ព្រំដែន ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានរាយការណ៍ពីការចូលរួមទស្សនកិច្ចរបស់ឯកអគ្គរាជទូត អ៊ូអិណុ ទៅកាន់កន្លែងជម្រកសម្រាប់ពលរដ្ឋដែលបានភៀសខ្លួនចេញពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ។
ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងថា
«ថ្ងៃនេះ ខ្ញុំបានចូលរួមក្នុងដំណើរទស្សនកិច្ចមួយទៅកាន់តំបន់ដែលបានទទួលផលប៉ះពាល់នៅខេត្តឧត្តរមានជ័យ ដែលរៀបចំដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយអង្គទូតដទៃទៀត។
ខ្ញុំបានទៅឃើញជាក់ស្តែងតំបន់ដែលបានរងផលប៉ះពាល់ដោយការប៉ះទង្គិចគ្នារវាងយោធាកម្ពុជា និងថៃ ក៏ដូចជាកន្លែងជម្រកសម្រាប់ពលរដ្ឋដែលបានភៀសខ្លួនចេញពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃផងដែរ។
នៅពេលបានឃើញអំពីទំហំនៃការខូចខាត ដោយសារការប៉ះទង្គិចរវាងយោធានេះ និងស្ថានភាពលំបាករបស់ពលរដ្ឋដែលបានភៀសខ្លួន ខ្ញុំមានការគ្រាំគ្រាចិត្តជាពន់ពេក។
ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះវិញ្ញាណក្ខន្ធអ្នកដែលបានពលីជីវិតក្នុងហេតុការណ៍ប៉ះទង្គិចនេះ និងសូមចូលរួមសោកស្តាយឥតឧបមាចំពោះអ្នកដែលបានរងផលប៉ះពាល់។
ជាមួយគ្នានេះ ខ្ញុំសង្ឃឹមថា សន្តិភាពពេញលេញនឹងត្រូវបានស្ដារឡើងវិញឱ្យបានលឿនបំផុត។ រដ្ឋាភិបាលជប៉ុន និងខ្ញុំផ្ទាល់នឹងខិតខំអស់ពីសមត្ថភាព ដើម្បីសម្រេចបាននូវចំណុចនេះ»៕ រក្សាសិទ្ធដោយ៖សុទ្ធលី













