Saturday, August 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ដាក់ញ្ញត្តិបន្ទាន់​ទៅឧត្តមស្នងការ​នៃ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ពាក់​ព័ន្ធ​នឹង​ករណី​យោធាថៃ​ ចាប់​ខ្លួន​ និងឃុំខ្លួន​យោធាកម្ពុជា​ ក្រោយ​កិច្ចព្រមព្រៀង​បទឈប់បាញ់

ភ្នំពេញ ៖ ប្រធានគណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ដាក់ញ្ញត្តិបន្ទាន់​ទៅឧត្តមស្នងការ​នៃ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ នៅទីក្រុងហ្សឺណវ​ ពាក់​ព័ន្ធ​នឹង​ករណី​យោធាថៃ​ ចាប់​ខ្លួន​ និងឃុំខ្លួន​យោធាកម្ពុជា​ ក្រោយ​កិច្ចព្រមព្រៀង​បទឈប់បាញ់។

ឯកឧត្តមកែវ រ៉េមី ប្រធានគណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បានមានប្រសាសន៍ថា ចាប់ទៅសុខភាពធម្មតាប្រលែងមកវិញ បែរជាពិការ និងវង្វេងស្មារតី ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥បានផ្ញើលិខិតជូនចំពោះ ឯកឧត្តម Volker Türkឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR)
វិមានប្រជាជាតិ (Palais des Nations) CH-1211 ហ្សឺណែវ ១០ ប្រទេសស្វីស ក្នុងកម្មវត្ថុ៖សំណើសុំអន្តរាគមន៍ជាបន្ទាន់លើករណីការឃុំខ្លួនដោយខុសច្បាប់ ការធ្វើទារុណកម្ម និងការបញ្ជូនកងទ័ព កម្ពុជាមួយចំនួនតូច ក្នុងចំណោមកងទ័ពចំនួន ២០នាក់ ដោយកងយោធាថៃ។

ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសមួយដែលស្រឡាញ់សន្តិភាព និងខិតខំប្រឹងប្រែងធានាឱ្យបាននូវសន្តិភាព ស្ថិរភាព និងសុខដុមរមនាក្នុងតំបន់ ព្រោះប្រទេសកម្ពុជាមានប្រវត្តិឆ្លងកាត់សង្គ្រាមជាច្រើនទសវត្សរ៍។ ក្នុងស្មារតីន ការគោរពគ្នាទៅវិញទៅមក និងការរួមរស់ដោយសន្តិភាព កម្ពុជាបានប្រកាន់ខ្ជាប់យ៉ាងពេញលេញនូវកិច្ចព្រមព្រៀង បទឈប់បាញ់ថ្មីៗនេះ ជាមួយព្រះរាជាណាចក្រថៃ ដែលបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការស្វែងរក និងការកសាងសន្តិភាព តាមរយៈការសន្ទនា និងកិច្ចសហប្រតិបត្តិការ ។ កម្ពុជាបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍ អន្តរជាតិ និងសូមសម្ដែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះសេចក្តីប្រកាសព័ត៌មានរួមដែលចេញដោយរាជរដ្ឋាភិបាល ម៉ាឡេស៊ី កម្ពុជា និងថៃ បន្ទាប់ពីកិច្ចប្រជុំពិសេស ដែលរៀបចំដោយនាយករដ្ឋមន្ត្រី Dato’ Seri Anwar Ibrahim នៅទីក្រុងពុតត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី។ ក្រោមគំនិតផ្តួចផ្តើមដ៏សំខាន់របស់ឯកឧត្តមប្រធានាធិបតី Donald J. Trump ដោយមានការចូលរួមពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោក Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីរបស់ប្រទេសថៃ និងសហការរៀបចំដោយសហរដ្ឋអាមេរិក ជាមួយនឹងការចូលរួមយ៉ាងសកម្មពី សាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះ ស្ថានភាពដែលកំពុងកើតមានតាមរយៈមធ្យោបាយការទូត ច្បាប់អន្តរជាតិ និងសាមគ្គីភាពក្នុងតំបន់។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) សូមគោរពជម្រាបឯកឧត្តមមេត្តាជ្រាប ចំពោះទង្វើខុសច្បាប់ របស់កងកម្លាំងប្រដាប់អាវុធថៃ ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ ច្បាប់សិទ្ធិមនុស្ស និងគោលការណ៍យុត្តិធម៌ និងសេចក្ដីថ្លៃថ្នូររបស់មនុស្សដែលត្រូវបានទទួលស្គាល់ជាសកល។

បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់កម្ពុជា-ថៃ ក្នុងជម្លោះប្រដាប់អាវុធថ្មីៗនេះនៅជិតប្រាសាទព្រះវិហារ និងតំបន់ព្រំដែនជាប់គ្នា កងកម្លាំងយោធាថៃបានឃុំខ្លួនទាហានកម្ពុជា ដែលមានសុខភាពល្អ និងមានសមត្ថភាព ពេញលេញចំនួន ២០(ម្ភៃ) នាក់ ដោយខុសច្បាប់នូវ។ ទង្វើនេះបានកើតឡើងបន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់
ចូលជាធរមាន ហើយដូច្នេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើទំនុកចិត្ត និងច្បាប់អន្តរជាតិ។
នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃបានប្រគល់ទាហានកម្ពុជាមកវិញតែចំនួន ២(ពីរ) នាក់ ក្នុង ចំណោម ២០នាក់ ប៉ុណ្ណោះ។ ជាអកុសល ទាហានទាំងពីរនាក់ដែលបានប្រគល់មកវិញ ត្រូវបានរកឃើញថាស្ថិត ក្នុងស្ថានភាពវិបត្តិផ្លូវកាយ និងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ៖

ម្នាក់បានទទួលពិការភាពរាងកាយ
ម្នាក់ទៀតរងរបួសដោយសារការប៉ះទង្គិចផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ដែលសន្មត់ថាជាលទ្ធផលនៃការធ្វើទារុណកម្ម និងការប្រព្រឹត្តអមនុស្សធម៌ ក្នុងពេលស្ថិតក្នុងការឃុំឃាំង ។
ការពិតទាំងនេះបង្ហាញយ៉ាងច្បាស់ពីការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើទាហានកម្ពុជាដែលត្រូវបានចាប់ខ្លួន
និងជាទម្រង់នៃការធ្វើទារុណកម្ម ការប្រព្រឹត្តអមនុស្សធម៌ និងការមិនផ្តល់ការថែទាំសុខភាព និងការទំនាក់ទំនង ដែលទាំងអស់នេះជាការរំលោភបំពានដោយផ្ទាល់លើលិខិតុបករណ៍ច្បាប់អន្តរជាតិជាច្រើន រួមមាន ប៉ុន្តែមិនកំណត់ចំពោះ៖

ក្របខណ្ឌច្បាប់ដែលត្រូវបានរំលោភបំពាន៖

  1. អនុសញ្ញាទីក្រុងហ្សឺណែវ (១៩៤៩) ជាពិសេស ៖
    ·អនុសញ្ញាទីក្រុងហ្សឺណែវ ទី៣ ទាក់ទងនឹងការប្រព្រឹត្តចំពោះឈ្លើយសឹក៖ • មាត្រា១៣៖ ការប្រព្រឹត្តបែបមនុស្សធម៌ដោយគ្មានការរើសអើង។
    ·មាត្រា១៧៖ ការហាមឃាត់ការធ្វើទារុណកម្ម និងការបង្ខិតបង្ខំ។
    ·មាត្រា១១៨៖ ការបញ្ជូនត្រឡប់មកវិញដោយមិនបង្អង់យូរ បន្ទាប់ពីការបញ្ឈប់ជម្លោះ
    ប្រដាប់អាវុធ។
  2. សេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស (UDHR) ៖
    មាត្រា៣៖ សិទ្ធិរស់រានមានជីវិត សេរីភាព និងសន្តិសុខផ្ទាល់ខ្លួន។
    · មាត្រា៥៖ សេរីភាពពីការធ្វើទារុណកម្ម និងការប្រព្រឹត្តឃោរឃៅ អមនុស្សធម៌ ឬបន្ទាបបន្ថោក។
    · មាត្រា៩៖ សេរីភាពពីការឃុំខ្លួនតាមទំនើងចិត្ត។
    · មាត្រា១០៖ សិទ្ធិទទួលបានការជំនុំជម្រះក្តីដោយយុត្តិធម៌ និងជាសាធារណៈ។
  3. កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) ៖ មាត្រា៦៖ សិទ្ធិរស់រានមានជីវិត ។
    មាត្រា៧៖ សេរីភាពពីការធ្វើទារុណកម្ម និងការប្រព្រឹត្តឃោរឃៅ អមនុស្សធម៌ ឬបន្ទាបបន្ថោក។ មាត្រា៩៖ សិទ្ធិទទួលបានសេរីភាព និងសន្តិសុខ ការការពារពីការចាប់ខ្លួន ឬឃុំខ្លួនតាមទំនើងចិត្ត។ មាត្រា១៤៖ សិទ្ធិទទួលបានការកាត់ក្ដីដោយយុត្តិធម៌ និងដំណោះស្រាយផ្លូវច្បាប់។
    មាត្រា១០(១)៖ បុគ្គលទាំងអស់ដែលត្រូវបានដកហូតសេរីភាព ត្រូវតែទទួលបានការប្រព្រឹត្តបែបមនុស្សធម៌។
  4. កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR) ៖
    មាត្រា១១៖ សិទ្ធិទទួលបាននូវកម្រិតជីវភាពសមរម្យ រួមទាំងអាហារ និងសម្លៀកបំពាក់។ មាត្រា១២៖ សិទ្ធិទទួលបានសុខភាពផ្លូវកាយ និងផ្លូវចិត្ត។
  5. អនុសញ្ញាប្រឆាំងការធ្វើទារុណកម្ម និងការប្រព្រឹត្តឃោរឃៅ អមនុស្សធម៌ ឬបន្ទាបបន្ថោក (CAT)។
  6. អនុសញ្ញាសម្រាប់ការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ (CED)។

