រាជធានីភ្នំពេញ ៖ ធនាគារជាតិ នៃ កម្ពុជានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥បានចេញសេចក្ដីណែនាំ ស្តីពីវិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។
ឆ្លើយតបនឹងការអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីន ព្រះរាជាណាចក្រកម្ពុជា និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ ព្រមទាំងដើម្បីរួមគ្នាជួយសម្រាលបន្ទុកដល់ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ធនាគារជាតិនៃកម្ពុជា ក្រោយពីបានពិភាក្សា ជាមួយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សម្រេចដាក់ចេញនូវសេចក្ដីណែនាំដូចខាងក្រោម៖
១. ណែនាំឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្តល់ការអនុគ្រោះដល់អតិថិជនជាជនភៀសសឹក ដោយ៖
ក. លើកលែងរាល់កម្រៃនិងការផាកពិន័យពាក់ព័ន្ធនឹងឥណទានចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ និង
ខ. លើកលែងការទូទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងប្រាក់ដើម ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ ចំពោះការអនុគ្រោះនេះ គ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុមិនត្រូវធ្វើមូលធនកម្មការប្រាក់លើប្រាក់ដើមនោះទ
២. ណែនាំឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុលុបចោលឥណទានរហូតដល់ចំនួន ៨០ (ប៉ែតសិប) លានរៀល របស់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី
៣. តម្រូវឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបន្តអនុវត្តការរៀបចំឥណទានឡើងវិញចំពោះអតិថិជន ផ្សេងទៀត ស្របតាមបទប្បញ្ញត្តិជាធរមាន និង
៤. លើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្តល់ការអនុគ្រោះពិសេសបន្ថែមទៀត តាមលទ្ធភាព
ជាក់ស្តែងដល់ពលករដែលទើបត្រឡប់មកពីប្រទេសថៃ និងយោធិនជួរមុខ។
គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុត្រូវចូលរួមអនុវត្តសេចក្ដីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕ ក្សាសិទ្ធដោយ៖សុទ្ធលី


























