យើងក៏សូមអំពាវនាវដល់ សហគមន៍អន្តរជាតិឱ្យចូលរួម និងត្រួតពិនិត្យនូវកិច្ចខិតខំប្រឹងប្រែងអនុវត្ត និងការពារតំបន់បេតិកភណ្ឌវប្បធម៌ រួម ទាំងប្រាសាទព្រះវិហារដែលចុះក្នុងបញ្ជីរបស់អង្គការយូណេស្កូ និងប្រាសាទវប្បធម៌ផ្សេងទៀតក្នុងប្រទេសកម្ពុជា ដែលស្ថិតក្រោមការវាយប្រហារដោយកាំភ្លើងធំ និងការទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពថៃ។

យើងសូមបញ្ជាក់ជាថ្មី ពីការយកចិត្តទុកដាក់របស់យើងក្នុងការចូលរួមសហគមន៍ពិភពលោកដែលស្រឡាញ់ សន្ដិភាព ដើម្បីជំរុញសុខសន្តិភាព សន្តិសុខ ស្ថិរភាព និងការគោរពចំពោះអធិបតេយ្យភាព និងបូរណភាព ទឹកដីនៃប្រទេសជាតិ។ បទឈប់បាញ់នេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកសាងទំនុកចិត្តឡើងវិញ កាត់បន្ថយបញ្ហាប្រឈមមនុស្សធម៌ ជំរុញកិច្ចសន្ទនារវាងកម្ពុជានិងថៃ និងការពង្រឹងសន្ទុះអន្តរជាតិក្នុងសន្តិភាព ការអភិវឌ្ឍ ចីរភាព និងការស្តារឡើងវិញជាសកល៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×