រាជធានីភ្នំពេញ៖ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានថ្លែងថា កម្ពុជាបានឆ្លើយតបយ៉ាងឆាប់រហ័សទៅលើបញ្ហាពន្ធគយបដិការរបស់សហរដ្ឋអាមេរិក ដែលកម្ពុជាសម្រេចបានការកាត់បន្ថយអត្រាពន្ធគយបដិការពី៤៩% មកត្រឹម៣៦% ហើយចុងក្រោយមកត្រឹម ១៩%។ នេះជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋកម្ពុជា វិនិយោគិន និងធុរជនទាំងអស់ដែលកំពុងមានសកម្មភាពអាជីវកម្មនៅកម្ពុជា។
ឯកឧត្តម ជា វុទ្ធី បានថ្លែងបែបនេះកាលពីល្ងាចថ្ងៃសុក្រ ៧កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ក្នុងឱកាសបានចូលរួមថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធរថយន្តប្រភេទ ភីកអាប់ ហ្សេវរ៉ូឡេ ខូឡូរ៉ាដូ (Chevrolet Colorado) នៅសាល ដី ព្រេមៀ សេនធ័រ សែនសុខ។
ឯកឧត្តមអគ្គលេខាធិការ ក៏បានលើកឡើងអំពីការបន្តប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការរក្សាបាននូវបរិយាកាសវិនិយោគមួយដែលមានភាពអំណោយផល និងអាចប៉ាន់ប្រមាណទុកជាមុនបាន។ ជាក់ស្តែងដូចជាកាលពីពេលថ្មីៗនេះ កម្ពុជាបានឆ្លើយតបយ៉ាងឆាប់រហ័សទៅលើបញ្ហាពន្ធគយបដិការរបស់សហរដ្ឋអាមេរិក ដែលកម្ពុជាសម្រេចបានការកាត់បន្ថយអត្រាពន្ធគយបដិការពី៤៩% មកត្រឹម៣៦% ហើយចុងក្រោយមកត្រឹម ១៩%។ នេះជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋកម្ពុជា វិនិយោគិន និងធុរជនទាំងអស់ដែលកំពុងមានសកម្មភាពអាជីវកម្មនៅកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអគ្គលេខាធិការបានថ្លែងអំណរគុណដល់ឯកឧត្តមប្រធានាធិបតី Donald Trump ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់នៅក្នុងការផ្ដួចផ្ដើមនិងជំរុញឱ្យមានការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់ដោយផ្ទាល់។ បន្ថែមលើនេះ ឯកឧត្តមប្រធានាធិបតីក៏បានមានការយោគយល់សម្រាប់កម្ពុជា ដោយបានផ្ដល់នូវការអនុគ្រោះពន្ធចុងក្រោយត្រឹម ១៩% ដើម្បីកម្ពុជាអាចបន្តពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ពិសេសការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាម៉េរិកបន្ថែមទៅទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី
