Friday, August 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ឌិត គុណ ញឹម ៖ ទំនិញដែលអាចទទួលបានអត្រាពន្ធគយ ០% នេះ គឺជាទំនិញផលិតនៅសហរដ្ឋអាម៉េរិក ហើយត្រូវបាននាំចូលមកកម្ពុជា ពីសហរដ្ឋអាម៉េរិក

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ ១៣៩ អនក្រ.បក ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ស្តីពីការដាក់ឱ្យអនុវត្តអត្រាពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាម៉េរិក ដោយមានការចូលរួមពីតំណាងសភាពាណិជ្ជកម្មកម្ពុជា សមាគមធុរកិច្ច តំណាងក្រុមហ៊ុននាំចេញ-នាំចូល ជើងសាគយព្រមទាំងភាគីពាក់ព័ន្ធនានា សរុបប្រមាណ ២០០ រូបនារសៀល ថ្ងៃសុក្រ ១៤កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ។

កិច្ចប្រជុំផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងពាក់ព័ន្ធនឹងការអនុវត្តអត្រាពន្ធគយ ០% ចំពោះមុខទំនិញដែលមានដើមកំណើតនៅសហរដ្ឋអាម៉េរិក និងនាំចូលមកព្រះរាជាណាចក្រកម្ពុជា ពីសហរដ្ឋអាម៉េរិក។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូ បានបញ្ជាក់ជូនអ្នកចូលរួមនូវខ្លឹមសារសំខាន់ៗ នៃអនុក្រឹត្យ និងប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការអនុវត្តអត្រាពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាម៉េរិក រួមមាន៖

  • ទំនិញដែលអាចទទួលបានអត្រាពន្ធគយ ០% នេះ គឺជាទំនិញផលិតនៅសហរដ្ឋអាម៉េរិក ហើយត្រូវបាននាំចូលមកព្រះរាជាណាចក្រកម្ពុជា ពីសហរដ្ឋអាម៉េរិក។ ទោះជាយ៉ាងណាក៏ដោយ ទំនិញប្រើរួច ពុំស្ថិតក្នុងវិសាលភាពនៃការអនុវត្តអត្រាពន្ធគយ ០% នេះឡើយ ហើយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានឹងកំណត់និយមន័យសម្រាប់ទំនិញប្រើរួច
  • យានយន្តផលិតនៅសហរដ្ឋអាម៉េរិកនិងនាំចូលពីសហរដ្ឋអាម៉េរិក ដែលអាចទទួលបាននូវអត្រាពន្ធគយ ០% គឺសំដៅលើយានយន្តដែលប្រើប្រាស់មិនលើសពី ៥ ០០០ គីឡូម៉ែត្រ និងមានឆ្នាំម៉ូដែលមិនលើសពី ១ឆ្នាំ មុនឆ្នាំចរន្ត
  • ទំនិញដែលអាចទទួលបានអត្រាពន្ធគយ ០% នេះ ជាទំនិញនាំចូលមកព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ទុកចូលក្នុងមធ្យោបាយដឹកជញ្ជូននៅសហរដ្ឋអាម៉េរិក ចាប់ពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ តទៅ
  • ការអនុវត្តអត្រាពន្ធគយ ០% នេះពុំតម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់ដើមកំណើតពីសហរដ្ឋអាម៉េរិកឡើយ ដោយគ្រាន់តែតម្រូវឱ្យអ្នកនាំចូលធ្វើការប្រកាសដើមកំណើតទំនិញតាមទម្រង់ និងនីតិវិធីដែលកំណត់ដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
  • ‌‌អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានឹងផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពីនីតិវិធីលម្អិតដើម្បីអនុវត្តតាមខ្លឹមសារអនុក្រឹត្យ និងប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដូចខាងលើ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
×