Friday, August 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវម៉ាលី សុជាតា បញ្ជាក់ថា កម្ពុជាបានទទួលសព១រូប និង២០រូប​ទៀតនឹងត្រូវបញ្ជូនត្រឡប់មកវិញ

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ម៉ាលី សុជាតា ស្នើឲ្យភាគីថៃបញ្ជូនកងទ័ពកម្ពុជាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឱ្យកម្ពុជាវិញ។ កម្លាំងទ័ពកម្ពុជាចំនួន ២១ រូបដែលស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីថៃ។ មកទល់ពេលនេះ កម្ពុជាបានទទួលសពចំនួនមួយរូប និងនៅសល់ ២០ រូបផ្សេងទៀត កម្ពុជាកំពុងបន្តចរចាឱ្យថៃបញ្ចូនត្រឡប់មកវិញ។
ប្រសាសន៍ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតាអ្នកនាំពាក្យក្រសួងការពារជាតិ​ ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹក ថ្ងៃទី៣១ កក្កដា ២០២៥។

អ្នកនាំពាក្យក្រសួងការពារជាតិ៖ អាយុជីវិត សុខសុវត្ថិភាពទាំងកងទ័ព និងប្រជាជនស៊ីវិលជាអ្វីដែលរាជរដ្ឋាភិបាលចាត់ទុកជាអាទិភាពចម្បងបំផុត, ហើយការមិនបញ្ចេញព័ត៌មានពាក់ព័ន្ធនឹងកងទ័ពទាំង២០រូប ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីថៃ មិនមែនលាក់បាំងព័ត៌មាននោះទេ ខណៈក្នុងដំណាក់កាលមិនទាន់មានភាពជាក់លាក់ពីជោគវាសនារបស់បងប្អូនទាំងអស់នោះ រាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់នឹងដាក់ចេញវិធានការធ្វើយ៉ាងណាធានាសុខសុវត្ថិភាពរបស់ពួកគាត់ឲ្យខាងតែបាន រួមទាំងការបញ្ចេញព័ត៌មានជាសាធារណៈ។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា ការមិនបញ្ចេញព័ត៌មានអំពីកងកម្លាំងជាតិដែលត្រូវយោធាថៃចាប់ខ្លួន គឺដើម្បីបង្ការកុំឱ្យមានគ្រោះថ្នាក់ដល់ចំណាប់ខ្មាំងទាំងនោះ។

លោកជំទាវអ្នកនាំពាក្យបានលើកឡើងថា «ដូច្នេះ ពាក់ព័ន្ធនឹងបងប្អូន២០រូប ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃនេះ ការមិនបញ្ចេញព័ត៌មាន គឺមិនមែនជាការលាក់កំបាំងព័ត៌មាននោះទេ ប៉ុន្តែនៅក្នុងដំណាក់កាលដែលមិនមានភាពជាក់លាក់ចំពោះជោគវាសនារបស់បងប្អូនទាំងអស់នោះ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំកងទ័ព ត្រូវយកចិត្តទុកដាក់ និងដាក់ចេញនូវវិធានការយ៉ាងណា ដើម្បីធានាឱ្យខាងតែបាននូវសុវត្ថិភាពរបស់ពួកគាត់ រួមទាំងការបញ្ចេញព័ត៌មានជាសាធារណៈ ព្រោះការបញ្ចេញព័ត៌មានជាសាធារណៈពេលខ្លះ អាចបង្កឱ្យមានគ្រោះថ្នាក់ទៅដល់បងប្អូនយើងទាំងអស់នោះទៅវិញទេ»។

លោកជំទាវបានបន្តថា «នាងខ្ញុំសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា រាល់ចំណាត់ការរបស់រាជរដ្ឋាភិបាល រួមទាំងការបញ្ចេញព័ត៌មានជាសាធារណៈ នៅកម្រិតណា និងពេលណា គឺសុទ្ធតែក្នុងន័យដើម្បីការពារឱ្យបានជាអតិបរិមានូវអាយុជីវិត និងសុខសុវត្ថិភាពរបស់កងកម្លាំងយើង ជាពិសេសនៅពេលដែលពួកគាត់ស្ថិតនៅក្នុងស្ថានភាពជាចំណាប់ខ្មាំងរបស់គេ ដែលផុតពីការគ្រប់គ្រងរបស់យើង»។

