ភ្នំពេញ៖ អំណោយសប្បុរសជននានា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដែលមានដូចជាចង្ក្រានហ្គាសធន់តូចនិងកំប៉ុងហ្គាសរាប់ពាន់កំប៉ុងព្រមទាំងខ្ទឹមសផងនោះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ យកមកផ្ដល់ជូនដល់មូលដ្ឋានវីរៈកងទ័ពជួរមុខ នៅខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នាស្រុកអន្លង់វែង ខេត្ដឧត្ដមានជ៏យ។
ពិធីប្រគល់និងទទួលបានធ្វើឡើង នាថ្ងៃទី៣០ ខែកក្ដដា ឆ្នាំ២០២៥នេះ ដឹកនាំដោយឯកឧត្ដម អុីមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ តំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្ដល់ជូន ឯកឧត្ដមឧត្ដមសេនីយឯក ចន្ទ័ លំផាត អនុប្រធានគណកម្មាធិការគ្រប់គ្រងគ្រោះហន្ដរាយ តំណាង ឯកឧត្តម កិត្តិសង្គហបណ្ឌិតទេសរដ្ឋមន្ដ្រី គន់ គីម ប្រធានគណកម្មាធិការគ្រប់ គ្រង គ្រោះហន្ដរាយ និងលោកងួន ទ្ធីរិទ្ធ អភិបាល ស្រុកអន្លង់វែង នៅស្រុកអន្លង់វែង។
អំណោយសប្បុរសជននានា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដែលបានប្រគល់ជូនពេលនេះ មានដូចជាចង្ក្រានហ្គាសធន់តូច សម្រាប់ចល័តចំនួន ៣០០០ចង្ក្រាន,កំប៉ុងហ្គាស៦០០០ កំប៉ុង និងខ្ទឹមសចំនួន ៥០០គីឡូក្រាម។
ឯកឧត្ដម អុីមរ៉ន ហាស្សាន់ ក្នុងឱកាសនោះ ក៏បានអរគុណផងដែរចំពោះទឹកចិត្តសប្បុរសជននានា នៅរាជធានីភ្នំពេញ ដែលតែងតែចូលរួមចែករំលែកនូវធនធានតាមលទ្ធលភាពរៀងៗខ្លួន ដើម្បីឧបត្ថម្ភដល់វីរកងទ័ពជួរមុខ ដែលពួកគាត់មានការខ្វះខាត និងត្រូវការសម្រាប់ជីវភាពនៅអង្គភាព រួមការងារអាវុធ ក្នុងបុព្វហេតុការពារទឹកដីនៃមាតុភូមិរបស់យើង ។ នេះពិតជាបានបង្ហាញឱ្យឃើញពីសាមគ្គីភាពជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ។ ខ្ញុំសូមអរគុណនូវទឹកចិត្តរបស់ បងប្អូនប្រជាពលរដ្ឋយើង និងសប្បុរសជនក្នុងស្មារតីខ្មែរ ជួយខ្មែរ ។ ក្នុងនាមសមរភូមិក្រោយរដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្ដជួយបងៗកងទ័ពជួរមុខ ជាបន្តបន្ទាប់ទៀត។
ឯកឧត្ដមឧត្ដមសេនីយឯក ចន្ទ័ លំផាត បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តាមរយៈឯកឧត្ដម អុីមរ៉ន ហាស្សាន់ ដែលបានដឹកនាំអំណោយសប្បុរសជន ជាចង្ក្រានហ្គាសតូចចល័ត យកមកផ្ដល់ជូនវីរកងទ័ពជួរមុខ នៅខ្សែបន្ទាត់ព្រំដែនទិសអន្លង់វែង ខេត្ដឧត្ដមានជ័យ នាពេលនេះ គឺចំពេលដែលបងប្អូនវីរៈកងទ័ពកំពុងខ្វះខាត ចង្ក្រានហ្គាសតូចចល័ត សម្រាប់ចំអិនអាហារ ប្រចាំថ្ងៃ ដែលងាយស្រួលចល័ត។ អំណោយទាំងនេះពិតជាបានបង្ហាញឱ្យឃើញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរ ស្រលាញ់ខ្មែរ យ៉ាងពិតប្រាកដ ។
សូមបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញបាននាំយកអំណោយសប្បុរសជន ជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈ ប្រើប្រាស់មកឧបត្ថម្ភ ដល់វីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ និងប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានរបស់សត្រូវមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា នាពេលនេះជាលើកទី៦ នៅខេត្តឧត្តរមានជ័យ៕ រក្សាសិទ្ធដោយ៖សុទ្ធលី










