Wednesday, July 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នឹងបង្កើតក្រុមសង្កេតការណ៍ដែលមានអនុព័ន្ធយោធាម៉ាឡេស៊ី ជាប្រធាន ដើម្បីចេញសង្កេតការណ៍នៅថ្ងៃស្អែកនេះ

ភ្នំពេញ ៖ រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ តាន់ស្រុី អេចជេ ម៉ូដ នីហ្សាមប៊ីន អេចជេ ចាហ្វា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងឱកាសដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងសេចក្តីសោមនស្សរីករាយ និងស្វាគមន៍ដំណើរបំពេញទស្សនកិច្ចរបស់ឯកឧត្តមអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ដើម្បីសម្របសម្រួលការអនុវត្តបទឈប់បាញ់ និងវិលត្រលប់ទៅរកភាពប្រក្រតីឡើងវិញ។

ឯកឧត្តម អគ្គមេបញ្ជាការ បានសំណូមពរឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងការជួយតាមដានសភាពការណ៍ និងសម្របសម្រួលក្រុមសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ដើម្បីកម្ពុជាឈានទៅទទួលបានសន្តិភាព គណនេយ្យភាព និងនិរន្តរភាព។

ក្នុងកិច្ចឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ នីហ្សាម ចាហ្វា បានគូសបញ្ជាក់ពីដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅកម្ពុជា ក្នុងគោលបំណងសំខាន់គឺធ្វើឲ្យប្រាកដនូវនិតិវិធី និងដំណើរការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ប្រកបដោយលទ្ធផលល្អ។

ឯកឧត្តម អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានបញ្ជាក់ថា នឹងបង្កើតក្រុមសង្កេតការណ៍ចំនួនពីរក្រុម ដែលមួយក្រុមមានអនុព័ន្ធយោធារបស់ម៉ាឡេស៊ី ប្រចាំកម្ពុជា ជាប្រធាន ហើយមួយក្រុមទៀត មានអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំប្រទេសថៃ ជាប្រធាន ដើម្បីចេញសង្កេតការណ៍នៅថ្ងៃស្អែកនេះ។

ឯកឧត្តម អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បញ្ជាក់ថា បន្ទាប់ពីកិច្ចពិភាក្សានេះរួច លោកនឹងចុះតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅយប់នេះ ដើម្បីធ្វើការជាមួយអគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ មេបញ្ជាការយោធភូមិភាគទី១, ទី២របស់ថៃ និងមេបញ្ជាការយោធភូមិភាគទី៤, ទី៥ កម្ពុជា។

ជាចុងបញ្ចប់ ឯកឧត្តម អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានសម្ដែងនូវសុទិដ្ឋនិយម និងជឿជាក់យ៉ាងមុតមាំថា សន្តិភាពនឹងទទួលបានពិតប្រាកដ និងមានរយៈពេលវែង តាមរយៈការខិតខំធ្វើដោយស្មោះត្រង់ តម្លាភាព និងការជឿទុកចិត្តគ្នា៕រក្សាសិទ្ធដោយ៖សុទ្ធលី

×