(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំស្ដីពីការជំរុញបរិវត្តកម្មឌីជីថលនៅទីស្ដីការគណៈរដ្ឋមន្រ្តី ដើម្បីតាមដានត្រួតពិនិត្យវឌ្ឍនភាពការងារ ព្រមទាំងប្រមូលធាតុចូល និងដាក់ចេញនូវទិសដៅបន្ត ក្នុងគោលដៅគាំទ្រដល់ការបំពេញមុខងាររបស់ទីស្ដីការគណៈរដ្ឋមន្ត្រី និងបង្កើតបរិយាកាសឌីជីថលដែលមានអំណោយផលដល់ការលើកកម្ពស់ប្រសិទ្ធភាព ផលិតភាព និងគុណភាពការងារ ក្នុងកិច្ចការបម្រើនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌, ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ, ថ្នាក់ដឹកនាំក្រុមប្រឹក្សា គណៈកម្មាធិការ អគ្គនាយកដ្ឋាន និងអង្គភាពចំណុះ ព្រមទាំងក្រុមការងារដឹកនាំនិងជំរុញបរិវត្តកម្មឌីជីថល និងក្រុមការងារដើម្បីអនុវត្តគម្រោងកម្មវិធីជំរុញបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី។
មុននឹងឈានដល់កិច្ចពិភាក្សា ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសរំលេចអំពីលទ្ធផលដ៏ល្អប្រសើរដែលប្រទេសកម្ពុជាទើបនឹងទទួលបាន គឺបទឈប់បាញ់រវាងកម្ពុជានិងថៃ និងការបន្ថយអត្រាពន្ធគយបដិការរបស់សហរដ្ឋអាមេរិកមកត្រឹម ១៩% ដោយការណ៍ទាំងនេះមិនអាចកើតមានតែឯងៗនោះទេ ក៏ប៉ុន្តែតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់និងប្រកបដោយបញ្ញាញានដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមការងាររាជរដ្ឋាភិបាល ដោយមានការជួយជ្រោមជ្រែងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រមទាំងមានចូលរួមនិងការលះបង់យ៉ាងសស្រាក់សស្រាំរបស់កងទ័ពនិងប្រជាជនកម្ពុជាទាំងមូល។ ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់ផងដែរថា ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអភិវឌ្ឍជាតិទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច សង្គម និងអភិបាលកិច្ច។ ក្នុងនោះ ការធ្វើបរិវត្តកម្មឌីជីថល គឺជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយ សម្តេចធិបតី នាយករដ្ឋមន្ត្រី។ ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ផងដែរថាការធ្វើបរិវត្តកម្មឌីជីថលទាមទារឱ្យមាននូវការផ្លាស់ប្តូរទម្លាប់ និងរបៀបរបបនៃការងារ ដូចនេះ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃទីស្ដីការគណៈរដ្ឋមន្ត្រីទាំងអស់ ត្រូវចូលរួមអនុវត្តប្រឹងប្រែង តស៊ូ លះបង់ ហ៊ានគិតថ្មី គូរថ្មី និងធ្វើថ្មី ប្រកបដោយនវានុវត្តន៍ ដោយចាកចេញពី Comfort Zone ដើម្បីជាកម្លាំងនិងមានសមត្ថភាពថ្មី ក្នុងកិច្ចការរួមចំណែកបម្រើប្រជាជន បម្រើនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី និងកសាងជាតិឱ្យរឹងមាំឆ្ពោះទៅមុខ។
ក្នុងឱកាសនេះ ឯកឧត្ដម វង្សី វិស្សុត បានផ្តល់ការតម្រង់ទិស ក្នុងការរៀបចំឯកសារកម្មវិធីបរិវត្តកម្មឌីជីថលនៅទីស្ដីការគណៈរដ្ឋមន្ត្រី រយៈពេល៥ឆ្នាំ ដែលត្រូវមានការទស្សនាទានច្បាស់លាស់ក្នុងការធ្វើឌីជីថលូបនីយកម្មទៅលើមុខងារស្នូលនិងមុខងារគាំទ្ររបស់ទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានការកំណត់អាទិភាពគម្រោងច្បាស់លាស់ និងត្រូវអនុវត្តតាមអភិក្រម គម្រោងដែលសំខាន់និងចាំបាច់ ត្រូវអនុវត្តមុនគេ និងត្រូវធានាឱ្យបាននូវសន្តិសុខឌីជីថល ព្រមទាំងត្រូវមានភាពប្រតិសកម្មរវាងបណ្ដាអង្គភាព និងអគ្គនាយកដ្ឋានជំនាញពាក់ព័ន្ធ។ ទន្ទឹមនេះ ឯកឧត្តម វង្សី វិស្សុត ក៏បានណែនាំឱ្យអង្គភាពពាក់ព័ន្ធគិតគូរអំពីមូលធនមនុស្សជំនាញដែលមានស្រាប់ឱ្យអស់លទ្ធភាព សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារប្រចាំថ្ងៃរបស់អង្គភាពនីមួយៗ និងរៀបចំឱ្យមានជាយន្តការគាំទ្រ ជាអាទិ៍កម្មវិធីបណ្តុះបណ្ដាលលើកកម្ពស់សមត្ថភាព និងផ្ដល់ការលើកទឹកចិត្តដោយផ្អែកលើសមិទ្ធកម្ម។
សូមជម្រាបជូនថា នៅខែធ្នូ ឆ្នាំ២០២៤ ទីស្ដីការគណៈរដ្ឋមន្ត្រីបានដាក់ឱ្យអនុវត្តនូវ «ផែនការយុទ្ធសាស្ត្រទីស្តីការគណៈរដ្ឋមន្ត្រី ឆ្នាំ២០២៤-២០២៨» និង «ផែនទីបង្ហាញផ្លូវស្ដីពីការជំរុញបរិវត្តកម្មឌីជីថល ២០២៤-២០២៨» ដែលបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំនៃទីស្តីការគណៈរដ្ឋមន្ត្រីលើការដ្ឋានការងារបរិវត្តកម្មឌីជីថល។ រហូតដល់ពេលនេះ ការជំរុញបរិវត្តកម្មឌីជីថលសម្រេចបាននូវវឌ្ឍនភាពនិងសមិទ្ធផលជាច្រើន ដូចជា ការរៀបចំអង្គភាព ការរៀបចំយន្តការកិច្ចសហប្រតិបត្តិការផ្ទៃក្នុង ការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការអភិវឌ្ឍមូលដ្ឋាន និងមូលទិន្នន័យ ដើម្បីគាំទ្រដល់ការបំពេញមុខងារសំខាន់ៗដូចជា មុខងាររៀបចំកិច្ចប្រជុំ គ្រប់គ្រងឯកសារ និងមុខងារបម្រើដល់ប្រតិបត្តិការប្រចាំថ្ងៃមួយចំនួនទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

