ទោះយ៉ាងណា លោកជំទាវ ម៉ាលី សុជាតា បានគូសបញ្ជាក់ថា «និយាយបែបនេះ មិនមែនបានន័យថា រាជរដ្ឋាភិបាលមិនបានធ្វើការយ៉ាងសស្រាក់សស្រាំ ដើម្បីទាមទារយកបងប្អូនរបស់យើងត្រលប់មកវិញនោះទេ។ ជាក់ស្តែង នៅពេលដែលមានសភាពការណ៍កើតឡើងភ្លាម ថ្នាក់ដឹកនាំភូមិភាគរបស់យើងបានទាក់ទងជាមួយថ្នាក់ដឹកនាំខាងភូមិភាគថៃ ដើម្បីធ្វើយ៉ាងណាឱ្យពួកគេបញ្ជូនបងប្អូនរបស់យើងត្រលប់មកវិញឱ្យបានឆាប់រហ័សតាំងពីពេលនោះមកម្លេះ»។

ជាមួយគ្នានេះ លោកជំទាវឧត្តមសេនីយ៍ឯក បានស្នើឲ្យភាគីថៃឆាប់បញ្ជូនកងកម្លាំងកម្ពុជាដែលយោធាថៃបានចាប់យកទៅនោះត្រឡប់មកកម្ពុជាវិញ ដោយបានអំពាវនាវថា «ក្នុងពេលជាមួយគ្នានេះ យើងអំពាវនាវឱ្យភាគីថៃជួយមើលការខុសត្រូវចំពោះបងប្អូនយើងនៅទីនោះឱ្យបានល្អ និងឆាប់បញ្ជូនពួកគេឱ្យវិលត្រលប់មកវិញឱ្យបានឆាប់ ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ»។

គួរបញ្ជាក់ថា បើតាមលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា​ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលបានថ្លែងទៅកាន់អនុព័ន្ធយោធាបរទេសចំនួន១៣ប្រទេស ដែលចុះទៅពិនិត្យតាមព្រំដែន កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ កងទ័ពថៃបានប្រើកលល្បិចបក់ដៃហៅកងទ័ពកម្ពុជាទៅចរចា ហើយនៅពេលកងទ័ពកម្ពុជាទៅដល់ ពួកគេក៏លើកកាំភ្លើងភ្ជង់រួចចាប់កងទ័ពកម្ពុជា២០នាក់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ពោលគឺក្រោយបទឈប់បាញ់រវាងកម្ពុជា-ថៃត្រូវបានចូលជាធរមានរួចទៅហើយ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “រវាងជម្រើសក្នុងការផ្សពផ្សាយព័ត៌មានឲ្យសាធារណជនបានដឹង និងជម្រើសក្នុងការរក្សាព័ត៌មានដើម្បីធានាអាយុជីវិតរបស់ទាហានយើង នៅក្នុងដំណាក់កាលដំបូងដែលមានភាពមិនច្បាស់លាស់នោះ គឺរាជរដ្ឋាភិបាលគ្មានជម្រើសអ្វីក្រៅពីការគ្រប់គ្រងព័ត៌មានឱ្យបានល្អ និងបើកការចរចាទាមទារពួកគេមកវិញឲ្យបានឆាប់រហ័សនោះទេ។

មិនមែនរាជរដ្ឋាភិបាលលាក់ព័ត៌មានមិនចង់ឱ្យប្រជាពលរដ្ឋដឹង ឬមិនគិតពីអាយុជីវិតរបស់កងកម្លាំងយើង ដូចមជ្ឈដ្ឋានមួយចំនួនបានចោទប្រកាន់នោះទេ”។
សម្ដេចធិបតី សង្ឃឹមថាកងទ័ពថៃ និងធ្វើការបញ្ជូនយោធិនរបស់យើងទាំងអស់ ដែលកំពុងស្ថិតនៅក្នុងការគ្រប់គ្រងរបស់កងទ័ពថៃ ឲ្យពួកគេបានវិលត្រឡប់មកប្រទេសកម្ពុជាឆាប់រហ័សជាទីបំផុត។រក្សាសិទ្ធដោយ៖សុទ្ធលី

×