Thursday, August 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចពិភាក្សាស្តីពីការពង្រឹងប្រព័ន្ធឧស្សាហកម្មផលិតកម្មក្នុងប្រទេសកម្ពុជា “តួនាទីនៃការប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្តិ និងបច្ចេកវិទ្យាជំនាន់ថ្មីក្នុងខ្សែច្រវាក់ផលិតកម្ម”

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១៤កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអញ្ជើញចូលរួមធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាស្តីពីការពង្រឹងប្រព័ន្ធឧស្សាហកម្មផលិតម្មក្នុងប្រទេសកម្ពុជា “តួនាទីនៃការប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្តិ និងបច្ចេកវិទ្យាជំនាន់ថ្មីក្នុងខ្សែច្រវាក់ផលិតកម្ម” នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានការចូលរួមពីតំណាងសម្ព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា, តំណាងសមាគមបច្ចេកវិទ្យាឌីជីថលកម្ពុជា, តំណាងក្រុមហ៊ុន RMA Group និងតំណាងក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd.។ កិច្ចពិភាក្សានេះត្រូវបានសម្របសម្រួលរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ហើយក៏ជាកម្មវិធីមួយក្នុងព្រឹត្តិការណ៍ពិព័រណ៍ “ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ” និងព្រឹត្តិការណ៍ពិព័រណ៍ “សម្លៀកបំពាក់ និងវាយភ័ណ្ឌកម្ពុជាអន្តរជាតិ” លើកទី៩ ដែលត្រូវបានរៀបចំចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥។

ឆ្លើយនឹងសំនួរពីអ្នកសម្របសម្រួល និងអ្នកចូលរួម ឯកឧត្តមអគ្គលេខាធិការរងបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការសម្រួលដល់ធុរកិច្ចដែលរងផលប៉ះពាល់ពីភាពរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គត់ដែលបណ្តាលមកពីការបិទច្រកព្រំដែនកម្ពុជា-ថៃ, កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជំរុញលើកទឹកចិត្តឱ្យមានការវិនិយោគផលិតវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេចនៅក្នុងស្រុកដើម្បីធានាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងវិធានការជំរុញលើកទឹកចិត្តឱ្យប្រើប្រាស់ធាតុផ្សំក្នុងស្រុកឱ្យបានច្រើនជាអតិបរិមា។ ទន្ទឹមនេះ ឯកឧត្តមអគ្គលេខាធិការរងក៏បានគូសបញ្ជាក់ថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា ព្រោះថាជាវេទិកាមួយស្ថិតក្រោមការដឹកនាំដោយផ្ទាល់របស់នាយករដ្ឋមន្ត្រី ដើម្បីពិនិត្យនិងដោះស្រាយបញ្ហាប្រឈមនិងកង្វល់ពាក់ព័ន្ធនឹងការវិនិយោគឯកជន ក៏ដូចជាការគិតគូរសម្របសម្រួលបន្ថែមសម្រាប់វិស័យមួយចំនួនក្នុងការកាត់បន្ថយថ្លែដើមធុរកិច្ច សំដៅលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ច។ ក្នុងនីតិកាលទី៧នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ចឱ្យសម្របសម្រួលរៀបចំរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងឱកាសវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ហើយគោរពរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល រៀងរាល់ ៦ខែម្តង។

ឯកឧត្តមអគ្គលេខាធិការរងបានគូសរំលេចពីវិធានការណ៍មួយចំនួនរបស់រាជរដ្ឋាភិបាលក្នុងការកែលម្អបរិយាកាសវិនិយោគដែលអាចធ្វើឱ្យកម្ពុជាក្លាយមជ្ឈមណ្ឌលផលិតកម្មដែលមានភាពប្រកួតប្រជែង ដូចជាការកាត់បន្ថយថ្លៃអគ្គិសនី និងថ្លៃភស្តុភារកម្ម, ការអភិវឌ្ឍធនធានមនុស្ស, ការសម្រួលនីតិវិធីរដ្ឋបាល, ការជំរុញការធ្វើពិពិធកម្មឧស្សាហកម្ម, ការទាក់ទាញកន្សោមឧស្សាហកម្មពីដើមទីដល់ចុងទី។ល។រក្សាសិទ្ធដោយ៖សុទ្ធលី

×