ភ្នំពេញ ៖ ស្ថានទូតជប៉ុននៅកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី ៣០ ខែកក្កដា វរសេនីយឯក ហារ៉ា តាកាស៊ី ទីប្រឹក្សា និងជាអនុព័ន្ធយោធា អមស្ថានទូតជប៉ុនប្រចាំកម្ពុជា បានចូលរួមដំណើរទស្សនកិច្ចនៅតំបន់កងពលធំអន្តរាគមន៍លេខ៣ ខេត្តព្រះវិហារ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែងអំពីស្ថានការណ៍តំបន់ព្រំដែន ក្នុងនាមជាសមាជិកភ្នាក់ងារអនុព័ន្ធយោធា ប្រចាំភ្នំពេញ (MACPP) ដែលរៀបចំដោយក្រសួងការពារជាតិ។
ស្ថានទូតជប៉ុន សូមចូលរួមរំលែកទុក្ខចំពោះវិញ្ញាណក្ខន្ធអ្នកដែលបានពលីជីវិតក្នុងបព្វហេតុការប៉ះទង្គិចក្នុងជម្លោះតាមព្រំដែនថ្មីៗនេះ និងសូមបង្ហាញនូវការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះអ្នកដែលបានរងផលប៉ះពាល់។ យើងសង្ឃឹមថា អ្នកដែលរងប៉ះពាល់ នឹងវិលត្រលប់ទៅរកជីវភាពប្រក្រតីឡើងវិញឆាប់ៗ។
រដ្ឋាភិបាលជប៉ុននឹងបន្តលើកទឹកចិត្តប្រទេសកម្ពុជា និងថៃ ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ធូរបន្ថយភាពតានតឹង ដោយសម្របសម្រួលជាមួយប្រទេសពាក់ព័ន្ធ៕ រក្សាសិទ្ធដោយ៖សុទ្ធលី


