តាម RT ការប្រឡងបវរកញ្ញាអាមេរិកលើកទី៩៨ បានទទួល«មហាបរាជ័យ» ព្រោះតែគេពុំបានសម្លឹងឃើញស្រីស្អាតក្នុងឈុតសិចស៊ី ធ្វើឱ្យពលរដ្ឋអាមេរិកជាច្រើនងាកទៅទស្សនាការប្រកួតបាល់ឱបដែលសម្បូរទៅដោយកីឡាករ«មាឌធំខ្ពស់»ទៅវិញ។ ទាំងនោះព្រោះតែវាខ្វះវិញ្ញាសាមួយដែលទាក់ទាញក្រសែភ្នែកទស្សនិកជនបំផុត។

ជាក់ស្ដែងចំនួនអ្នកទស្សនាការប្រឡងបវរកញ្ញាអាមេរិក២០១៨ តាម Channel របស់ទូរទស្សន៍ ABC បានថយចុះ៣៦ភាគរយប្រៀបទៅនឹងឆ្នាំទៅមិញ។

មូលហេតុគឺដោយសារឥទ្ធិពលនៃចលនាសិទ្ធិនារី #MeToo ។ ស្ថាប័នរៀបចំការប្រឡងបវរកញ្ញាអាមេរិកនៅខែមិថុនាកន្លងមកបានសម្រេចចិត្តលុបចោលវិញ្ញាសាឈុតមុជទឹក ក៏ដូចជាផ្នែកមួយនៃឈុតសម្លៀកបំពាក់សម្រាប់រាត្រីសមោសរដោយសំអាងហេតុផលថាបណ្ដាបេក្ខនារី«ពុំគប្បីត្រូវបានវាយតម្លៃរូបសម្ផស្សដោយសារការបញ្ចេញរាងកាយសំដិលមកខាងក្រៅ»។
ពិតជាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលឡើយ កង្វះនៃវិញ្ញាសាសំខាន់២ដែលតែងទាក់ទាញអារម្មណ៍បំផុតក្នុងការប្រឡងរូបសម្ផស្សបានធ្វើឱ្យទស្សនិកជនលែងចាប់អារម្មណ៍នឹងការប្រឡងបវរកញ្ញាអាមេរិក២០១៨ទៀត។ហេតុនេះឯង ទើបពលរដ្ឋអាមេរិកងាកមកកម្សាន្ដជាមួយនឹងការប្រកួតកីឡា ព្រោះតែ«កន្ត្រាក់អារម្មណ៍»ជាង៕
លីសា