សំណើ និងការទាមទារជាបន្ទាន់របស់យើង៖

OHCHR ទាក់ទងជាបន្ទាន់ ជាមួយរដ្ឋាភិបាលថៃ ដើម្បីអំពាវនាវឱ្យអនុលោមតាមកាតព្វកិច្ចរបស់ខ្លួនក្រោម ច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ។
យើងសូមជំរុញឱ្យ OHCHR ដោះស្រាយបញ្ហានេះជាបន្ទាន់ ហើយគាំទ្រកម្ពុជាក្នុងក្នុងការដោះស្រាយចំពោះ ការរំលោភបំពានទាំងនេះ។
យើងស្វែងរកការសាមគ្គីរបស់ឯកឧត្ដមក្នុងការលើកកម្ពស់គោលការណ៍សិទ្ធិមនុស្ស
ច្បាប់មនុស្សធម៌អន្តរជាតិ និងយុត្តិធម៌សម្រាប់ជនរងគ្រោះនៃអំពើខុសច្បាប់បែបនេះ។៕ រក្សាសិទ្ធដោយ៖សុទ្ធលី

ការដោះលែង និងបញ្ជូនទាហានកម្ពុជា ១៨នាក់ ដែលនៅសល់ ពីការឃុំឃាំងរបស់ថៃ ឱ្យត្រឡប់មកវិញភ្លាមៗ និងដោយគ្មានលក្ខខណ្ឌ។

ការស៊ើបអង្កេតឯករាជ្យ និងមិនលំអៀងដោយអង្គការសហប្រជាជាតិ ឬស្ថាប័នអន្តរជាតិពាក់ព័ន្ធលើ៖
ការចាប់ខ្លួនដោយខុសច្បាប់បន្ទាប់ពីការឈប់បាញ់ ។
ការធ្វើទារុណកម្ម របួស ឬការធ្វេសប្រហែសលើទាហានកម្ពុជាទាំងពីរនាក់ដែលបានបញ្ជូនត្រឡប់ មកវិញ ។

ការផ្តល់ជំនួយផ្នែកវេជ្ជសាស្ត្រ ការស្តារនីតិសម្បទា និងការគាំទ្រផ្នែកចិត្តសាស្ត្រសម្រាប់ជនរងគ្រោះទាំងអស់។

វិធានការគណនេយ្យភាពចំពោះជនល្មើស ដោយអនុលោមតាមច្បាប់អន្តរជាតិ ។

នីតិវិធីពិសេសរបស់អង្គការសហប្រជាជាតិ (រួមទាំងអ្នករាយការណ៍ពិសេសស្ដីពីការធ្វើទារុណកម្ម ការឃុំ ខ្លួនតាមទំនើងចិត្ត និងការបាត់ខ្លួនដោយបង្ខំ) ដើម្បីអន្តរាគមន៍ជាបន្ទាន់ និងធ្វើទស្សនកិច្ចប្រទេស និង បេសកកម្មស្វែងរកការពិតតាមការចាំបាច់ ។

×