ខេត្តក្រចេះ : នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលើស្ថានភាពផ្ទៃដីស្រែប៉ះពាល់ដោយសារទឹកជំនន់ និងបញ្ហាថ្លៃស្រូវ នៅក្នុងស្រុកមួយចំនួន នៃខេត្តក្រចេះ។
កិច្ចប្រជុំដែលរៀបចំធ្វើនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះនេះ មានការចូលរួមពី លោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ លោក សំ សំអាង ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងលោក ជូ ចាន់សត្យា អនុប្រធានការិយាល័យកសិឧស្សាហកម្ម ព្រមទាំងមន្រ្តីកសិកម្មឃុំ ទូទាំងខេត្តក្រចេះ សរុបចំនួន ៥០នាក់។
បើតាមរបាយការណ៍គិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ទឹកជំនន់ប៉ះពាល់ដល់ក្រុង-ស្រុកចំនួន៦ នៃខេត្តក្រចេះ ជាអាថិ៍ ក្រុងក្រចេះ ស្រុកចិត្របុរី ស្រុកព្រែកប្រសព្វ ស្រុកសំបូរ ស្រុកអូរគ្រៀងសែនជ័យ និងស្រុកឆ្លូង ដោយក្នុងនោះ៖ ដំណាំស្រូវប៉ះពាល់ចំនួន ៣ ៣៤០ហិកតា ខូចខាតសរុបចំនួន ២ ៣៥០ហិកតា, ដំណាំទ្រងទ្រង់សេដ្ឋកិច្ច (ពោត ដំឡូងមី ល្ង បន្លែគ្រប់ប្រភេទ សណ្ដែកដី ស្វាយចន្ទី) ប៉ះពាល់ចំនួន ១ ៣១២ហិកតា ខូចខាតចំនួន ១០០១ហិកតា។
លោកជំទាវអនុរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងមន្ដ្រីកសិកម្មឃុំ សហការជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បន្តចុះពិនិត្យផ្ទៃដីដែលមានលទ្ធភាពស្តារឡើងវិញ និងរៀបចំផែនការឱ្យបានច្បាស់លាស់អំពីសំណើសុំគ្រាប់ពូជជូនដល់ប្រជាកសិករ នៅតំបន់ដែលរងផលប៉ះពាល់។
លោកជំទាវបន្តលើកទឹកចិត្តដល់មន្រ្តីកសិកម្មឃុំ ជួយដល់ប្រជាកសិករឲ្យអស់ពីកម្លាំងកាយចិត្ត និងស្នើដល់អ៊ំពូមីងកសិករ ពិចារណាដាំស្រូវដែលជាពូជយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដូចជា៖ ផ្ការំដួល សែនក្រអូប០១ ស្រង៉ែថ្មី និងពូជចំប៉ីស៧០ជាដើម។ បន្ថែមពីលើនេះ ការធ្វើកសិកម្មតាមកិច្ចសន្យានិងការរៀបចំចងក្រងសហគមកសិកម្មទំនើប ក៏ជាការងារសំខាន់ដែលមន្ដ្រីកសិកម្មឃុំត្រូវរួមចំណែកពន្យល់ដល់ប្រជាកសិករផងដែរ ស្របតាមយុទ្ធសាស្ត្ររបស់ក្រសួងគឺធ្វើយ៉ាងណាឱ្យកសិករ «មានហូប មានបាន មានប្រើ និងមានរហូត»៕រក្សាសិទ្ធដោយ: សុទ្ធលី





