Friday, August 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញសេចក្ដីថ្លែងការណ៍បដិសេធការចោទប្រកាន់របស់ថៃអំពីការរំលោភបទឈប់បាញ់

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាសូមបដិសេធដាច់អហង្ការចំពោះសេចក្តីប្រកាសរបស់ក្រសួងការ បរទេសថ ចុះផ្សាយនៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៥ ដែលចោទប្រកាន់ខុសពីការពិតថា កម្ពុជា បានរំលោភលើបទឈប់បាញ់ ដែលបានឯកភាពគ្នាកាលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ។ ជាថ្មីម្តងទៀតកម្ពុជាសូមទាត់ចោលទាំងស្រុងការបន្តប្រឌិតអះអាងរបស់ ថៃនេះ ដូចដែលបានធ្វើរួចមកហើយនៅក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ចេញថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ កងកម្លាំងប្រដាប់អាវុធកម្ពុជាពុំបានធ្វើសកម្មភាពណា មួយទាល់ តែសោះ ដែលចាត់ទុកថាជាការរំលោភលើបទឈប់បាញ់ ដែលបានព្រមព្រៀងគ្នា។

កម្ពុជាព្យាយាមដោយស្មោះត្រង់ ដើម្បីសម្រេចកិច្ចព្រមព្រៀងបញ្ចប់ជម្លោះប្រដាប់អាវុធ
ទាំងស្រុង ក្នុងបំណងចៀសវាងការបាត់បង់អាយុជីវិតមនុស្សដោយមិនចាំបាច់បន្ថែមទៀត ក៏ ដូចជាការរងទុក្ខរបស់ប្រជាជនរាប់ម៉ឺននាក់ ដែលត្រូវរត់ចោលលំនៅដ្ឋាន ដោយសារតែការ ប្រយុទ្ធគ្នា។ កម្ពុជាបញ្ជាក់ជាថ្មីយ៉ាងម៉ឺងម៉ាត់ នូវការប្តេជ្ញាចិត្តឥតងាករេក្នុងការអនុវត្តកិច្ច ព្រមព្រៀងបទឈប់បាញ់គ្នាប្រកបដោយប្រសិទ្ធភាព និងពេញលេញ ព្រមទាំងការដោះស្រាយ ជម្លោះជាមួយប្រទេសថៃដោយសន្តិវិធី។

បច្ចុប្បន្ននេះ គឺជាពេលវេលាដែលត្រូវផ្តោតការគិតគូរទៅលើគោលដៅចម្បង ក្នុងស្តារ សន្តិភាព និងរក្សាចីរភាពនៃសន្តិភាព ដើម្បីជាប្រយោជន៍នៃប្រទេសទាំងពីរ និងស្ថិរភាពក្នុង តំបន់ទាំងមូល។ ក្នុងន័យនេះ កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តដ៏មុតមាំរបស់ ប្រទេសម៉ាឡេស៊ី ជាប្រធានអាស៊ានបច្ចុប្បន្ន ដែលបានចាត់វិធានការយ៉ាងឆាប់រហ័សក្នុងការ បង្កើតយន្តការត្រួត ពិនិត្យ និងរាយការណ៍ សំដៅធ្វើយ៉ាងណាឲ្យបទឈប់បាញ់ត្រូវបានអនុវត្ត យ៉ាងមានប្រសិទ្ធភាពតាមការព្រមព្រៀងគ្នា។ កម្ពុជាក៏សូមវាយតម្លៃខ្ពស់ផងដែរចំពោះការ គាំទ្ររបស់ប្រទេសសមាជិកអាស៊ាន និងប្រទេសផ្សេងទៀតដែលយកចិត្តដាក់ ក្នុងការធ្វើអោយ បទឈប់បាញ់មានស្ថិរភាពថិតថេរយូរអង្វែង ។

ដើម្បីតម្លាភាពពេញលេញ និងដោយមានកិច្ចសហប្រតិបត្តិការល្អពីប្រធានអាស៊ាន នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៥នេះ កម្ពុជាបានរៀបចំដំណើរទស្សនកិច្ចរបស់អ្នកការទូតបរទេស និងអនុ ព័ន្ធយោធាបរទេសនៅរាជធានីភ្នំពេញ ទៅកាន់តំបន់ព្រំដែន អានសេះ ការដែលប្រទេសកម្ពុជា ខិតខំជំរុញឲ្យមានយន្តការត្រួតពិនិត្យ គឺជាសក្ខីភាពបញ្ជាក់ពីភាពស្មោះត្រង់ ភាពបើកចំហ និងបំណង ប្រាថ្នាដ៏មុតមាំរបស់កម្ពុជាក្នុងការរក្សាឲ្យបាននូវបទឈប់បាញ់ និងបញ្ចប់ការប្រយុទ្ធគ្នាជាស្ថាពរ ដើម្បីសង្គ្រោះជីវិតមនុស្ស។

រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្រកាន់ខ្ជាប់បទឈប់បាញ់ និងការប្តេជ្ញាចិត្តយ៉ាង ខ្ជាប់ខ្ជួនចំពោះគោលការណ៍ច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី និងការគោរពយ៉ាងម៉ឹង ម៉ាត់ចំពោះអធិបតេយ្យ បូរណភាពទឹកដី និងសេចក្ដីថ្លៃថ្នូរនៃប្រជាជាតិទាំងពីរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×