ក្នុងឱកាសជួបពិភាក្សាការងារជាមួយ ឯកឧត្តម Janos Latorcai អនុប្រធានរដ្ឋសភាហុងគ្រី នៅថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០២៥ នៅក្នុងប្រទេសស្វីស សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូន ឯកឧត្តមអនុប្រធានរដ្ឋសភា ពីបទឈប់បាញ់រវាងកម្ពុជានិងថៃ ដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃទី២៨កក្កដា ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្រោមការសម្របសម្រួលផ្តល់ទីតំាងជួបចរចាពីសំណាក់ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ដោយមានការចូលរួមសង្កេតការណ៍ពីបណ្តាប្រទេសជាមិត្តមួយចំនួនទៀត ក្នុងនោះមានសាធាណរដ្ឋប្រជាមានិតចិន ផងដែរ។
កិច្ចព្រមព្រៀងឈប់បាញ់ជាបំណងប្រាថ្នាជានិច្ចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងពលរដ្ឋខ្មែរទំាងក្នុងនិងក្រៅប្រទេស។ កម្ពុជានឹងអនុវត្តបទឈប់បាញ់នេះឱ្យបានយ៉ាងម៉ឹងម៉ាត់បំផុត។ បណ្តាប្រទេសជាមិត្ត ស្ថាប័នអន្តរសភានានា បានគំាទ្របទឈប់បាញ់នេះ ថាពិតជាមានសារៈសំខាន់ខ្លំាងណាស់ ហើយបានលើកទឹកចិត្តដល់កម្ពុជានិងថៃឱ្យអនុវត្តកិច្ចព្រមព្រៀងនោះប្រកបដោយប្រសិទ្ធភាព ក្នុងការធានាការពារឱ្យបាននូវសុខសន្តិភាព សុវត្ថិភាពជូនពលរដ្ឋប្រទេសទំាងពីរ ជាយូរអង្វែងតទៅ។
ថ្នាក់ដឹកនាំរដ្ឋសភាទំាងពីរប្រទេស បានឱ្យតម្លៃខ្ពស់ចំពោះសន្តិភាព។ ហុងគ្រីជាប្រទេសមួយបានជួយគំាទ្រ និងស្វែងរកសន្តិភាពជូនកម្ពុជា ថែមទំាងបានជំរុញការស្តារសេដ្ឋកិច្ច សង្គមកម្ពុជាឡើងវិញ នៅក្រោយថ្ងៃ៧មករា ឆ្នាំ១៩៧៩។ ថ្នាក់ដឹកនាំរដ្ឋសភាទំាងពីរបានយល់ស្របគ្នាថា ការពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការបណ្តាប្រទេសនានាក្នុងសកលលោក ជាការចាំបាច់បំផុត ក្នុងស្ថានការណ៍ ដែលសកលលោកកំពុងប្រឈមនឹងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច បានបង្កជាវិបត្តិនិងក្តីបារម្ភចំពោះពលរដ្ឋ។ ការរឹតចំណងមិត្តភាពកម្ពុជានិងហុងគ្រី មិនត្រឹមធានាបាននូវផលប្រយោជន៍ជូនពលរដ្ឋប្រទេសទំាងពីរប៉ុណ្ណោះទេ ថែមទំាងបានរួមចំណែកដល់ការលើកកម្ពស់គោលការណ៍ពហុនិយមជាសកលផងដែរ។
ឯកឧត្តម Janos Latorcai បានគូសបញ្ជាក់ថាហុងគ្រីបានត្រៀមចំាទទួលស្វាគមន៍ព្រះរាជដំណើរទស្សនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងដំណើរទស្សនកិច្ចរបស់ សម្តេចប្រធានរដ្ឋសភានៅប្រទេសហុងគ្រី។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរ បានឯកភាពគ្នានៅក្នុងការជំរុញបង្កើតឱ្យមាននូវអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័ននីតិប្បញ្ញត្តិប្រទេសទំាងពីរ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្មនៅគ្រប់កម្រិតនិងគ្រប់ជ្រុងជ្រោយដោយយកផលប្រយោជន៍ប្រជាពលរដ្ឋជាស្នូល។
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណដែលហុងគ្រីបានជួយគំាទ្រកម្ពុជាតំាងពីដើមរហូតមកក្នុងវិស័យជាច្រើន ពិសេសការចូលរួមកសាងធនធានមនុស្ស វិស័យកសិកម្ម សុខាភិបាលជាដើមជាដើម។ ហុងគ្រីជាមិត្តល្អ បានជួយកម្ពុជានៅគ្រាលំបាក និងជាមិត្តស្មោះត្រង់និងទុកចិត្តខ្ពស់របស់កម្ពុជា។
សម្តេចបានសូមការយោគយល់ពីថ្នាក់ដឹកនាំរដ្ឋសភាហុងគ្រីចំពោះការលើកពេលបំពេញទស្សនកិច្ច នៅប្រទេសហុងគ្រីនាពេលកន្លងមក ដោយហេតុផលសន្តិសុខ ។ សម្តេចបានគូសបញ្ជាក់ថានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចនៅប្រទេសហុងគ្រីក្នុងខែតុលាខាងមុខនេះ៕រក្សាសិទ្ធដោយ៖សុទ្ធលី
រក្សាសិទ្ធដោយ៖សុទ្ធលី








