(ខេត្តព្រះវិហារ) ៖ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន ដឹកនាំការអប់រំផ្សព្វផ្សាយការយល់ដឹងអំពីគ្រាប់បែកចង្កោម និងយុទ្ធភណ្ឌគ្រឿងផ្ទុះ ដល់ប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅទីតាំងសុវត្ថិភាពក្នុងខេត្តព្រះវិហារ។ ការអប់រំផ្សព្វផ្សាយនេះ មានការចូលរួមពីអាជ្ញាធរដែនដី កាកបាទក្រហមកម្ពុជា ប្រតិបត្តិករសកម្មភាពមីន និងភាគីពាក់ព័ន្ធដទៃទៀត។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា វត្តមានរបស់ឯឧត្តម គឺមិនមែនក្នុងនាមត្រឹមតែជាមន្ត្រីរាជការនោះទេ តែក្នុងនាមជាបងប្អូនខ្មែរមួយរូប ដែលមកចូលរួមឈឺចាប់ ផ្តល់កម្លាំងចិត្ត និងក្តីសង្ឃឹមដល់បងប្អូនជនភៀសសឹកទាំងអស់។ ឯកឧត្តមបន្តថា ភាពក្លាហានរបស់ពុកម៉ែ បងប្អូនជនភៀសសឹក ក្នុងការប្រឈមនឹងភាពភ័យខ្លាច ភាពអត់ធ្មត់ក្នុងអំឡុងពេលភៀសខ្លួន និងការរួបរួមគ្នានៅក្នុងអំឡុងពេលដ៏ខ្មៅងងឹតនេះ បានចាប់យកបេះដូងរបស់ជាតិខ្មែរទាំងមូល ហើយវត្តមានរបស់ឯកឧត្តម និងសហការី គឺជាការចូលរួមជាមួយបងប្អូនជនភៀសសឹកដោយផ្ទាល់ ដើម្បីជាការរួមសុខរួមទុក្ខ ជាមួយគ្នា។
ឯកឧត្តមទេសរដ្ឋមន្ត្រីលើកឡើងថា ទាំងអស់គ្នា បានដឹងអំពីការលំបាករបស់បងប្អូនជនភៀសសឹក ដែលបានចាកចោលផ្ទះសំបែង ភៀសខ្លួនចេញពីគ្រាប់រំសេវ ដឹកកូន ចៅ តាយាយចាស់ជរា និងទ្រព្យសម្បត្តិបន្តិចបន្តួច ដែលអាចយកតាមខ្លួនបាន ហើយនៅពេលស្ថានភាពបានធូរស្រាល បងប្អូនជនភៀសសឹកនឹងអាចត្រលប់ទៅផ្ទះសំបែងខ្លួនវិញ ប៉ុន្តែត្រូវចងចាំថា គ្រោះថ្នាក់ដែលបន្សល់ទុកដោយសង្គ្រាមនេះ គឺនៅមិនទាន់បញ្ចប់នៅឡើយទេ។
ឯកឧត្តមបណ្ឌិតលើកឡើងផងដែរថា ការអប់រំអំពីហានិភ័យនៃអាវុធជាតិផ្ទុះថ្ងៃនេះ គឺមិនមែនត្រឹមតែជាការបង្រៀនមេរៀននោះទេ តែវាគឺជាការការពារអាយុជីវិត ជាការផ្តល់ចំណេះដឹងដើម្បីការពារអាយុជីវិតពុកម៉ែ បងប្អូន និងកូនចៅតូចៗរបស់យើង។ សំណល់ជាតិផ្ទុះពីសង្គ្រាម ពិតជាគ្រោះថ្នាក់ខ្លាំង ហើយនៅពាសពេញស្រែចម្ការ ព្រៃភ្នំ និងតាមច្រាំងទន្លេ ប៉ុន្តែប្រសិនបើពុកម៉ែ បងប្អូន កូនក្មួយ ស្គាល់គ្រាប់ទាំងនេះ អាចចៀសចេញពីវា ហើយចេះរាយការណ៍អំពីវា នោះគ្រោះថ្នាក់ទាំងនេះ នឹងបាត់រសាត់អស់ជាមិនខាន ហើយអ្វីដែលបងប្អូនជនភៀសសឹក បានរៀនសូត្រ និងស្វែងយល់នៅថ្ងៃនេះ នឹងអាចជួយសង្គ្រោះអាយុជីវិតមនុស្សជាទីស្រលាញ់របស់ខ្លួន។
ឯកឧត្តម បានជម្រាបដល់បងប្អូនជនភៀសសឹកដែរថា ទោះបីបាត់បង់អ្វីៗជាច្រើន ប៉ុន្តែមិនត្រូវបាត់បងសិទ្ធិរស់នៅដោយសុវត្ថិភាព សិទ្ធិរស់នៅដោយសន្តិភាព និងសិទ្ធិវិលត្រលប់ទៅកាន់ផ្ទះសំបែងវិញ ដោយគ្មានការភ័យខ្លាចនោះទេ។ យើងអាចចាប់ផ្តើមជីវិតរបស់យើងជាថ្មី យើងអាចសាងសង់ផ្ទះរបស់យើងឡើងវិញ ប៉ុន្តែដំបូងបង្អស់ យើងត្រូវចាប់ផ្តើមយល់ដឹងអំពីអាវុធជាតិផ្ទុះទាំងនេះ ហើយសំខាន់បំផុត គឺចាប់ផ្តើមពីពុកម៉ែ បងប្អូន កូនក្មួយនៅទីនេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងការនឹករំលឹកដល់វីរកងទ័ពដ៏មោះមុត ដែលកំពុងឈរនៅសមរភូមិជួរមុខ ស៊ូទ្រាំរងការវាយប្រហារ ដើម្បីការពារយើងទាំងអស់គ្នា ការពារទឹកដីជាទីស្រលាញ់របស់យើង ការពារផ្ទះសំបែងរបស់យើង និងការពារអនាគតរបស់យើងទាំងអស់គ្នា។ វីរកងទ័ពរបស់យើងអាចរងគ្រោះថ្នាក់ អាចបាត់បង់ជីវិត តែវីរកងទ័ពរបស់យើង នៅតែរក្សាបានមោទនភាពជាតិ កិត្តិយស និងមិនចុះចាញ់ជាដាច់ខាត។
ឯកឧត្តមគូសបញ្ជាក់ថា កម្លាំងតស៊ូ និងការរួបរួម ដែលយើងទាំងអស់គ្នាបានឃើញនេះ គឺកើតចេញពីទស្សនវិស័យ ដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញ នូវគោលនយោបាយសន្តិភាព បញ្ចប់សង្គ្រាមស៊ីវិលជាច្រើនតសវត្សរ៍ និងបង្កើតបានអនាគតរុងរឿងមួយ ជូនដល់កម្ពុជាយើង។ ហើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅបន្តថែរក្សាកេរដំណែលសន្តិភាពនេះ និងបន្តដឹកនាំប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ក្តីមេត្តា និងធានាមិនបោះបង់ប្រជាជនខ្មែរណាម្នាក់ចោលឡើយ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា «សន្តិភាពមិនមែនបានមកដោយស្រួលនោះទេ សន្តិភាពត្រូវមានការការពារដោយភាពក្លានហាន និងប្រាជ្ញាវាងវៃ ហើយកម្ពុជាពិតជាមានភ័ព្វសំណាង ដែលមានលក្ខណៈសម្បត្តិសំខាន់ ទាំងពីរនេះ»។
ឯកឧត្តមថ្លែងបន្ថែមថា បទឈប់បាញ់នេះ គឺជាក្តីសង្ឃឹមរបស់យើងទាំងអស់គ្នា ហើយយើងត្រូវរក្សាវាឱ្យបានល្អ ហើយយើងនឹងកសាងឡើងវិញ តែត្រូវកសាងដោយយកចិត្តទុកដាក់ ប្រាជ្ញាវាងវៃ និងក្តីស្រលាញ់។ ឯកឧត្តម បានរំលឹកដក់អនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ដែលថា «សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃជីវិត» ហើយវត្តមានរបស់ឯកឧត្តម និងក្រុមការងារទាំងអស់នៅថ្ងៃនេះ គឺជាចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីធានាថាបងប្អូនជនភៀសសឹក នឹងត្រលប់ទៅរស់នៅដោយសុខសន្តិភាពជាថ្មី។
ឯកឧត្តមបញ្ជាក់ជាថ្មីថា ទាំងរាជរដ្ឋាភិបាលកម្ពុជា ទាំងអាជ្ញាធរ មីន និងរួមទាំងឯកឧត្តមផ្ទាល់ នឹងមិនបោះបង់បងប្អូនជនភៀសសឹកចោលនោះទេ ហើយនឹងបន្តនៅជាមួយគ្នា ដើរជាមួយគ្នា និងបន្តការងារជាមួយគ្នា រហូតគ្រប់ក្រុមគ្រួសារទទួលបានសុវត្ថិភាព ផ្ទៃដីទាំងអស់ត្រូវបានបោសសម្អាត ហើយកូនចៅរបស់យើង អាចរត់លេងដោយមិនមានភាពភ័យខ្លាច។
ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្ត្រី សម្តែងនូវក្តីសង្ឃឹមថា ការវិលត្រលប់ទៅកាន់ផ្ទះសំបែងរបស់បងប្អូនជនភៀសសឹក នឹងប្រកបដោយសុវត្ថិភាព និងសូមឱ្យចំណេះដឹងដែលទទួលបានថ្ងៃនេះ ការពារអាយុជីវិតរបស់បងប្អូន និងអាយុជីវិតមនុស្សជាទីស្រលាញ់របស់យើង៕ រក្សាសិទ្ធដោយ៖សុទ្ធលី




































